ជាតិ
សេដ្ឋកិច្ច
កសិករ​មួយចំនួន​នៅ​ខេត្តបាត់ដំបង​ខ្វះ​ទឹក​ធ្វើស្រែ ខណៈ​ជីវិត​ពួកគេ​ពឹង​ផ្អែកលើ​កូន​ធ្វើការ​នៅ​ប្រទេស​ថៃ​
19, May 2020 , 7:59 pm        
រូបភាព
លោក មិត្ត ឈឿ អាយុ៦៥ឆ្នាំ ឈរ​នៅ​ក្បែរ​ដី​ស្រែ​របស់​លោក ដែល​ខ្វះ​ទឹក ក្នុង​ភូមិ​បឹង​រាំង ឃុំ​អូរម៉ាល់ ខេត្ត​បាត់ដំបង ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២០។ (ស៊ុន ណារិន/VOA)
លោក មិត្ត ឈឿ អាយុ៦៥ឆ្នាំ ឈរ​នៅ​ក្បែរ​ដី​ស្រែ​របស់​លោក ដែល​ខ្វះ​ទឹក ក្នុង​ភូមិ​បឹង​រាំង ឃុំ​អូរម៉ាល់ ខេត្ត​បាត់ដំបង ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២០។ (ស៊ុន ណារិន/VOA)
ដោយ: VOA
​ឃុំ​អូរ​ម៉ា​ល់ ខេត្តបាត់ដំបង ៖ ដើម​ព្រីង ៤ ដើម នៅលើ​ដី​ជាង ១ ហិកតា​របស់លោក មិត្ត ឈឿ ក្នុង​ខេត្តបាត់ដំបង មិន​ផ្លែ​ដូច​ឆ្នាំមុន​នោះទេ ដោយសារ​ខ្វះ​ទឹក​។ កាលពី​ឆ្នាំមុន លោក​អាច​បេះ​ផ្លែ​ព្រីង​លក់ បាន​តម្លៃ​សរុប​ប្រមាណ ១ លាន​រៀល​សម្រាប់​រដូវ​វា​ផ្លែ​។ ប៉ុន្តែ​ឆ្នាំនេះ លោក​លក់បាន​ប្រមាណ ២០ ម៉ឺន​រៀល​តែប៉ុណ្ណោះ​។

 
​ប៉ុន្តែ អ្វីដែល​លោក​កំពុង​ព្រួយបារម្ភ​ជាងនេះទៅទៀត​គឺ​ដីស្រែ ១,២ ហិកតា របស់លោក ដែល​ពេលនេះ​មិនមាន​ទឹក​ស្រោចស្រព ហើយ​លោក​មិន​ហ៊ាន​ព្រោះស្រូវ​នៅឡើយ​ទេ​។​
 
​នៅ​ជិត​ដី​ស្ងួត​រីងរាំង​របស់លោក​មិនមាន​វាលស្រែ​ខៀវស្រងាត់ ដូច​កាលពីមុន​ទេ ឃើញតែ​ភ្នំ​សំពៅ​ពី​ចម្ងាយ​។ លោក មិត្ត ឈឿ អាយុ ៦៥ ឆ្នាំ បាន​សង់​ខ្ទម​ឈើ​ប្រហែល ៣ ម៉ែត្រ​បួន​ជ្រុង គ្រប​ដោយ​ប្លា​ស្ទិ​ក ដើម្បី​ទុក​ជ្រក​ភ្លៀង​នៅពេល​ខាងមុខ​។ ពីមួយថ្ងៃ​ទៅមួយថ្ងៃ លោក​ចេះតែ​រង់ចាំ​ទឹកភ្លៀង​។​
 
​លោក មិត្ត ឈឿ ដែលមាន​កូន ៦ នាក់ ថ្លែងប្រាប់ VOA នៅក្នុង​ខ្ទម​ក្បែរ​ដីស្រែ​ថា​៖ «​ភ្ជួរ​ដី​ចោល​នៅ​ហ្នឹងឯង​ចាំមើល​តែ​ភ្លៀង​ធ្លាក់​មួយ​មេ​មក​បាន​ព្រោះ បើ​ដី​វា​មិនដែល​ឆ្អែត​ទឹក​សោះ មិនដែល​ត្រូវ​ភ្លៀង​ឲ្យ​ឆ្អែត​ទឹក​ឲ្យ​ជិត​»​។​
 
​លោក ឈឿ ជា​ពលរដ្ឋ​រស់នៅក្នុង​ភូមិ​បឹងរាំង ឃុំ​អូរ​ម៉ា​ល់ ខេត្តបាត់ដំបង មានប្រសាសន៍ថា ប្រជាជន​ខ្លះ​ហ៊ាន​ប្រថុយប្រថាន​ក្នុងការ​ព្រោះ​ពូជស្រូវ ដោយសារ​ពួកគេ​មានពូជ​ស្រូវ​ច្រើន តែ​លោ​កថា លោក​មិន​ហ៊ាន​នោះទេ ដោយសារ​ខ្លាច​ខាតបង់​។​
 
​លោក​មានប្រសាសន៍ថា​៖ «​អ្នកខ្លះ​គេ​ហ៊ាន​ពូជ​គេ​ច្រើន​…​មិនដឹង​ទេ មិន​ហ៊ាន​ថា​ទេ បើ​ពូជ​ខ្ញុំ​មាន​សា​គួរ​ទុក​តែមួយ​កន្លែង​។ បើ​ហ៊ាន​តែ​ព្រោះ ហើយ​វា​ខូច ដឹង​តែ​រក​ទិញ​គេ​ទៀតហើយ​»​។​
 
​លោក​បន្តថា​៖ «​វា​ក្រ​ធ្លាក់ភ្លៀង​។ ឆ្នាំមុន​វារ​ហ័ស​ធ្លាក់ភ្លៀង​។​ភ្លៀង​មុន​ចូលឆ្នាំ​អី​អ៊ីចឹងទៅ យើង​អាច​ព្រោះ​បាន​។ ដល់​ឆ្នាំនេះ មើល​មេឃងងឹត​ចោលៗ គ្មាន​ដែល​ត្រូវ​ភ្លៀង​អី​ទេ ឲ្យ​ជោគជាំ​ទេ​ម្ល៉ោះហើយ​អត់​ហ៊ាន​ព្រោះ​»​។​


លោក មិត្ត ឈឿ អាយុ៦៥ឆ្នាំ ផ្តល់បទសម្ភាសន៍ដល់ VOA នៅក្នុងខ្ទមមួយ នៅលើដីស្រែរបស់លោក ក្នុងភូមិបឹងរាំង ឃុំអូរម៉ាល់ ខេត្តបាត់ដំបង។ (ស៊ុន ណារិន/VOA Khmer)
 
​ជីវិត​របស់លោក មិត្ត ឈឿ ក៏​ពឹង​ផ្អែកលើ​កូន ៤ នាក់ ដែល​កំពុងធ្វើការ​នៅ​ប្រទេស​ថៃ​ដែរ​។ លោក​ខ្លាច​ខាតបង់​ស្រូវពូជ​នេះ ព្រោះ​លោក​ត្រូវ​ទុក​ប្រាក់​សងលុយ​ដែល​ជំពាក់​ធនាគារ​អេស៊ីលីដា និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហត្ថា​កសិករ​។ ក្នុង​មួយខែ លោក​ត្រូវ​បង់​សរុប​ជាង ២០០ ដុល្លារ​អាមេរិក ដែល​លុយ​នោះ​ត្រូវបាន​ជួយ​សង​ដោយ​កូន ដែល​ធ្វើការ​ជា​កម្មករសំណង់ ៣ នាក់​នៅ​ប្រទេស​ថៃ និង​កូនស្រី​ម្នាក់​ធ្វើការ​នៅ​រោងចក្រ​សាច់មាន់ នៅ​ប្រទេស​ថៃ​ដែរ​។ លោក​បន្តថា ការ​ភ្ជួរ​ដី​ត្រៀម​ធ្វើស្រែ​នេះ គឺ​កូនៗ​របស់លោក​ជា​អ្នក​ជួយ​ពី​ប្រទេស​ថៃ​។​
 
​លោក​មានប្រសាសន៍ថា​៖ «​ប៉ុន​វា​អត់​មាន​សល់​លុយកាក់​….​អត់​មាន​សល់ …​គ្មាន​សល់​។ យើង​មក​យើង​បង់​ទៅ​ឲ្យ​គេ​ខ្លះទៅ​។ យើង​សល់​ខ្លះ ហូប​ខ្លះទៅ​។ ខែ​ស្រែ វា​ទម្លាក់​មក​ទៅ​។ អានេះ​គ្រាន់តែ​ភ្ជួរ​ដី​ទីនេះ ទីមួយ​។ ទី​ពីរ​ទៅ​គេ​រ៉ាប់​ជួយ​ចេញ​ម្នា​ក់ជាង ១ ពាន់​បាត ជួយ​ចេញ​ឈ្នួល​ភ្ជួរ​»​។​
 
​អ្វីដែល​រឹតតែ​សំណាង​ទៀត​នោះ គឺ​ជំងឺ​កូ​វីដ មិន​ប៉ះពាល់​ការងារ​កូន​របស់លោក​ទាំង ៤ នោះទេ គឺ​ពួកគេ​នៅតែ​អាចមាន​លុយ​ផ្ញើមក​ស្រុកកំណើត​។ លោក​ប្រៀបធៀប​ថា ប្រសិនបើ​កូន​ទាំង ៤ នាក់​របស់លោក ត្រឡប់មក​ស្រុកកំណើត​វិញ កាលពី​ចុងខែ​មីនា ដូច​ពលករ​ខ្មែរ​ប្រមាណ ៩ ម៉ឺន​នាក់​ផ្សេងទៀត  នោះ​ជីវភាព​នឹង​ជួប​ការលំបាក​។​
 
​លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​សប្បាយចិត្ត​ដែល​កូន​មិនបាន​មកវិញ ពីព្រោះ​ការងារ​វា​ធ្វើ​ជាប់ ពីព្រោះ​យើង​រំពឹង​លើ​កូន​។ បើសិនជា​កូន​មកវិញ ចប់​ហើយ​! មិនដឹង​បាន​អី​ហូប​ទេ​។ អា​ទៅវិញ​គេ​មិន​ឲ្យ​ចូល​។ កាលដែល​វា​នៅ​ទីនោះ ខ្ញុំ​សប្បាយចិត្ត​ជាង​ដែល​មក​។ បើសិនជា​យើង​មកនេះ ស្រេច​បាត់​។ មិនដឹង​ទៅរក​អី​»​។​
 
​ប្រជាជន​កម្ពុជា​រាប់ម៉ឺន​នាក់​កំពុង​ប្រឈម​អត់​ការងារ​ធ្វើ ក្នុងនោះ​មាន​ពលករ​ប្រមាណ ៩ ម៉ឺន​នាក់ ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ ហើយ​បាត់បង់​ការងារ ហើយ​គ្រួសារ​ប្រឈម​ជំពាក់​បំណុល​គេ​។ រហូតមកដល់​ពេលនេះ ពួកគេ​មិនអាច​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​បានទេ​។​
 
​បើតាម​លោក មិត្ត ឈឿ កសិករ​នៅ​តំបន់​របស់លោក​ពឹង​ផ្អែកលើ​ប្រភពទឹក​សំខាន់ គឺ​នៅ​អាង​កំពីងពួយ ដែលមាន​ចម្ងាយ​ជាង ១០ គីឡូម៉ែត្រ​ពី​ដីស្រែ​របស់លោក​។ លោក​មានប្រសាសន៍ថា​៖ «​ប្រភពទឹក​មានតែ​នៅ​អាង​កំពីងពួយ​ហ្នឹងឯង​។ យើង​សុំ​គេ​មក​តឹងតែង​ណាស់​! តាំងពី​វគ្គ​ពីរ​មក​ស្កក​ទាំងអស់​….​ទឹក​អត់​គ្រប់​»​។​
 
​លោក​បន្ត ថា បើសិន​មានទឹក​ពី​អាង​កំពីងពួយ លោក​ត្រូវ​ចំណាយលុយ​រាប់ម៉ឺន​ជួល​គេ​ទៀត ដើម្បី​ត​ទុយោ​បូមទឹក​មក​ដាក់​ស្រែ​។​


លោក ទុយ អឿត ជា​កសិករ ឈរ​នៅ​ក្បែរ​ដី​ស្រែ​នៅ​ក្នុង​ភូមិ​បឹងរាំង ឃុំ​អូរម៉ាល់ ខេត្ត​បាត់ដំបង ដែល​ស្រែ​របស់​លោក​កំពុង​ប្រឈម​នឹង​កង្វះ​ទឹក ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២០។ (ស៊ុន ណារិន/VOA)
 
​ឈរ​នៅលើ​ផ្លូវលំ ក្បែរ​ដីស្រែ​ប្រមាណ ២ ហិកតា​ក្នុង​ឃុំ​អូរ​ម៉ា​ល់ លោក ទុយ អឿ​ត កសិករ​ម្នាក់ទៀត​កំពុង​ដុត​ភ្លើង​នៅក្បែរនោះ ដើម្បី​កុំ​ឲ្យ​សត្វ​កណ្តុរ​ឡើងមក​ស៊ី​ស្រូវ ដែល​លោក​ទើបតែ​ព្រោះ ជាពិសេស​នៅពេល​យប់​។ ប៉ុន្តែ​លោក​មិនមាន​ជំនឿ ១០០​ភាគរយ ថា នឹងមាន​ភ្លៀង​នោះទេ​។ នោះ​មានន័យថា ការ​ព្រោះស្រូវ​របស់លោក​ប្រឈម​នឹង​ភាព​ប្រថុយប្រថាន​ច្រើន​។​
 
​ខណៈ​ឈរ​ក្បែរផ្លូវ​ជិត​ដីស្រែ​របស់លោក​លោក ទុយ អឿ​ត អាយុ​៦៥​ឆ្នាំ បាន​ថ្លែងប្រាប់ VOA ថា​៖ «​ប្រថុយ​! វា​ចូល​ខែវស្សា​ទៅហើយ​! ដល់​ខែ​ព្រោះ​ត្រូវតែ​ព្រោះ ក្រែងលោ​វា​ធ្លាក់ភ្លៀង​មក យើង​បាន ព្រោះ​។ យើង​ធ្វើស្រែ​យើង​ពឹង​លើទឹក​ភ្លៀង​។ យើង​ត្រូវតែ​ធ្វើ​អ៊ីចឹង​»​។​
 
​លោក​ថា លោក​នឹង​ខាត​ប្រហែល​ជាង ៥០ ម៉ឺន​រៀល​នាពេលនេះ ប្រសិនបើ​មិនមាន​ភ្លៀង​។​
 
​លោក អឿ​ត ក៏មាន​កូនប្រុស​ម្នាក់​ឈ្មោះ អឿ​ត មុនី អាយុ ៣២ ឆ្នាំ ធ្វើការ​នៅ​ប្រទេស​ថៃ ក្នុង​ហាង​អាហារ​មួយ​ដែល​ក្នុង​មួយខែ​អាច​រកចំណូលបាន​ប្រមាណ ១ ម៉ឺន​បាត​។ ថវិកា​ដែល​កូន​ផ្ញើ​ពី​ក្រៅប្រទេស​មក​ខ្លះ លោក​យក​បង់​សង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ ដែល​ក្នុង​មួយខែ​បង់​ប្រហែល ១៣០ ដុល្លារ ហើយ​ត្រូវ​បង់​ប្រមាណ ៤ ឆ្នាំ​ទៀត​។​
 
​ប៉ុន្តែ​កូនប្រុស​របស់លោក​អឿ​ត​មិនមាន​សំណាង​ដូច​កូនប្រុស​លោក មិត្ត ឈឿ ទេ ដោយសារ​កូនប្រុស​ដែល​បានធ្វើការ​នៅ​ប្រទេស​ថៃ​ប្រមាណ ៣ ឆ្នាំ​នោះ បាន​ត្រឡប់មក​ស្រុកកំណើត​វិញ ពេល​ជំងឺ​កូ​វីដ​រាតត្បាត ហើយ​មិនអាច​ត្រឡប់​ទៅធ្វើ​ការ​វិញ​បានទេ​។ លោក​មានប្រសាសន៍ថា កូន​របស់លោក​ផ្សេងទៀត​នឹង​ជួយ​បង់​សងបំណុល​របស់លោក​រា​ល់​ខែ ប្រសិនបើ​លោក​រក​ចំណូល​មិនបាន​ពី​ការ​ធ្វើស្រែ ដោយសារ​កង្វះ​ទឹកភ្លៀង​។​
 
​សេចក្តីជូនដំណឹង​រប​ស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ចុះ​ថ្ងៃទី​១៤ ខែមេសា អះអាងថា រដូវវស្សា​ឆ្នាំ ២០២០ នឹង​ចូល​មកដល់​លឿន​ជាង​ឆ្នាំ ២០១៩ តាម​ប្រក្រតីភាព​រដូវវស្សា ដែល​តែង​ចាប់ផ្តើម​នៅ​ពាក់កណ្តាល​ខែឧសភា ដោយមាន​បរិមាណ​ទឹក​ភ្លៀង​ពី​មធ្យម​ទៅ​បង្គួរ ដែល​ស្មើ​ឬ​លើ​មធ្យមភាគ​ច្រើន​ឆ្នាំ​មកនេះ​។ នៅក្នុង​ខែសីហា និង​ខែកញ្ញា ភ្លៀង​នឹង​អាច​ធ្លាក់​រាយប៉ាយ​បានល្អ​លើ​ផ្ទៃ​ប្រទេស​។ កូន​រដូវប្រាំង​អាច​នឹង​កើតមានឡើង​ក្នុង​សប្តាហ៍​ទី ២ នៃ​ខែកក្កដា រហូតដល់​ដំណាច់ខែ​កក្កដា ឆ្នាំ ២០២០​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​។​
 
​អភិបាលខេត្ត​បាត់ដំបង​លោក ងួន រតនៈ មានប្រសាសន៍ថា មកដល់ពេលនេះ​ភ្លៀង​មិនទាន់​ធ្លាក់​ដល់​តំបន់​ខ្លះ​នោះទេ ហើយ​កន្លែង​ខ្លះ​ក៏​ពុំមាន​ប្រភពទឹក​ទៅដល់​ដែរ​។ លោក​បន្តថា ទឹក​នៅ​អាង​កំពីងពួយ​ទុក​សម្រាប់​ប្រើប្រាស់​ការចិញ្ចឹម​សត្វ និង​ដាំ​ណាំ​មួយចំនួន​តូច​តែប៉ុណ្ណោះ​។​
 
​លោក​មានប្រសាសន៍ថា​៖ «​ប្រើ​ធ្វើស្រែ អត់​ទាន់​ឲ្យ​ធ្វើស្រែ​នៅពេលនេះ​ទេ​។ អាង​កំពីងពួយ​ទុក​ប្រើប្រាស់​ដាំ​ដំណាំ​បន្តិចបន្តួច និង​សត្វ សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​។ ប៉ុន្តែ​ធ្វើស្រែ​អត់​ទាន់​ឲ្យ​ធ្វើ​ទេ ទឹក​កំពីងពួយ​»​។​
 
​លោក​បន្តថា​៖ «​ស្រុក​ខ្លះ​មិនទាន់មាន​ភ្លៀង​ខ្ញុំ​មិន​ហ៊ាន​ឃាត់​គាត់​ទេ​។ ស្រែ​គាត់​ធ្លាប់មាន​ទម្លាប់​របស់គាត់ រឿង​ធ្វើស្រែ​»​។​
 
​បើតាម​អភិបាលខេត្ត ដី​ធ្វើស្រែ​នៅ​ខេត្តបាត់ដំបង ជាង ៣០ ម៉ឺន​ហិកតា ក្នុងនោះ​ដី​ជាង ១០ ម៉ឺន​ហិកតា​អាជ្ញាធរ​អាច​ធានា​ប្រភពទឹក​ផ្គត់ផ្គង់​នៅ​រដូវវស្សា តាមរយៈ​ប្រព័ន្ធ​ទឹក​ដែលមាន​បច្ចុប្បន្ន​។​
 
​លោក​អភិបាលខេត្ត​បាត់ដំបង​បញ្ជាក់ថា អាជ្ញាធរ​ក៏​បាននិងកំពុង​ជួយ​ប្រជាជន​ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ តាមរយៈ​ការផ្តល់​ពូជស្រូវ​ដល់​ពួកគេ ហើយ​ជំរុញ​ឲ្យ​ពួកគេ​ដាំ​បន្លែ​រយៈពេល​ខ្លី ដែល​លោក​ថា​តម្រូវការ​ក្នុង​ខេត្ត​នៅមាន​ច្រើន​។​


ដី​ស្រែ​ក្នុង​ភូមិ​បឹងរាំង ឃុំ​អូរម៉ាល់ ខេត្ត​បាត់ដំបង កំពុង​ប្រឈម​នឹង​កង្វះ​ទឹក​ស្រោចស្រព ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២០។ (ស៊ុន ណារិន/VOA)
 
​កាលពី​ថ្ងៃទី​២២ ខែមេសា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង បាន​ថ្លែងថា ដី​នៅ​កម្ពុ​ជាមាន​ច្រើន តែ​កសិករ​មិនមាន​ទឹក​ប្រើប្រាស់​សម្រាប់​ការដាំដុះ​របស់​ពួកគេ​។​
 
​លោក​ថ្លែងថា​៖ «​ទឹក​អត់​ទៅមុខ​ទេ ដោះ​មិន​ទៅមុខ​តែម្តង​។ ហើយ​បើ​អត់​ទឹក​ណា៎​សម្រាប់​កម្ពុជា​បើ​និយាយថា កម្ពុជា​ខ្វះ​ទឹក​អ្នកខ្លះ​គេ​សើច​វិញ​ទេ​។ គេ​អាច​សើច​ព្រោះ​យើង​អត់​ចេះ​ចាត់ចែង​ទឹក​។ ប្រឡាយ​ដែល​យើង​ជីក​ចំណាយលុយ​ធំ ប៉ុន្តែ​អត់​ដែលមាន​ទឹក​ប្រើ​ខែប្រាំង​ទេ​»​។​
 
​លោក ថេ​ង សាវឿន ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជាមាន​ប្រសាសន៍​កសិករ​ធ្វើស្រែ​ពឹងផ្អែក​លើទឹក​ភ្លៀង ដោយសារ​មិនមាន​ប្រព័ន្ធធារាសាស្ត្រ​គ្រប់គ្រាន់​សម្រាប់​ពួកគេ​។ លោក​បន្តថា រដ្ឋាភិបាល​ត្រូវ​សាងសង់​ប្រព័ន្ធធារាសាស្ត្រ «​លក្ខណៈ​យុទ្ធសាស្ត្រ​យូរអង្វែង​» សម្រាប់​កសិករ​ទើប​អាច​ធានា​ជីវភាព​របស់​ពួកគេ​បាន​។​
 
​លោក​បន្តថា កសិករ​បាន​យកប្រាក់​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដើម្បី​ធ្វើស្រែ​ចម្ការ ដូច្នេះ​ការធ្វើ​ស្រែ​មិនបាន​ផល​នឹងធ្វើ​ឲ្យ​ពួកគេ​កាន់តែ​ធ្លាក់ខ្លួន​ក្រី​ក្រី​ថែមទៀត​។​
 
​លោក​ថ្លែងថា​៖ «​កសិករ​ដើម្បី​បាន​ដើមទុន​សម្រាប់​ទិញ ឬ​ការប្រើប្រាស់​ដើម្បី​ប្រកបមុខរបរ​កសិកម្ម គឺ​គាត់​ត្រូវតែ​ប្រើប្រាស់​លទ្ធភាព​របស់គាត់​ក្នុងការ​ខ្ចីបុល​ពី​ធនាគារ ឬក៏​មីក្រូហិរញ្ញវត្ថុ​ឯកជន ហើយ​គាត់​ពឹង​ការសង​ត្រឡប់​ថវិកា​របស់គាត់​វិញ នៅពេលដែល​ពួកគាត់​បានទទួល​ផល​។ ប៉ុន្តែ​បើ​ករណី​គាត់​ជួបប្រទះ​គ្រោះរាំងស្ងួត​ដូចនេះ ខ្ញុំ​គិតថា បំណុល​ដែល​គាត់​ជំពាក់​មីក្រូហិរញ្ញវត្ថុ ឬក៏​ធនាគារ ឬក៏​ខ្ចីបុល​ឯកជន កាន់តែ​មានការ​កើនឡើង​»​។​
 
​យោងតាម​របាយការណ៍​ប្រចាំឆ្នាំ ២០១៩ របស់​ធនាគារជាតិ​នៃ​កម្ពុជា​ចេញផ្សាយ កាលពី​ថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២០ ប្រជាជន​ជាង ២ លាន​នាក់ ជំពាក់​បំណុល​មីក្រូហិរញ្ញវត្ថុ​ហើយ ដែល​កម្ចី​បានផ្តល់​ទៅតាម​ប្រភេទ​ជំនួញ​សំខាន់ៗ ក្នុង​វិស័យសេដ្ឋកិច្ច នោះ​រួមមាន​ក្រុមគ្រួសារ ៣៤,១ ភាគរយ​និង​កសិកម្ម​ចំនួន ១៩,៤ ភាគរយ​។​
 
​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ ១ លាន ២ សែន​នាក់ កំពុង​រស់នៅ​និង​ធ្វើការ​នៅ​ប្រទេស​ថៃ ហើយ​រដ្ឋាភិបាល​កម្ពុជា​ប៉ាន់ប្រមាណ​ថា ពួកគេ​ច្រើន​គួរសម​គឺជា​ពលករ​មិន​ស្របច្បាប់​។​
 
​ដោយសារ​កូន ៤ នាក់​របស់លោក មិត្ត ឈឿ ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ ពួកគេ​បាន​ទុក​ចៅ ៥ នាក់​ឲ្យ​លោក​និង​ភរិយា​ជួយ​មើលថែ​។​
 
​លោក មិត្ត ឈឿ ព្រួយបារម្ភ​អំពី​អនាគត​ចៅ​របស់លោក ដោយ​លោក​ថា ពេល​ចូលរៀន​វិញ​លោក​ត្រូវ​ចំណាយ​ច្រើន​សម្រាប់​ពួកគេ​។ លោក​បន្តថា លោក​ក៏​មិនមាន​ដី​ចែក​ឲ្យ​កូនៗ​របស់លោក​នោះដែរ នៅពេល​ណាមួយ​ដែល​ពួកគេ​ត្រឡប់​មកពី​ប្រទេស​ថៃ​វិញ​។​
 
​លោក​មានប្រសាសន៍ថា​៖ «​កូន​ច្រើន​យើង​ចែក​ក៏​វា​មិនកើត មានតែ​ធ្វើទៅ​ចែកគ្នា​ហូប​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com