COVID-19
អន្តរជាតិ
លោក ស៊ី គាំទ្រ WHO ស៊ើប​រឿង COVID-19 ខណៈ​លោក ត្រាំ ហៅ WHO ជា​អាយ៉ង​ចិន​
19, May 2020 , 10:13 am        
រូបភាព
ដោយ:
ចិន ប្រកាស​គាំទ្រ​ការស៊ើបអង្កេត​ម៉ឺងម៉ាត់​ជុំវិញ​ការឆ្លើយតប​សកល​ប្រឆាំង​ជំងឺ COVID-19 ដឹកនាំ​ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO) ក្រោយ​កូ​រ៉ូ​ណាវី​រុស​ដែល​បង្ក​ជំងឺ​នេះ ត្រូវ​គ្រប់គ្រង​ដោយ​ជោគជ័យ​។ ប្រធានាធិបតី​ចិន​បញ្ជាក់​បែបនេះ​នៅ​ថ្ងៃទី​១៨ ខែឧសភា ដោយ​សន្យា​ផ្ដល់ជំនួយ​២​ពាន់​លាន​ដុល្លារ​ជួយ​ប្រទេស​កំពុង​អភិវឌ្ឍ​ដោះស្រាយ​COVID-19​។ ប៉ុន្តែ ប្រធានាធិបតី​អាមេរិក​បាន​ហៅ WHO ពេញៗ​មាត់​ថា​ជា​អាយ៉ង​ចិន ហើយ​ពិចារណា​បន្ថយ ឬ​ផ្ដាច់​ការគាំទ្រ​លើ​ស្ថាប័ន​អន្តរជាតិ​នេះ​តែម្ដង​។​

 
​កន្លងទៅ ក្រុង​ប៉េកាំង​ប្រឆាំង​ដាច់ខាត​ចំពោះ​សំណើ​ពី​សំណាក់​សហរដ្ឋអាមេរិក និង​អូស្ត្រាលី​ឲ្យ​រៀបចំ​ការស៊ើបអង្កេត ក៏ប៉ុន្តែ​ពេលនេះ​លោក​ប្រធានាធិបតី ស៊ី ជិន​ភីង បានបង្ហាញ​ជំហរ​គាំទ្រ​ការស៊ើបអង្កេត​ដែល​ត្រូវ​រៀបចំឡើង​ដោយ​មិន​លម្អៀង​។ 
 
​ក្នុង​សុន្ទរកថា​បើក​មហាសន្និបាត​សុខាភិបាល​ពិភពលោក តាមរយៈ​ប្រព័ន្ធ​វីដ​អូ លោក ស៊ី ជិន​ភីង បញ្ជាក់​ដូច្នេះ​ថា​៖«​ចិន​គាំទ្រ​ចំពោះ​ការវាយតម្លៃ​គ្រប់​ជ្រុងជ្រោយ​លើ​ការឆ្លើយតប​សកល​ប្រឆាំង​COVID-19 ក្រោយ​ជំងឺ​រាតត្បាត​សកល​នេះ​ត្រូវ​គ្រប់គ្រង​ដោយ​ជោគជ័យ​។ [​នោះ​គឺ​] មាន​គោលដៅ​សង្ខេប​យក​បទពិសោធ និង​កង្វះខាត​ថ្នាំសង្កូវ​»​។ 
 
​យ៉ាងណាមិញ លោក​ប្រធានាធិបតី​សង្កត់ធ្ងន់​ទៀតថា កិច្ចការ​នេះ ត្រូវ​រៀបចំឡើង​ក្នុង​ឥរិយាបថ​ប្រកបដោយ​វិជ្ជាជីវៈ​និង​តាមបែប​វិទ្យាសាស្ត្រ ហើយ​ត្រូវ​ដឹកនាំ​ដោយ WHO ហើយ​ម្យ៉ាងទៀត គោលការណ៍​យុត្តិធម៌​និង​ផ្អែកលើ​ការពិត​ជាក់ស្តែង ត្រូវ​ប្រកាន់ខ្ជាប់​ជានិច្ច​។ 
 
​ការលើកឡើង​របស់​ប្រមុខ​ដឹកនាំ​កំពូល​ចិន​រូបនេះ ធ្វើឡើង​ខណៈ​សេចក្តីសម្រេច​មួយ​ដែល​ជំរុញ​អូស្ត្រាលី​និង​សហភាព​អឺរ៉ុប​ដោយ​ស្នើ​ឲ្យ​មានការ​ស៊ើបអង្កេត​លើ​ប្រភព​និង​ការផ្ទុះ​រាលដាល COVID-19  ទទួល​ការគាំទ្រ​ពី​សំណាក់​សហគមន៍​អន្តរជាតិ​។ គិត​ត្រឹម​ថ្ងៃទី​១៩ ខែឧសភា ជំងឺ COVID-19 សម្លាប់​មនុស្ស​សរុប​៣២​ម៉ឺន​នាក់​នៅ​ទូទាំង​ពិភពលោក និង​ចម្លង​មនុស្ស​ជិត​៥​លាន​នាក់​។​
 
​ក្នុង​សុន្ទរកថា​ដដែល លោក​ប្រធានាធិបតី ស៊ី បន្ត​និយាយ​ការពារ​សកម្មភាព​រប​ស់​ក្រុង​ប៉េកាំង​នៅពេល​ជំងឺ COVID-19 ចាប់​ផ្ទុះឡើង​ដំបូង​ក្នុង​ក្រុង​វូ​ហាន ភាគ​កណ្ដាល​ប្រទេស​នេះ​។ ត្រង់នេះ លោក​អះអាងថា ចិន​មាន​តម្លាភាព និង​បើកចំហ ហើយ​ចាត់វិធានការ​លឿន​រហ័ស​ដើម្បី​ចែករំលែក​ព័ត៌មាន​អំពី​ជំងឺ​នេះ​។ ទន្ទឹមនេះ លោក ស៊ី ក៏បាន​សន្យា​ផ្ដល់​ការគាំទ្រ​ហិរញ្ញវត្ថុ​២​ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​២​ឆ្នាំ​ទៅមុខ ក្នុង​គោលដៅ​ជួយ​ដោះស្រាយ COVID-19 ជាពិសេស​ជួយ​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ​។ 
 
​ពី​សេត​វិមាន​អាមេរិក​ឯណោះ​វិញ នៅ​ថ្ងៃទី​១៨ ខែឧសភា ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បន្ត​វាយប្រហារ​លើ​អង្គការ​សុខភាព​ពិភពលោក (WHO)​។ លោក បាន​ហៅ​ស្ថាប័ន​ទទួលបន្ទុក​ផ្នែក​សុខាភិបាល​របស់​អង្គការសហប្រជាជាតិ​នេះ​ថា​ជា​អាយ៉ង​របស់​ចិន ហើយ​បញ្ជាក់ថា លោក​កំពុង​ពិចារណា​កាត់បន្ថយ​ឬ​ផ្ដាច់ការ​គាំទ្រ​របស់​អាមេរិក​។ 
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ប្រធានាធិបតី​រូបនេះ អះអាងថា សហរដ្ឋអាមេរិក​បង់​វិភាគទាន ៤៥០​លាន​ដុល្លារ​រាល់​ឆ្នាំ​ជូន​ដល់ WHO ដែល​ច្រើនជាង​ប្រទេស​ណាៗ​ទាំងអស់ ក៏ប៉ុន្តែ WHO បែរជា​ផ្ដល់​តែ​យោបល់​អាក្រក់ៗ​ច្រើន​ឲ្យ​សហរដ្ឋអាមេរិក​ទៅវិញ​។ លោក​បន្តថា ចិន​បង់​ឲ្យ​តែ​៤០​លាន​ដុល្លារ​ប៉ុណ្ណោះ​ប្រចាំឆ្នាំ​។ 
 
​ទុក​រឿង​ប្រតិកម្ម​លោក​ត្រាំ​មួយអន្លើ ប្រធានាធិបតី​ចិន  ក្នុង​មហាសន្និបាត​សុខាភិបាល​ពិភពលោក​ដដែល បានប្រកាសថា រដ្ឋាភិបាល​ចិន នឹង​សម្រេច​ដាក់​វ៉ាក់សាំង COVID-19 ដែល​ខ្លួន​អភិវឌ្ឍ ទៅជា​សម្បត្តិ​សាធារណៈ​សកល កាលណា​វ៉ាក់សាំង​នេះ​ត្រូវដាក់​ឲ្យ​ប្រើប្រាស់​ជា​ស្ថាពរ​។ បច្ចុប្បន្ន ចិន​មាន​វ៉ាក់សាំង​៥​ផ្សេងគ្នា ដែល​កំពុង​ធ្វើតេស្ត​សាកល្បង​ក្នុង​មន្ទីរពិសោធន៍​។ អ្នកជំនាញ​ជាច្រើន អះអាងថា គេ​ត្រូវការ​យ៉ាងតិចណាស់​១២ ទៅ ១៨​ខែ ដើម្បី​អភិវឌ្ឍ​វ៉ាក់សាំង​ដែលមាន​ប្រសិទ្ធភាព ឬក៏​យូរ​ជាង​នេះ​ផង​៕ 
 
 
 

Tag:
 ចិន​
  ស៊ី ជិន​ភីង​
  COVID-19
  WHO
© រក្សាសិទ្ធិដោយ thmeythmey.com