ជាតិ
សង្គមជាតិ
​​​ន​យោ​បាយ​ជាតិ​
សង្គម​ស៊ីវិល​១៣២​ស្ថាប័ន ស្នើ​ឲ្យ​ដោះលែង​អ្នកកាសែត និង​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​
19, May 2020 , 12:40 pm        
រូបភាព
​លោក សុខ ឧ​ត្ត​ម និង លោក សុវណ្ណ រិទ្ធី
​លោក សុខ ឧ​ត្ត​ម និង លោក សុវណ្ណ រិទ្ធី
ដោយ: ថ្មីៗ
​អង្គការ​-​សង្គម​ស៊ីវិល​១៣២​ស្ថាប័ន​នៅ​កម្ពុជា រួមគ្នា​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល ទម្លាក់ចោល​ការចោទប្រកាន់​ចេញពី​អ្នកសារព័ត៌មាន​ពីររូប ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ គឺ​លោក សុខ ឧ​ត្ត​ម និង លោក សុវណ្ណ រិទ្ធី រួមទាំង​សុំ​ឲ្យ​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​លើ​អ្នកសារព័ត៌មាន​ផ្សេងទៀត ដែល​មិន​ស្ថិត​ក្នុងការ​ឃុំឃាំង​។




​តាមរយៈ​សេចក្តីថ្លែងការណ៍​រួម ដែល​ចេញ​នៅ​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២០ ក្រុម​អង្គការ​-​សង្គម​ស៊ីវិល បង្ហាញ​ក្តីសង្ឃឹម​យ៉ាង​មុតមាំ​ថា រដ្ឋាភិបាល នឹង​ប្រគល់​អាជ្ញា​បណ្ណ ដែល​ត្រូវបាន​ដកហូត​កន្លងមក ដល់​ម្ចាស់​ស្ថាប័ន​សារព័ត៌មាន​ទាំងអស់នោះ​វិញ ដើម្បី​បាន​ដំណើរការ​ឡើងវិញ ។​
 
​បើ​យល់ថា អ្នកកាសែត មិនបាន​ប្រព្រឹត្ត​កំហុស អង្គការ​-​សង្គម​ស៊ីវិល អាចជួយ​ពួកគេ​បាន តាមរយៈ​ការផ្តល់​មេធាវី​ឬ​ការស្វែងរក​ភ​ស្ត​តាង ហើយ​យកទៅ​តាំងនៅ​តុលាការ មិនមែន​ស្នើសុំ​ឲ្យ​ដោះលែង​នោះទេ​។ នេះ​ជាការ​ឆ្លើយតប​របស់លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ទៅកាន់​អង្គការ​-​សង្គម​ស៊ីវិល​។  
 
​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ នា​ព្រឹក​ថ្ងៃទី​១៩ ខែឧសភា អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ មានប្រសាសន៍ថា​៖«​ពួកគាត់ ធ្វើ​អ៊ីចឹង ដូចជា​លើកទឹកចិត្ត​ឲ្យ​អ្នក​សែត​ប្រព្រឹត្ត​បទល្មើស​»​។ 
 
​លោក ប្រាប់​ទៅ អង្គការ​-​សង្គម​ស៊ីវិល​ថា មិនគួរ​បារម្ភ​ចំពោះ​អ្នកកាសែត​ឡើយ ពីព្រោះថា បើ​ធ្វើការ​ប្រកបដោយ​សីលធម៌  និង​វិជ្ជាជីវៈ ពួកគេ នឹងមិន​រង​ការចោទប្រកាន់​ឡើយ តែបើ​ធ្វើ​អ្វី​ខុសច្បាប់ ពួកគេ នឹងត្រូវ​ទទួលទោស​ដូច​ប្រជាពលរដ្ឋ​ដែរ​។ 
 
​អង្គការ​-​សង្គម​ស៊ីវិល រម្លឹក​ពី​សាវតា​ថា លោក សុវណ្ណ រិទ្ធី លោក សុវណ្ណ រិទ្ធី ចាងហ្វាង​TVFB ត្រូវ​ចាប់ខ្លួន កាលពី​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០២០ ក្រោម​បទល្មើស​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស​ជាអាទិ៍ ក្រោយពី​លោក​បាន​ស្រង់​សម្ដី​ផ្ទាល់​របស់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន យកទៅ​ចុះផ្សាយ​។ 
 
​អង្គការ​-​សង្គម​ស៊ីវិល រម្លឹក​ប្រសាសន៍​របស់​សម្ដេចនាយក​រដ្ឋមន្ត្រី​ថា រដ្ឋាភិបាល មិនមាន​ថវិកា​គ្រប់គ្រាន់​ក្នុងការ​គាំទ្រ​កម្មករ​ក្រៅ​ប្រព័ន្ធ ដូចជា អ្នករត់ម៉ូតូឌុប អំឡុងពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​កើតឡើង​ដោយសារ​ជំងឺ​វីដ​១៩​ឡើយ ហើយ​បាន​ណែនាំ​ឲ្យ​អ្នករត់​ឌុប​ឬ​តាក់ស៊ី​ដែល​ក្ស័យធន លក់​យានជំនិះ​របស់​ពួកគាត់ ដើម្បី​យកប្រាក់​ជួយ​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​បន្តទៀត​។​
 
​ពេលនោះ លោក សុវណ្ណ រិទ្ធី បាន​ស្រង់​សម្តី​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ទៅ​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​កថា​៖«​បើ​អ្នករត់ម៉ូតូឌុប​ក្ស័យធន លក់​ម៉ូតូ​ចាយ​សិន​ទៅ រដ្ឋាភិបាល​គ្មាន​លទ្ធភាព​ជួយ​នោះទេ​»​។​
 
​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​លោក ឆាយ គឹម​ឃឿន បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​នាពេល​កន្លងមក​ថា សំណេរ​របស់លោក សុវណ្ណ រិទ្ធី ជាការ​បំប៉ោង និង​បំពុលសង្គម ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​យល់ច្រឡំ​លើ​សម្ដេចនាយក​រដ្ឋមន្ត្រី​។ លោក ចាត់ទុក​សំណេរ​របស់​ចាងហ្វាង TVFB ថា​ជា​ចេតនា​បង្កើត​ឲ្យ​មាន​ចលាចល​ក្នុងសង្គម​។ 
 
​អ្នកនាំពាក្យ​នគរបាលជាតិ​រូបនេះ បញ្ជាក់ថា​ដូច្នេះ​ថា​៖«​សម្ដេច ហ៊ុន សែន គាត់​បានចេញ​វិធានការ​ដោះស្រាយ​បញ្ហា​ពលរដ្ឋ ដែល​ជួប​បញ្ហា​ប្រឈម​នឹង​ជំងឺ​កូ​វីដ​១៩​ហើយ ហើយ​គ្រាន់តែ​សម្ដេច​និយាយ​លេង​មួយ​ម៉ាត់​-​ពីរ​ម៉ាត់​សោះ បែរជា​យកមក​ចុះផ្សាយ​។ សម្ដេច​គាត់​គ្មាន​ចេតនា​ដូច​ការចុះផ្សាយ​ឯណា ព្រោះ​គាត់​បានចេញ​វិធានការ​ច្រើន​មកហើយ​»​។ 
 
​ក្រោយ​ចាប់ខ្លួន ក្រសួង​ព័ត៌មាន ក៏​លុប​អាជ្ញា​បណ្ណ TVFB របស់លោក សុវណ្ណ រិទ្ធី ក្រោម​ហេតុផល​ថា បាន​ផ្សព្វផ្សាយ​ញុះញង់​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ សណ្ដាប់ធ្នាប់ និង សុវត្ថិភាព​សង្គម​។ 
 
​ចំណែក លោក សុខ ឧ​ត្ត​ម ម្ចាស់​ស្ថានីយ​វិទ្យា FM99.75MHz នៅ​ខេត្ត​កំពង់​ឆ្នាំ និង​ជា​ម្ចាស់​គេហទំព័រ រិ​ទ្ធិ​សែន ត្រូវ​ចាប់ខ្លួន កាលពី​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០២០ ដោយ​ត្រូវ​ចោទ​ពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​។ នេះ​ការ​បើតាម​ការអះអាងរ​បស់​សង្គម​-​ស៊ីវិល​ដដែល ដោយ​រម្លឹកថា ជា​ញឹកញាប់ លោក ឧ​ត្ត​ម បាន​រាយការណ៍​ពី​ជម្លោះដីធ្លី ដែល​បានអូសបន្លាយ​ពេល​ជា​យូរ​មកហើយ​រវាង​សហគមន៍​កសិករ​មូល​ដ្ឋា​ន និង​មន្ត្រី​ថ្នាក់ស្រុក​។ 
 
​វី​អូ​អេ ផ្សាយ​ថា លោក សុខ ឧ​ត្ត​ម ត្រូវបាន​ឃាត់ខ្លួន ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ពី​ការរាយការណ៍​បែប​ញុះញង់ ឲ្យ​ប្រជាពលរដ្ឋ​កាន់កាប់​ដី​រដ្ឋ​។​
 
​ស្ថានីយ​វិទ្យា FM99.75MHz និង​គេហទំព័រ រិ​ទ្ធិ​សែន របស់លោក សុខ ឧ​ត្ត​ម ក៏ត្រូវ​លុប​អាជ្ញា​បណ្ណ​ដែរ​។ 
 
​អង្គការ​-​សង្គម​ស៊ីវិល សរសេរ​ក្នុង​សេចក្តីថ្លែងការណ៍​ថា​៖«​ការចាប់ខ្លួន និង​ការចោទប្រកាន់ អ្នកសារព័ត៌មាន​ណា​ម្នាក់ ដោយសារ​ការ​ស្រង់​សម្ដី​ផ្ទាល់​ជា​សាធារណៈ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​អំពី​វិបត្តិ​នៃ​ការរីក​រាលដាល​វីរុស​កូ​វីដ​១៩ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​យល់ថា រាជរដ្ឋាភិបាល​កំពុង​តែ​ផ្ញើ​សារ​យ៉ាងច្បាស់​ថា រាល់​ការពិភាក្សា​អំពី​ការឆ្លើយតប​របស់​រាជ​រដ្ឋាភិបាល​ចំពោះ​ការផ្ទុះ​ឡើង​បញ្ហា​មួយ​នេះ អាច​ប្រឈម ឬ​នឹង​ត្រូវបាន​ដាក់ទោស​ឲ្យ​ជាប់ពន្ធនាគារ ដែលជា​ការរំលោភ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​»​។​
 
​បើតាម​អង្គការ​-​សង្គម​ស៊ីវិល នៅ​ដើមឆ្នាំ​២០២០ យ៉ាងតិចណាស់​មាន​អ្នកសារព័ត៌មាន​ជាង​១០​នាក់ ដែល​ត្រូវបាន​កោះហៅ និង​សាកសួរ ដោយសារ​ការរាយការណ៍​ព័ត៌មាន​របស់​ពួកគាត់​។ អង្គការ​-​សង្គម​ស៊ីវិល សង្កត់​ថា​៖«​ការបន្ត​ចាប់ខ្លួន ឃុំខ្លួន និង​ការ​ធ្វើទុក្ខបុកម្នេញ​ផ្លូវច្បាប់ ចំពោះ​អ្នកសារព័ត៌មាន ដែល​ហ៊ាន​ផ្សាយ​ព័ត៌មាន​រិះគន់ គឺជា​ការរំលោភ​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​សិទ្ធិ​ទទួលបាន​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ​កម្ពុជា​»​។​
 
​អង្គការ​-​សង្គម​ស៊ីវិល សម្ដែង​ការខកចិត្ត​ជាខ្លាំង ចំពោះ​ការចាប់ខ្លួន​ដោយ​មិន​ត្រឹមត្រូវ និង​ការធ្វើ​ទុក្ខ​បុ​ក្ខ​ម្នេញ ទៅលើ​អ្នកសារព័ត៌មាន​នៅ​កម្ពុជា ជុំវិញ​ការផ្សាយ​ព័ត៌មាន​របស់​ពួកគាត់ ។ អង្គការ​-​សង្គម​ស៊ីវិល យល់ថា ដោយ​ប្រឈម​នឹង​វិបត្តិ​សុខភាព​សាធារណៈ​មិន​ធ្លាប់​កើតមាន​ពីមុនមក វា ជា​ពេល​សំខាន់បំផុត ដែល​រាជរដ្ឋាភិបាល​អាច​ធានា​សិទ្ធិសេរីភាព​សារព័ត៌មាន និង​សេរីភាព​ក្នុងការ​បញ្ចេញមតិ​។ 
 
​អង្គការ​-​សង្គម​ស៊ីវិល បន្ថែមថា ប្រសិនបើ​គ្មាន​អ្នកសារព័ត៌មាន ដែលមាន​សេរីភាព​ក្នុងការ​រាយការណ៍​ដោយស្មោះ​ត្រង់ និង​ត្រឹមត្រូវ អំពី​តថភាព​នៃ​ជីវិត​នៅ​កម្ពុជា អំឡុងពេល​រីក​រាលដាល​ជាស​កល​នៃ​ជំងឺ​កូ​វីដ​១៩​ទេ សាធារណជន​នឹង​ត្រូវបាន​បដិសេធ​សិទ្ធិ​ក្នុង​ការធ្វើ​សេចក្ដីសម្រេចចិត្ត ចំពោះ​ព័ត៌មាន​ដែល​ទទួលបាន ដើម្បី​រក្សាខ្លួន​ពួកគេ និង​គ្រួសារ ឲ្យ​មាន​សុវត្ថិភាព​ផងដែរ​៕ 

Tag:
 សង្គម​ស៊ីវិល​
  សារព័ត៌មាន​
© រក្សាសិទ្ធិដោយ thmeythmey.com