COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
FC Seoul សុំទោស​ដែល​ដាក់​តុក្កតា​សិច​តំណាង​អ្នកគាំទ្រ​ក្នុង​កីឡដ្ឋាន ពេល​ប្រកួត​លី​គ​
19, May 2020 , 8:19 pm        
រូបភាព
FC Seoul ក្លិប​នៃ​លី​គ​កីឡាបាល់ទាត់​កំពូល​កូរ៉េខាងត្បូង (K League 1) បាន​សុំ​អភ័យទោស​អ្នកគាំទ្រ​ខ្លួន​បន្ទាប់ពី​ប្រើប្រាស់​តុក្កតា​សិច​នៅក្នុង​ទីលាន​ប្រកួត នា​អំឡុង​ជ័យជម្នះ ១-០ លើ​ក្រុម Gwangju FC កាលពី​ថ្ងៃទី​១៧ ខែឧសភា​ចុង​សប្តាហ៍​មុន​។​


​ស្របពេល​រដូវ​កាល​ថ្មី ២០២០-២១ បានចាប់ផ្តើម​នៅ​ថ្ងៃទី​៨ ខែឧសភា អ្នកគាំទ្រ​មិនទាន់​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូលក្នុង​កីឡដ្ឋាន​ទស្សនា​ផ្ទាល់​ឡើយ ដោយសារ​នៅមាន​ការព្រួយបារម្ភ​ពី​ជំងឺ​រាតត្បាត COVID-19​។ វា​ជា​បញ្ហា​ប្រឈម​សម្រាប់​លី​គ​កីឡា​នៅ​ទូទាំង​ពិភពលោក ប្រសិនបើ​ការប្រកួត​អាច​ចាប់ផ្តើម​ឡើងវិញ​ដោយ​បិទទ្វារ​កីឡដ្ឋាន ប៉ុន្តែ​គ្មាន​ជម្រើស​អ្វី​ល្អ​ជាង​នេះឡើយ​។ 

​ការប្រកួត​ក្នុង​ទឹកដី​ខ្លួន​លើកដំបូង​របស់ FC Seoul ក្នុង​ក្របខណ្ឌ K League 1 មានតែ​តុក្កតា​តែងខ្លួន​ជាម​នុស្ស​ស្រី​ប្រមាណ ២០ ដោយ​ឈរ​ពាក់​ម៉ាស់ និង​អង្គុយ​កាន់​បដា​ដែល​តំណាង​ឲ្យ​អ្នកគាំទ្រ​សកម្ម​បំផុត​របស់​ក្លិប​។ យ៉ាងណាក៏ដោយ​រូបភាព​តុក្កតា​ដែល​ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុន​ក្នុងស្រុក​មួយ​ឈ្មោះ Dalkom នោះ​ជា​តុក្កតា​សិច​ដែល​ធ្វើ​ឲ្យ​មានការ​រិះគន់​ពី​អ្នកគាំទ្រ​របស់ខ្លួន​។ 
 
​ក្រុម​នៃ​លី​គ​កំពូល​កូរ៉េខាងត្បូង​មួយ​នេះ​បាន​សុំទោស​ទៅកាន់​អ្នកគាំទ្រ​របស់​ពួកគេ បន្ទាប់ពី​អ្នកគាំទ្រ​ទាំង​នោះបាន​ចោទប្រកាន់​ក្លិប​ថា បាន​ប្រើ​តុក្កតា​សិច​នៅក្នុង​កីឡដ្ឋាន​អំឡុងពេល​ប្រកួត​។​
 
​ស្របពេល​ការសុំ​ទោស​នេះ FC Seoul បាន​ពន្យល់ថា ពួកគេ​គឺជា​មនុស្ស​តុក្កតា​ដែលមាន​គុណភាព និង​លំដាប់​ខ្ពស់ជាង​តុក្កតា​សិច​។ ប៉ុន្តែ ក្លិប​នេះ​បាន​សារភាពថា​តុក្កតា​នេះ​ទទួល​បានមកពី​ក្រុមហ៊ុន​ផ្គត់ផ្គង់​ដែល​ផលិត​ឧបករណ៍​សិច​ក៏ដោយ​។​
 
​ក្រុមហ៊ុន​ផលិត​ឧបករណ៍​សិច​បាន​ប្រាប់ BBC ថា​ពួកគេ​ក៏បាន​សុំទោស​ដល់​ក្លិប FC Seoul រួចហើយ​ដែរ ហើយ​ក្រុមហ៊ុន​ក៏បាន​បញ្ជាក់ថា តុក្កតា​ទាំងនោះ​ជា​តុក្កតា​ដែលមាន​លំដាប់​ខ្ពស់​ធម្មតា​ប៉ុណ្ណោះ​។​
 
​ឆ្លងកាត់​ពីរ​ប្រកួត FC Seoul រកបាន​៣​ពិន្ទុ ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៦​ក្នុង​តារាង K League 1 បន្ទាប់ពី​ប្រកួត​ឈ្នះ​មួយ និង​ចាញ់​មួយ​។ Ulsan Hyundai ឈរ​កំពូល​តារាង​មាន​៦​ពិន្ទុ តាម​ពីក្រោយ​ដោយ Jeonbuk FC ដែលមាន​៦​ពិន្ទុ​ដូចគ្នា​៕

Tag:
 FC Seoul
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com