ជាតិ
សង្គមជាតិ
សម្តេចព្រះសង្ឃនាយក៖ ភិក្ខុ ឡុង ចន្ថា ពុំអាចស្ថិតក្នុងភេទជាបព្វជិតបន្តទៀតឡើយ ភិក្ខុ ឡុង ចន្ថា ពេលចូលថ្វាយបង្គំសម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត កន្លងមក ។ រូបថត Chantha Long
× សម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត បានប្រគេនលិខិតទៅព្រះមេគណទាំង២៥រាជធានី-ខេត្ត ឲ្យសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធដើម្បីចាត់វិធានការលើភិក្ខុ ឡុង ចន្ថា ឲ្យលាចាកសិក្ខាបទ តាមកិច្ចសន្យារបស់ខ្លួន។ ព្រះសង្ឃ ឡុង ចន្ថា ដែលគង់នៅវត្តមួយនៅស្រុកអង្គរបូរី ខេត្តតាកែវ រងការចោទប្រកាន់ជុំវិញការលួចទាក់ទងនិងប្រើពាក្យលែបខាយក្នុងន័យស្នេហាជាមួយនារីម្នាក់។ នៅថ្ងៃទី១៤ ខែឧសភា ព្រះអង្គ មិនបានលាចាកសិក្ខាបទទៅតាមការសន្យាឡើយ ដោយអះអាងថា មិនទាន់អស់និស្ស័យពីព្រះផ្នួស បន្ទាប់មក គេមិនដឹងថា ព្រះអង្គគង់នៅទីណានោះឡើយ។
តាមរយៈព្រះរាជលិខិតចុះថ្ងៃទី១៨ ខែឧសភា សម្តេចសង្ឃនាយក នន្ទ ង៉ែត ដែលបានទាមទារឲ្យមានដំណោះស្រាយអធិករណ៍កន្លងមកនោះ បានមានព្រះសង្ឃដីកាថា ភិក្ខុ ឡុង ចន្ថា ពុំបានអនុវត្តតាមកិច្ចសន្យារបស់ខ្លួន ហើយថែមទាំងរំលោភកិច្ចសន្យាដែលបានធ្វើជាមួយសាលាគណខេត្តក្នុងសកម្មភាពប្រព្រឹត្តខុសវិន័យក្នុងអតីតកាលជាច្រើនលើកច្រើនសារ។
«គណៈសង្ឃនាយកចាត់ទុកថា ភិក្ខុ ឡុង ចន្ថា ជាបុគ្គលរបឹងរឹងរុស (ទុព្វចជាតិកភិក្ខុ) មិនលុះក្នុងធម៌វិន័យ និងការអប់រំ ជាអ្នកប្រទេសសារ៉ាយសាសនា ជាអ្នកមិនចម្រើនដល់សាសនា និងជាអ្នកទំលលុះរដ្ឋបាលសង្ឃ ពុំអាចឲ្យស្ថិតក្នុងភេទជាបព្វជិតក្នុងពុទ្ធសាសនាបន្តទៀតបានឡើយ»។ នេះជាការលើកឡើងរបស់សម្តេចព្រះសង្ឃនាយក។
សម្តេច នន្ទ ង៉ែត ក៏បានប្រគេនដល់ព្រះគណគ្រប់រាជធានី-ខេត្ត កុំផ្តល់អាវាសដល់ភិក្ខុ ឡុង ចន្ថា ស្នាក់នៅ ហើយបើឃើញបុគ្គលរូបនេះ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវសហការជាមួយអាជ្ញាធរ ចាត់វិធានការឲ្យលាចាកសិក្ខាបទតាមការសន្យាជាមួយសាលាគណខេត្តតាកែវ៕
© រក្សាសិទ្ធិដោយ thmeythmey.com