ពីនេះ ពីនោះ
មាន​គេ​និយាយដើម​ពី​មន្ត្រី​រដ្ឋ​, បុគ្គលិក​អង្គការ និង​ក្រុមហ៊ុន​ឯកជន​…!
19, May 2020 , 3:55 pm        
រូបភាព
ដោយ: ថ្មីៗ
​ស្ថានភាព​កូ​វីដ​-១៩​ដូចជា​ធូរស្រាល​បន្តិច ដូច្នេះ សុធីរ និង​សំណាង ងាក​មក​និយាយ​ពី​របៀប​ធ្វើការ​របស់​មន្ត្រី​រដ្ឋ បុគ្គលិក​អង្គការ និង​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​វិញ​ម្តង​។

 

 
​សុធីរ​៖ អា សំណាង​! តើ​សព្វថ្ងៃនេះ អ្ហែង​ធ្វើ​ការងារ​អី​ឲ្យ​ពិតប្រាកដ​?   
 
​សំណាង​៖ ពីមុន​អញ​ធ្លាប់ធ្វើ​ការងារ​រដ្ឋ ក្រោយមក​ការងារ​អង្គការ និង​ក្រោយមកទៀត ការងារ​ក្រុមហ៊ុន ហើយ​ឥឡូវនេះ អញ​គ្មាន​ការងារ​ពិតប្រាកដ​ធ្វើ​ទេ​។ និយាយ​ដោយស្មោះ អាយុ​អញ​ចាស់​បន្តិច​ហើយ ដូច្នេះ អញ​តាមដាន និង​វិភាគ​ព័ត៌មាន​លេង​ខ្លះទៅ​។ 
 
​សុធីរ​៖ ចុ​ម អ្ហែង​ធ្វើ​ការងារ​គ្រប់កន្លែង​ហើយ​ហ្នឹង អង្គការ រដ្ឋ និង​ឯកជន​។ តើ​ហេតុអ្វី​បានជា​ឈប់​ពី​គ្រប់កន្លែង​អ៊ីចឹង​?  
 
​សំណាង​៖ អញ​សុំ​មិន​ឆ្លើយ​ប្រាប់​អ្ហែង​រឿងហេតុ​ផល​ដែល​អញ​ឈប់ ព្រោះ វា​មានរឿង​ស្មុគស្មាញ​ច្រើន​…​។ 
 
​សុធីរ​៖ មិន​អី​ទេ តែ​អ្ហែង​អាច​ប្រាប់​ពី​ចំណុច​អវិជ្ជមាន​ខ្លះៗ​ក្នុង​វិស័យ​នីមួយៗ​បានទេ​? 
 
​សំណាង​៖ បាន​តើ​។ តែ​អញ​សុំទោស​ជាមុន​ថា អញ​មិន​និយាយ​ពី​មន្ត្រី​រដ្ឋ ឬ​មន្ត្រី​អង្គការ ឬ​បុគ្គលិក​ក្រុមហ៊ុន​ទាំងអស់​ទេ​ណា៎​! អញ​និយាយ​តែ​អ្នកខ្លះ​ប៉ុណ្ណោះ​។ 

​សុធីរ​៖ អើ​និយាយ​មក កុំ​រៀបរាប់​ច្រើនពេក​អ្ហា​! 
 
​សំណាង​៖ និយាយ​ពី​ការងារ​រដ្ឋ គឺ​ល្អ​។ មន្ត្រី​មួយចំនួនធំ​ធ្វើការ​ងារ​ល្អ​ជូន​ជាតិ និង​ជូន​រដ្ឋ​។ តែ​អញ​ធុញ​នឹង​មន្ត្រី​រដ្ឋ​មួយចំនួន​ខ្ជិល​ក្នុង​ការងារ​។ លួច​តែ​ម៉ោង​រដ្ឋ​យកទៅ​ធ្វើ​ការងារ​ឯកជ​ន​ខ្លួនឯង​។ ទៅធ្វើ​ការមិន​ទាន់​ម៉ោង ចេញ​មុន​ម៉ោង​។​ល​។ អញ​មិន​និយាយ​មន្ត្រី​ទាំងអស់គ្នា​ទេ​ណា៎ តែមាន​មន្ត្រី​ប្រភេទ​ហ្នឹង​ច្រើន​គួរសម​ដែរ​។  ធ្វើការ​លំៗ មិនសូវមាន​ឆន្ទៈ​ធ្វើ​ឲ្យ​ស្ថាប័ន​រីកចម្រើន​ទៅមុខ​ឡើយ​។ មន្ត្រី​ខ្ជិល​ទាំងនោះ​ប្រហែល​ភ្លេច​គិតថា ខ្លួនឯង​ស៊ីប្រាក់ខែ​ពលរដ្ឋ​ដែល​បង់ពន្ធ​ជូន​រដ្ឋ​ហើយ​មើលទៅ​! 
 
​សុធីរ​៖ ចុះ​ការងារ​អង្គការ​? 
 
សំណាង​៖ ការងារ​អង្គការ ក៏​ល្អ​។ មន្ត្រី​មួយចំនួន​ល្អ​។ តែ​មន្ត្រី​ខ្លះ ធ្វើការ​យកតែ​ប្រាក់ខែ​។ ប្រាក់ខែ​របស់​មន្ត្រី​អង្គការ គឺជា​ប្រាក់​ជំនួយ​របស់​បរទេស​ដែល​បានមកពី​ការបង់ពន្ធ​របស់​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ផ្តល់ជំនួយ​នោះ​។ ងាក​មក​មន្ត្រី​អង្គការ​យើង​ខ្លះ​វិញ ពួកគេ​ចាយលុយ​គ្មាន​ខ្វល់ ខុស​ខ្ទង់ ប្រើប្រាស់​រថយន្ត​អង្គ​ការខុស​គោលការណ៍​ដែល​បានកំណត់​។​ល​។ មន្ត្រី​អង្គការ​ខ្លះ​ធ្វើ​ការលេងៗ ចូលធ្វើការ​យឺត ចេញ​មុន​ម៉ោង ហើយ​គិតថា ការងារ​អង្គ​ការមិន​អី​ទេ ជាការ​ងារ​រំភើយ ព្រោះ លុយ​ជំនួយ​តើ​! 
 
​សុធីរ​៖ ចុះ​ការងារ​ក្នុង​ក្រុមហ៊ុន​ឯកជន​? 
 
​សំណាង​៖ អូរ​! ការងារ​ក្នុង​ក្រុមហ៊ុន​ឯកជន បុគ្គលិក​ដែល​ខ្ជិល​ប្រឈម​នឹង​ការបណ្តេញចេញ​លឿន​ជាង​ការងារ​នៅក្នុង​រដ្ឋ ឬ​នៅក្នុង​អង្គការ​។ អ្វីដែល​អញ​សរសើរ​ការងារ​ឯកជ​ន គឺថា បុគ្គលិក​ភាគច្រើន​ប្រឹង​ធ្វើការ​ទាំងអស់គ្នា ព្រោះ ពួកគេ​យល់ច្បាស់​ថា បើ​គ្មាន​ចំណូល គឺ​គ្មាន​ប្រាក់ខែ​។ វា​ខុសគ្នា ពី​មន្ត្រី​រដ្ឋ និង​មន្ត្រី​អង្គការ ដែល​មិនសូវ​គិតពី​រឿង​ចំណូល​ឡើយ​។ ដោយសារតែ​មិន​គិតពី​ចំណូល​ហ្នឹងហើយ ទើប​មន្ត្រី​អង្គការ​ខ្លះ និង​មន្ត្រី​រដ្ឋ​ខ្លះ ធ្វើ​ការលេងៗ​។ បើតាម​គំនិត​អញ ប្រធាន​ស្ថាប័ន​ក្នុង​អង្គការ ឬ​ក្នុង​រដ្ឋ គួរ​ក្រលេកមើល​របៀប​ដឹកនាំ​របស់​ក្រុមហ៊ុន​ឯកជន​ខ្លះ​ហើយ បើ​មិន​ដូច្នេះ​ទេ មន្ត្រី​កាន់តែ​ខ្ជិល​ជាង​មុន ផលិតភាព​ការងារ​កាន់តែ​ខ្សោយ​ជាង​មុន​។ តែ​ទោះជា​យ៉ាងនេះ​ក្តី ក៏មានដែរ បុគ្គលិក​ក្រុមហ៊ុន​ដែល​ខ្ជិល ធ្វើការ​លំៗ​យកតែ​ប្រាក់ខែ​នោះ​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com