COVID-19
អន្តរជាតិ
លោក ត្រាំ ទុកពេលឲ្យ WHO ៣០ថ្ងៃដើម្បីកែប្រែ មុនសម្រេចចិត្តផ្អាកជំនួយអចិន្ត្រៃយ៍
× ប្រធានាធិបតី ដូណាល់ ត្រាំ បានគំរាមផ្អាកជំនួយអាមេរិកសម្រាប់អង្គការសុខភាពពិភពលោក (WHO) ជាអចិន្ត្រៃយ៍ បើអង្គការមួយនេះមិនផ្លាស់ប្ដូរស្ថាប័នរបស់ខ្លួនក្នុងពេល៣០ថ្ងៃទេនោះ។ ក្នុងលិខិតផ្ញើទៅកាន់អគ្គនាយក WHO លោក ត្រាំ បានរិះគន់យ៉ាងចាស់ដៃលើអង្គការសុខភាពពិភពលោកមួយនេះ ដោយបានលើកឡើងពីអ្វីដែលលោកចាត់ទុកជាកំហុស និងការការឆ្លើយតបមិនមានប្រសិទ្ធភាពទៅនឹងជំងឺ COVID-19 ។
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសរសេរលិខិតមួយចុះថ្ងៃទី១៨ ខែឧសភា ផ្ញើឲ្យអគ្គនាយកអង្គការសុខភាពពិភពលោក WHO លោក Tedros Adhanom Ghebreyesus ដោយបានរៀបរាប់ពីទង្វើដែលរដ្ឋាភិបាលលោកចាត់ថា ជារឿងមិនត្រឹមត្រូវ។ លោក ត្រាំ ក៏រិះគន់ WHO ថា មិនអាចគ្រប់គ្រងCOVID-19 នៅដំណាក់កាលដំបូងនៃការផ្ទុះ និងមានទំនោរទៅរកចិនខ្លាំងពេករហូតមិនអាចសម្រេចចិត្តបានដោយឯករាជ្យ។
«អង្គការសុខភាពពិភពលោក មិនអើពើនឹងរបាយការណ៍ទុកចិត្តជាបន្តបន្ទាប់ពាក់ព័ន្ធការរាលដាលកូរ៉ូណាវីរុសនៅវូហាននៅដើមខែធ្នូ ឆ្នាំ២០១៩ ឬក៏មុននេះទៅទៀតដោយរាប់ទាំងរបាយការណ៍របស់ព្រឹត្តប័ត្រវេជ្ជសាស្ត្រ Lancet ។ អង្គការសុខភាពពិភពលោក មិនបានស៊ើបអង្កេតដោយឯករាជ្យលើរបាយការណ៍ដែលមិនស្របនឹងរបាយការណ៍រដ្ឋាភិបាលចិន ទោះជាមានប្រភពពីទីក្រុងវូហានក្ដី។» នេះជាសំណេរក្នុងសំបុត្រលោក ត្រាំ ។
ក្នុងសំបុត្រដដែល លោក ត្រាំ ក៏បង្ហាញការមិនពេញចិត្តនឹង WHO ដែលជំទាស់ការវិធានការបិទប្រទេសរបស់លោក តែបែរជាសរសើរវិធានការរឹតត្បិតដ៏តឹងរ៉ឹងរបស់ចិនទៅវិញ។ មេដឹកនាំអាមេរិករូបនេះ ក៏បន្តរិះគន់អង្គការអន្តរជាតិខាងសុខាភិបាលមួយលើការមិនដាក់សម្ពាធលើចិនឲ្យមានការអនុញ្ញាតឲ្យអ្នកជំនាញអន្តរជាតិចូលទឹកដីចិន ហើយនៅពេលទៅដល់ចិន បែរជាមិនអាចទៅដល់ទីក្រុងវូហានទៅទៀត។
សំណេរបួនទំព័របស់លោក ត្រាំ ទៅកាន់លោក Tedros បញ្ចប់ទៅដោយការទទូចជាថ្មីឲ្យ WHO ធ្វើកំណែទម្រង់ជាក់លាក់ក្នុងរយៈពេល៣០ថ្ងៃ។ លោក ត្រាំ ព្រមានថា បើ WHO មិនធ្វើបែបនោះ អាមេរិកនឹងផ្អឹបជំនួយរបស់ខ្លួនជាអចិន្ត្រៃយ៍តែម្ដង ហើយក៏ពិចារណាពីសមាជិកភាពក្នុងអង្គការមួយនេះផងដែរ ព្រោះអាមេរិកមិនអាចចំណាយលុយដែលបានមកពីការបង់ពន្ធរបស់ប្រជាជនខ្លួនលើអង្គការដែលមិនបម្រើប្រយោជន៍អាមេរិកឡើយ។
អាមេរិក បានបង្កកលុយចំណែករបស់ខ្លួនសម្រាប់អង្គការនេះកាលពីថ្ងៃ១៤ ខែមេសាកន្លងទៅ ដោយចោទ WHO លើការគ្រប់គ្រង COVID-19 មិនបានល្អ។ មន្ត្រីទាំងតូចទាំងក្នុងរដ្ឋបាលលោក ត្រាំ បានរិះគន់ចិនមិនសំចៃមាត់រហូតដល់ថ្នាក់លើកឡើងថា វីរុសនេះមានប្រភពពីមន្ទីរពិសោធន៍នៅក្រុងវូហានទៀតផង។ រឿងនេះក៏ក្លាយជាកម្មវត្ថុនៃជម្លោះពាក្យសម្ដីមួយទៀតរវាងអាមេរិក និងចិន៕
Tag:
អាមេរិក
WHO
COVID-19
ដូណាល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com