ជាតិ
២៥ខេត្ត/រាជធានី
ក្រសួងសុខាភិបាលបដិសេធករណីជនជាតិវៀតណាមម្នាក់ដែលឆ្លងកូវីដ-១៩ ចេញពីកម្ពុជា
18, May 2020 , 9:15 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន បដិសេធទាំងស្រុងចំពោះសារព័ត៌មានវៀតណាម Vietnam News ដែលបានចុះផ្សាយកាលពីថ្ងៃទី១៦ ខែ ឧសភា ថា មានបុរសជនជាតិវៀតណាមម្នាក់ដែលបានចាកចេញពីកម្ពុជាមានផ្ទុកជំងឺកូវីដ-១៩ ។ ក្រសួងសុខាភិបាលចេញមុខបដិសេធនេះ ដោយអះអាងថា គ្មានវត្តមានជនជាតិវៀតណាមនោះធ្លាប់រស់នៅប្រទេសកម្ពុជាឡើយ។



ទាក់ទងនឹងករណីដែលសារព័ត៌មានវៀតណាម Vietnam News បានផ្សព្វផ្សាយថា មានករណីជនជាតិខ្លួនដែលធ្លាប់រស់នៅខេត្តសៀមរាប ហើយត្រូវបានរកឃើញថាមានវិជ្ជមានឆ្លងកូវីដ-១៩ ពេលទៅដល់ប្រទេសវៀតណាមវិញនោះ ក្រសួងសុខាភិបាល, នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ក្រុមការងារចត្តាឡីស័កនៃមន្ទីរសុខាភិបាល និងអាជ្ញាធរខេត្តសៀមរាប បានចុះស្រាវជ្រាវយកចិត្តទុកដាក់ ដោយពុំមានអត្តសញ្ញាណ នៃជនជាតិវៀតណាមដូច ដែលសារព័ត៌មានវៀតណាមបានផ្សាយឡើយ។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា តាមរយៈប្រព័ន្ធរាយការណ៍ទៅវិញទៅមក (EOC)នៃជំងឺឆ្លងថ្មីក្នុងបណ្តាប្រទេសអាស៊ាន ក្រុមការងាររបស់ក្រសួងសុខាភិបាល ពុំឃើញមានព័ត៌មានផ្លូវការណាមួយ ដូចការចុះផ្សាយនេះឡើយ។ ហើយក្រសួងបានសន្មត់ថា ករណីបុគ្គលជនជាតិវៀតណាមរូបនោះដែលឆ្លងកូវីដ-១៩ គឺឆ្លងនៅលើទឹកដីខ្លួន។

ក្រសួងសុខាភិបាល បានស្នើឲ្យភាគីវៀតណាម គោរពទៅតាមបទដ្ឋានបច្ចេកទេស និងគោលការណ៍និយ័តកម្ពុជាអន្តរជាតិ លើជនករណីឆ្លងជំងឺ មុននឹងចុះផ្សាយព័ត៌មាន។ ក្រសួងសុខាភិបាលចាត់ទុកថា អំពើនេះប៉ះពាល់ធ្ងន់ធ្ងរដល់កម្ពុជាដែលកំពុងខិតខំទប់ស្កាត់ជំងឺកូវីដ-១៩៕


© រក្សាសិទ្ធិដោយ thmeythmey.com