ជាតិ
ពីថ្ងៃទី២១-២៦ឧសភា ខេត្តនៅតំបន់វាលទំនាបកណ្តាល និងជួរភ្នំដងរែក ប្រឈមនឹងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ រូបភាពពីក្រសួងធនធានទឹក និងឧតុនិយម
× ភ្នំពេញ៖ ជ្រលងសម្ពាធទាប គួបនឹងខ្យល់មូសុងនិរតីគ្របដណ្ដប់ និងបក់លើកម្ពុជា នឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាលមានសីតុណ្ហភាពពី២៥-២៨អង្សា ហើយសីតុណ្ហភាពអតិបរមា មានពី៣៧-៣៩អង្សា ចាប់ពីថ្ងៃទី ២០ ដល់ទី២៦ ខែឧសភា។ នៅតំបន់ដដែលនេះ ក៏នឹងមានភ្លៀងធ្លាក់រាយប៉ាយពីតិចទៅបង្គួរ ហើយនៅផ្នែកខ្លះក៏អាចនឹងមានភ្លៀងធ្លាក់ច្រើនផងដែរ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី១៩ ខែឧសភានេះ។
តាមសេចក្តីជូនដំណឹងដដែល បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹងមានសីតុណ្ហភាពអប្បបរមា ពី២៤-២៦អង្សា និងអតិបរមា ពី៣៣-៣៨អង្សា ហើយអាចនឹងមានភ្លៀងពីតិចទៅមធ្យម។ ចំណែកបណ្ដាខេត្តនៅតំបន់មាត់សមុទ្រវិញ នឹងមានសីតុណ្ហភាពអប្បបរមា ពី២៦-២៨អង្សា និងអតិបរមា ពី៣៣-៣៥អង្សា ហើយនឹងមានភ្លៀងពីខ្សោយ ទៅមធ្យម។
តាមរយៈសេចក្ដីជូនដំណឹងដដែល ក្រសួង ក៏អំពាវនាវឲ្យប្រជាពលរដ្ឋ ប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមាន ជាពិសេសនៅតាមបណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងតំបន់វាលទំនាបកណ្ដាល៕
© រក្សាសិទ្ធិដោយ thmeythmey.com