ពីនេះ ពីនោះ
សុខភាព
ប្រយ័ត្ន​! ទម្លាប់​ពេល​ងូតទឹក​អ្វីខ្លះ​ដែល​អ្នក​ចាំបាច់​ត្រូវ​បញ្ឈប់​?
19, May 2020 , 8:59 pm        
រូបភាព
​ភាគច្រើន​នៃ​ពួកយើង​គិតថា​ឱ្យតែបាន​ងូតទឹក​ស្អាត​ដុស​សាប៊ូ​ពេញ​ខ្លួន គឺ​ត្រឹមត្រូវ​ប្រសើរ​ចំពោះ​សុខភាព​និង​រាងកាយ​។​ប៉ុន្តែ​មិន​ដូច្នោះ​ឡើយ​! ក៏​ព្រោះ​នៅមាន​ទម្លាប់​មួយចំនួន​អាច​បង្ក​គ្រោះថ្នាក់​ចំពោះ​ស្បែក​និង​សក់​គួរឱ្យ​បារម្ភ​។ ថា​តើ​ទម្លាប់​ទាំងនោះ​មាន​អ្វី​ខ្លះទៅ​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​ទម្លាប់​ពេល​ងូតទឹក​ដែល​អ្នក​គួរ​បញ្ឈប់ ៖

 
១. មិន​លាង​សម្អាត​ជើង​
 
​មនុស្ស​មួយចំនួន​មិនបាន​ដុស​សម្អាត​ជើង​របស់​ពួកគេ​ឡើយ នៅ​ខណៈពេល​ងូតទឹក ដោយ​គិតថា​សាប៊ូ​និង​ទឹក​ដែល​ហូរ​ចុះក្រោម​សម្អាត​ដល់​ជើង​។ ប៉ុន្តែ​វា​មិន​ពិត​ឡើយ ប្រសិនបើ​អ្នក​មិន​ដុស​សម្អាត​ប្រអប់ជើង​បាន​ត្រឹមត្រូវ​ទេនោះ អ្នក​អាច​នឹង​ឆ្លង​រោគ​ផ្សិត​លើ​ក្រចកជើង​ជាក់​ជាមិនខាន​។​
 
២. ងូតទឹក​ក្ដៅ​ខ្លាំង​
 
​ទោះបី​ជាការ​ងូតទឹក​ក្ដៅ​ជួយ​ឱ្យ​អ្នកមាន​អារម្មណ៍​ធូរស្រាល​ស្រួលខ្លួន ប៉ុន្តែ​វា​អាច​កម្ចាត់​នូវ​បាក់តេរី​ល្អៗ​ចេញពី​ស្បែ​កបាន​យ៉ាង​ងាយ​ប្រសិនបើ​អ្នក​ងូតទឹក​ក្ដៅ​ខ្លាំង​និង​ជាពិសេស​ចំណាយពេល​ងូតទឹក​យូរៗ​។ នេះ​ក៏​ព្រោះតែ​វា​បំផ្លាញ​ស្រទាប់​ការពារ​នៃ​ស្បែក​បណ្ដាលឱ្យ​ស្បែក​ងាយ​នឹង​ស្ងួត​រលាក​។​
 
៣. ទុក​ស្បៃ​ដុស​ខ្លួន​ចោល​ក្នុង​បន្ទប់ទឹក​
 
​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ដឹង​ហើយ​បាក់តេរី​ចូលចិត្ត​លូតលាស់​ក្នុង​អ្វី​ដែលមាន​សំណើម ឬ​សើមៗ​។ នេះហើយ​ជា​មូលហេតុ​ដែល​អ្នក​មិនគួរ​ទុក​ស្បៃ​ដុស​ខ្លួន​ចោល​ក្នុង​បន្ទប់ទឹក​ក្រោយពេល​ប្រើ​រួច​។​
 
៤. ខាត់​ស្បែក​គ្រប់ពេល​
 
​ទោះបី​ការ​ខាត់​ស្បែក​ជួយ​កម្ចាត់​កោសិកា​ស្បែក​ងាប់ៗ​មិនឱ្យ​ស្ទះ​រន្ធ​ញើស ប៉ុន្តែ​ការធ្វើ​បែបនេះ​រាល់ពេល​ងូតទឹក គឺ​មិនល្អ​ឡើយ​! ក៏​ព្រោះ​វា​អាច​បង្ក​ការបំផ្លាញ​លើ​ស្រទាប់​ស្បែក​សុខភាព​ល្អ​។ ចូរ​ខាត់​ស្បែក​តែម្ដង ឬ ២​ដង​ក្នុង​មួយ​សប្តាហ៍​បាន​ហើយ​។​
 
៥. កក់សក់​ជា​រៀងរាល់ថ្ងៃ​
 
​ចំពោះ​អ្នក​ដែលមាន​សក់​ស្ដើង​មិន​រឹងមាំ​គួរ​ជៀសវាង​ការ​កក់សក់​រៀងរាល់ថ្ងៃ​។ រយៈពេល​ដ៏​ល្អ​បំផុត​ដើម្បី​កក់សក់ គឺ ២​ដង ឬ ៣​ដង​ក្នុង​មួយ​សប្តាហ៍ ដូច្នេះ​ទើប​សំណើម​ក្នុង​សក់​នៅតែមាន​តុល្យភាព​។ ការ​កក់សក់​រាល់ថ្ងៃ​អាច​កម្ចាត់​នូវ​ជាតិ​ប្រេង​ធម្មជាត​ដែល​ការពារ​សក់ ព្រមទាំង​ស្បែកក្បាល​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com