COVID-19
អន្តរជាតិ
ប្រធានាធិបតី​ឥណ្ឌូណេស៊ី ឲ្យ​ព​ន្លឿ​ន​ការផ្ដល់​ជំនួយ​សង្គម​ជូ​ន​ពលរដ្ឋ​រងគ្រោះ​ដោយ COVID-19
19, May 2020 , 9:19 pm        
រូបភាព
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ (AFP)
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ (AFP)
ដោយ:
​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ចូ​កូ វី​ដូ​ដូ នៅ​ថ្ងៃទី​១៨ ខែឧសភា បាន​ជំរុញ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ព​ន្លឿ​ន​ការផ្ដល់​ជំនួយ​សង្គម ដោយបាន​កត់សម្គាល់ថា បញ្ហា​ផ្នែក​រដ្ឋបាល​បណ្ដាល​ឲ្យ​ការចែក​ជំនួយ​មាន​ភាពយឺតយ៉ាវ​។

 
​ថ្លែង​នៅ​ដើម​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី លោក​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ បាន​គូសបញ្ជាក់ថា ប្រជាជន​ក្រីក្រ​ត្រឹម​១៥​ភាគរយ​ប៉ុណ្ណោះ​នៅតាម​ភូមិ​ជនបទ និង​២៥​ភាគរយ​នៅតាម​ទីក្រុង ដែល​ជីវភាព​ពួកគេ​រង​ប៉ះពាល់​ដោយ COVID-19  ទទួលបាន​ជំនួយ​សង្គម​។ 
 
«​សម្រាប់​ការចែក​ជំនួយ​សង្គម​ជា​សាច់ប្រាក់​សុទ្ធ និង​សម្ភារ​ប្រើប្រាស់​ចាំបាច់​ប្រចាំថ្ងៃ ខ្ញុំ​ចង់​ឲ្យ​ដំណើរការ​ត្រូវបាន​ព​ន្លឿ​ន និង​នីតិវិធី​ផ្នែក​រដ្ឋបាល​ងាយស្រួល​»​។ លោក​ប្រធានាធិបតី ប្រាប់​សមាជិក​គណៈរដ្ឋមន្ត្រី​ឥណ្ឌូណេស៊ី​បែបនេះ​។ 
 
​តាម​ការចុះផ្សាយ​របស់​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia លោក វី​ដូ​ដូ ស្នើ​ឲ្យ​ទម្លាក់​កិច្ចការ​នេះ​ទៅ​ផ្នែក​រដ្ឋបាល​តំបន់​ដើម្បី​ព​ន្លឿ​ន​ការដាក់​ពាក្យសុំ និង​ដំណើរការ​ផ្ទៀងផ្ទាត់ ពាក់ព័ន្ធ​នឹង​ការបញ្ជាក់​ថា​នរណា​ដែល​នឹងមាន​សិទ្ធិ​ទទួលបាន​ជំនួយ​នេះ​។ ត្រង់ចំណុច​នេះ លោក​និយាយ​ដូច្នេះ​ថា​៖«[​រដ្ឋាភិបាលកណ្ដាល​] ផ្ដល់​ភាពបត់បែន​បន្ថែម​ទៅកាន់​រដ្ឋាភិបាល​តំបន់ ជាពិសេស​តាម​បណ្ដា​ភូមិ​ស្រុក ដើម្បី​ឲ្យ​ពួកគេ​បង្កើត​និង​អនុវត្ត​គោលនយោបាយ​ផ្ទាល់ខ្លួន​។​
 
​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី បាន​ត្រៀម​លុយ ៤៣​ពាន់​លាន​ដុល្លារ​ដើម្បី​ផ្គត់ផ្គង់​កិច្ច​គាំពារ​សង្គម និង​កម្មវិធី​ផ្ដល់​សន្ទុះ​ដល់​សេដ្ឋកិច្ច​។ លោក​ប្រធានាធិបតី វី​ដូ​ដូ បាន​ណែនាំ​ក្រសួង​តំបន់​ខ្វះ​ការអភិវឌ្ឍ​និង​ភូមិ​ឥណ្ឌូណេស៊ី​ផ្ដល់ជំនួយ​សង្គម​បន្ថែមទៀត​ជូន​ដល់​គ្រួសារ​ខ្វះខាត​ជាង​១០​លាន​គ្រួសារ​ដែល​រស់​នៅតាម​តំបន់​ជនបទ​។ 
 
​ក្រោម​កម្មវិធី​នេះ គ្រួសារ​ឥណ្ឌូណេស៊ី​នីមួយៗ នឹង​ទទួល​លុយ​ជាង​១២០​ដុល្លារ​ក្នុងពេល​៣​ខែ​។ ម្យ៉ាងវិញទៀត ក្រសួង​កិច្ចការ​សង្គម​ឥណ្ឌូណេស៊ី ក៏​ផ្ដល់​លុយ​ជំនួយ​ជាង​១២០​ដុល្លារ​ដូចគ្នា​ទៅកាន់​គ្រួសារ​ឥណ្ឌូណេស៊ី​ខ្វះខាត​ដែល​រស់នៅក្នុង​តំបន់​ទីប្រជុំជន​។ ទន្ទឹមនេះ រដ្ឋាភិបាល​ឥណ្ឌូណេស៊ី ក៏​ផ្ដល់​លុយ​ជាង​១៦១​ដុល្លារ​រយៈពេល​៤​ខែ​ដល់​ពលរដ្ឋ​ដែល​អត់​ការងារ​ធ្វើ និង​ទើប​បាត់បង់​ការងារ​ដោយសារ COVID-19​។​
 
​គិត​ត្រឹម​ថ្ងៃទី​១៩ ខែឧសភា ប្រទេស​ឥណ្ឌូណេស៊ី មាន​ករណី​ឆ្លង​សរុប ១៨ ០១០​ករណី ហើយ​អ្នក​ស្លាប់មាន​១១៩១​នាក់​។ បើតាម​វេ​ប​សាយ worldometers អ្នកជា​សះស្បើយ​មាន​សរុប ៤៣២៤​នាក់​៕ 
 
 

Tag:
 ឥណ្ឌូណេស៊ី​
  ចូ​កូ វី​ដូ​ដូ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com