COVID-19
អន្តរជាតិ
ប្រធានាធិបតីឥណ្ឌូណេស៊ី ឲ្យពន្លឿនការផ្ដល់ជំនួយសង្គមជូនពលរដ្ឋរងគ្រោះដោយ COVID-19 ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ (AFP)
× ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ នៅថ្ងៃទី១៨ ខែឧសភា បានជំរុញឲ្យក្រសួងពាក់ព័ន្ធពន្លឿនការផ្ដល់ជំនួយសង្គម ដោយបានកត់សម្គាល់ថា បញ្ហាផ្នែករដ្ឋបាលបណ្ដាលឲ្យការចែកជំនួយមានភាពយឺតយ៉ាវ។
ថ្លែងនៅដើមកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោកប្រធានាធិបតី ចូកូ វីដូដូ បានគូសបញ្ជាក់ថា ប្រជាជនក្រីក្រត្រឹម១៥ភាគរយប៉ុណ្ណោះនៅតាមភូមិជនបទ និង២៥ភាគរយនៅតាមទីក្រុង ដែលជីវភាពពួកគេរងប៉ះពាល់ដោយ COVID-19 ទទួលបានជំនួយសង្គម។
«សម្រាប់ការចែកជំនួយសង្គមជាសាច់ប្រាក់សុទ្ធ និងសម្ភារប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ ខ្ញុំចង់ឲ្យដំណើរការត្រូវបានពន្លឿន និងនីតិវិធីផ្នែករដ្ឋបាលងាយស្រួល»។ លោកប្រធានាធិបតី ប្រាប់សមាជិកគណៈរដ្ឋមន្ត្រីឥណ្ឌូណេស៊ីបែបនេះ។
តាមការចុះផ្សាយរបស់ទូរទស្សន៍សិង្ហបុរី Channel News Asia លោក វីដូដូ ស្នើឲ្យទម្លាក់កិច្ចការនេះទៅផ្នែករដ្ឋបាលតំបន់ដើម្បីពន្លឿនការដាក់ពាក្យសុំ និងដំណើរការផ្ទៀងផ្ទាត់ ពាក់ព័ន្ធនឹងការបញ្ជាក់ថានរណាដែលនឹងមានសិទ្ធិទទួលបានជំនួយនេះ។ ត្រង់ចំណុចនេះ លោកនិយាយដូច្នេះថា៖«[រដ្ឋាភិបាលកណ្ដាល] ផ្ដល់ភាពបត់បែនបន្ថែមទៅកាន់រដ្ឋាភិបាលតំបន់ ជាពិសេសតាមបណ្ដាភូមិស្រុក ដើម្បីឲ្យពួកគេបង្កើតនិងអនុវត្តគោលនយោបាយផ្ទាល់ខ្លួន។
រដ្ឋាភិបាលឥណ្ឌូណេស៊ី បានត្រៀមលុយ ៤៣ពាន់លានដុល្លារដើម្បីផ្គត់ផ្គង់កិច្ចគាំពារសង្គម និងកម្មវិធីផ្ដល់សន្ទុះដល់សេដ្ឋកិច្ច។ លោកប្រធានាធិបតី វីដូដូ បានណែនាំក្រសួងតំបន់ខ្វះការអភិវឌ្ឍនិងភូមិឥណ្ឌូណេស៊ីផ្ដល់ជំនួយសង្គមបន្ថែមទៀតជូនដល់គ្រួសារខ្វះខាតជាង១០លានគ្រួសារដែលរស់នៅតាមតំបន់ជនបទ។
ក្រោមកម្មវិធីនេះ គ្រួសារឥណ្ឌូណេស៊ីនីមួយៗ នឹងទទួលលុយជាង១២០ដុល្លារក្នុងពេល៣ខែ។ ម្យ៉ាងវិញទៀត ក្រសួងកិច្ចការសង្គមឥណ្ឌូណេស៊ី ក៏ផ្ដល់លុយជំនួយជាង១២០ដុល្លារដូចគ្នាទៅកាន់គ្រួសារឥណ្ឌូណេស៊ីខ្វះខាតដែលរស់នៅក្នុងតំបន់ទីប្រជុំជន។ ទន្ទឹមនេះ រដ្ឋាភិបាលឥណ្ឌូណេស៊ី ក៏ផ្ដល់លុយជាង១៦១ដុល្លាររយៈពេល៤ខែដល់ពលរដ្ឋដែលអត់ការងារធ្វើ និងទើបបាត់បង់ការងារដោយសារ COVID-19។
គិតត្រឹមថ្ងៃទី១៩ ខែឧសភា ប្រទេសឥណ្ឌូណេស៊ី មានករណីឆ្លងសរុប ១៨ ០១០ករណី ហើយអ្នកស្លាប់មាន១១៩១នាក់។ បើតាមវេបសាយ worldometers អ្នកជាសះស្បើយមានសរុប ៤៣២៤នាក់៕
Tag:
ឥណ្ឌូណេស៊ី
ចូកូ វីដូដូ
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com