ជាតិ
សង្គមជាតិ
សម្តេចព្រះ​សង្ឃនាយក​៖ ភិក្ខុ ឡុង ចន្ថា ពុំ​អាច​ស្ថិតក្នុង​ភេទ​ជា​បព្វជិត​បន្តទៀត​ឡើយ​
19, May 2020 , 2:28 pm        
រូបភាព
ភិក្ខុ ឡុង ចន្ថា ពេលចូលថ្វាយបង្គំ​សម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត កន្លងមក ។ រូបថត Chantha Long
ភិក្ខុ ឡុង ចន្ថា ពេលចូលថ្វាយបង្គំ​សម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត កន្លងមក ។ រូបថត Chantha Long
ដោយ: ថ្មីៗ
សម្តេចព្រះ​សង្ឃនាយក ន​ន្ទ ង៉ែត បាន​ប្រគេន​លិខិត​ទៅ​ព្រះ​មេគណ​ទាំង​២៥​រាជធានី​-​ខេត្ត ឲ្យ​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ដើម្បី​ចាត់វិធានការ​លើ​ភិក្ខុ ឡុង ចន្ថា ឲ្យ​លាចាក​សិក្ខាបទ តាម​កិច្ចសន្យា​របស់ខ្លួន​។ ព្រះសង្ឃ ឡុង ចន្ថា ដែល​គង់នៅ​វត្ត​មួយ​នៅ​ស្រុក​អង្គរ​បូរី ខេត្តតាកែវ រង​ការចោទប្រកាន់​ជុំវិញ​ការ​លួច​ទាក់ទង​និង​ប្រើពាក្យ​លែបខាយ​ក្នុងន័យ​ស្នេហា​ជាមួយ​នារី​ម្នាក់​។ នៅ​ថ្ងៃទី​១៤ ខែឧសភា ព្រះអង្គ មិនបាន​លាចាក​សិក្ខាបទ​ទៅតាម​ការសន្យា​ឡើយ ដោយ​អះអាងថា មិនទាន់​អស់​និស្ស័យ​ពី​ព្រះ​ផ្នួស បន្ទាប់មក គេ​មិនដឹងថា ព្រះអង្គ​គង់នៅ​ទីណា​នោះឡើយ​។​



អត្ថបទទាក់ទង


​តាមរយៈ​ព្រះរាជ​លិខិត​ចុះ​ថ្ងៃទី​១៨ ខែឧសភា សម្តេច​សង្ឃនាយក ន​ន្ទ ង៉ែត ដែល​បានទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​អធិករណ៍​កន្លងមក​នោះ បាន​មាន​ព្រះសង្ឃ​ដីកា​ថា ភិក្ខុ ឡុង ចន្ថា ពុំបាន​អនុវត្តតាម​កិច្ចសន្យា​របស់ខ្លួន ហើយ​ថែមទាំង​រំលោភ​កិច្ចសន្យា​ដែល​បានធ្វើ​ជាមួយ​សាលា​គណ​ខេត្ត​ក្នុង​សកម្មភាព​ប្រព្រឹត្ត​ខុស​វិន័យ​ក្នុង​អតីតកាល​ជាច្រើនលើក​ច្រើនសារ​។​

«​គណៈសង្ឃ​នាយក​ចាត់ទុក​ថា ភិក្ខុ ឡុង ចន្ថា ជា​បុគ្គល​របឹង​រឹង​រុស (​ទុ​ព្វ​ច​ជា​តិក​ភិក្ខុ​) មិន​លុះ​ក្នុង​ធម៌​វិន័យ និង​ការអប់រំ ជា​អ្នក​ប្រទេស​សា​រ៉ា​យ​សាសនា ជា​អ្នក​មិន​ចម្រើន​ដល់​សាសនា និង​ជា​អ្នក​ទំ​ល​លុះ​រដ្ឋបាល​សង្ឃ ពុំ​អាច​ឲ្យ​ស្ថិតក្នុង​ភេទ​ជា​បព្វជិត​ក្នុង​ពុទ្ធសាសនា​បន្តទៀត​បាន​ឡើយ​»​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្តេច​ព្រះ​សង្ឃនាយក​។​

 សម្តេច ន​ន្ទ ង៉ែត ក៏បាន​ប្រគេន​ដល់​ព្រះ​គណ​គ្រប់​រាជធានី​-​ខេត្ត កុំ​ផ្តល់​អាវាស​ដល់​ភិក្ខុ ឡុង ចន្ថា ស្នាក់នៅ ហើយ​បើ​ឃើញ​បុគ្គល​រូបនេះ ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ ចាត់វិធានការ​ឲ្យ​លាចាក​សិក្ខាបទ​តាម​ការសន្យា​ជាមួយ​សាលា​គណ​ខេត្តតាកែវ​៕


© រក្សាសិទ្ធិដោយ thmeythmey.com