ជាតិ
អាមេរិក ចង់ឃើញ​វត្តមាន​យន្តហោះ Boeing នៅ​កម្ពុជា​
19, May 2020 , 8:39 pm        
រូបភាព
លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ជួបពិភាក្សាជាមួយលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលពីថ្ងៃទី១៨ ឧសភា ២០២០
លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ជួបពិភាក្សាជាមួយលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលពីថ្ងៃទី១៨ ឧសភា ២០២០
ភ្នំពេញ​៖ សហរដ្ឋអាមេរិក ចង់ឃើញ​វត្តមាន​យន្តហោះ Boeing ដែលជា​ផលិតផល​របស់ខ្លួន បម្រើសេវា​កម្ម​ទេសចរ​ណ៍​នៅ​កម្ពុជា​។ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បាន​លើក​ពី​ដំណើរការ​អាកាសចរណ៍​មក​ពិភាក្សា​ជាមួយ​លោក ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរ​ស៊ីវិល កាលពី​ថ្ងៃទី​១៨ ឧសភា​។​

 
​ក្នុងជំនួប​ពិភាក្សាគ្នា​នោះ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា សន្យា​ជំរុញ​ឱ្យ​ក្រុមហ៊ុន​អាកាសចរ​អាមេរិក​មក​ពិភាក្សា​ដោយផ្ទាល់​ជាមួយ​ក្រុមហ៊ុន​វិនិយោគ​អាកាសយានដ្ឋាន​កម្ពុជា​ក្រោម​កិច្ចសម្របសម្រួល​ពីរ​ដ្ឋ​លេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​។ លោក W. Patrick Murphy បាន​និយាយ​ដូច្នេះ​ថា​៖«​គួរ​មានការ​ប្រើប្រាស់​អាកាសយា​ន​ប្រភេទ Boeing នៅ​ប្រទេស​កម្ពុជា​»​។​
 
​កម្ពុជា​ក៏​ចង់​ប្រើប្រាស់​យន្តហោះ​ប្រភេទ Boeing នេះដែរ​។ នេះ​ជាការ​បញ្ជាក់​របស់លោក ម៉ៅ ហាវ​ណ្ណា​ល់ ដែល​ស្នើឱ្យ​លោក​ទូត​អាមេរិក​រូបនេះ បញ្ជូន​ក្រុមហ៊ុន​ផលិត​យន្តហោះ Boeing មក​កម្ពុជា ដើម្បី​ពិភាក្សាគ្នា​។​
 
​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​កម្ពុជា បាន​ស្រង់​សម្តី​លោក ម៉ៅ ហាវ​ណ្ណា​ល់ មក​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ដូច្នេះ​ថា​៖«​សូម​ស្វាគមន៍ និង​សូម​ឲ្យ​ក្រុមហ៊ុន Boeing មក​សហការ​និង​ធ្វើ​បទ​បង្ហាញ​ដល់​អ្នកប្រើប្រាស់​។ ចំពោះ​ឯកឧត្តម​បណ្ឌិត​ផ្ទាល់​ក៏​ពេញចិត្ត​ចំពោះ​ការធ្វើដំណើរ​តាម​យន្តហោះ ប្រភេទ Boeing ដែរ​ជាពិសេស ប្រភេទ​យន្តហោះ B777 ដែល​ផ្តល់​ផាសុខភាព​ក្នុងការ​ធ្វើដំណើរ​»​។​
 
​ក្រៅពីនេះ​លោក W. Patrick Murphy ក៏​ពិភាក្សា​ពី​ការវិវត្តន៍​វិស័យ​អាកាសចរ​ស៊ីវិល​នៅ​កម្ពុជា ជាពិសេស​ក្នុងអំឡុងពេល Covid-19, ការសាងសង់​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​, កិច្ចព្រមព្រៀង​ផ្លូវអាកាស​រវាង​កម្ពុជា​និង​អាមេរិក និង​ការផ្តល់​សច្ចាប័ន​នៃ​ការអនុវត្ត​អនុសញ្ញា Cape Town Convention ជា​ប្រ​យោ​ជ​ន៏​សម្រាប់​ហិរញ្ញប្បទាន​ក្នុង​ការជួល​អាកាសយាន​ដែរ​។​
 
​ចំពោះ​សំណើ​គិតគូរ​ពី​អនុសញ្ញា​ខេ​ប​ថោ​ន (Cape Town Convention) កម្ពុជា​មិន​ជំទាស់​ឡើយ​។ តែ​លោក ម៉ៅ ហាវ​ណ្ណា​ល់ ស្នើ​ឲ្យ​លោក​ឯកអគ្គរដ្ឋទូត​អាមេរិក ផ្តល់​អ្នក​ប្រឹក្សា និង​ជំនួយ​បច្ចេកទេស រៀបចំ​ដំណើរការ​នេះ​។​
 
​ជាការ​ឆ្លើយតប​លោក W. Patrick Murphy សន្យា​រៀបចំ​អ្នកទំនាក់ទំនង​មក​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល និង​ជំនួយ​បច្ចេកទេស​សម្រាប់​ការផ្តល់​សច្ចាប័ន​អនុសញ្ញា Cape Town​។​
 
​ងាក​មក​និយាយ​ពី​កិច្ចព្រមព្រៀង​សេវាកម្ម​ដឹកជញ្ជូន​តាមផ្លូវ​អាកាស​វិញ បច្ចុប្បន្ននេះ​កម្ពុជា​បាន​ចុះហត្ថលេខា​ទាំង​ទ្វេរ​ភាគី និង​ពហុភាគី​បាន​ចំនួន​៤៤​ប្រទេស​ហើយ ក្នុងនោះ​ជាមួយ​បណ្តា​ប្រទេស​អាស៊ាន មាន​កិច្ចព្រមព្រៀង​ចំនួន​៦ ជា​លក្ខណៈ​ពហុភាគី​។ កម្ពុជា ក៏បាន​ពិភាក្សា​លើ​កិច្ចព្រមព្រៀង​ជាមួយ​អាមេរិក​វិញ តាំងពី​ឆ្នាំ​២០១៤​មក​ម្លេះ ដោយមាន​ចំណុច​ឯកភាពគ្នា​ច្រើន លើកលែងតែ​ពាក្យ​និយមន័យ ទឹកដី និង​ការស្នើសុំ​ធ្វើ​សេវាកម្ម​ផ្ទៃដី ដោយ​ភាគី​អាមេរិក​ផ្ទាល់​។ នេះ​ជាការ​បញ្ជាក់​របស់​រដ្ឋ​មន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរ​ស៊ីវិល ៕
 

Tag:
 យន្តហោះ​Boeing
  អាកាសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com