ជាតិ
សង្គមជាតិ
មហាផ្ទៃ ពិភាក្សា​សេចក្តីព្រាង​ស្តីពី​ការគ្រប់គ្រង​«​ដ្រូ​ន​» ដើម្បី​ធានា​សុវត្ថិភាព និង​សន្តិសុខ​ជាតិ​
19, May 2020 , 4:58 pm        
រូបភាព
ភ្នំពេញ​៖ ក្រសួងមហាផ្ទៃ បើក​កិច្ចប្រជុំ​ពិភាក្សា​ជាថ្មី លើ​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី​ការគ្រប់គ្រង​អាកាសយាន​គ្មាន​មនុស្ស​បើក (​ដ្រូ​ន​) នៅ​ថ្ងៃទី​១៩ ឧសភា ដើម្បី​ធានា​សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​សាធារណៈ​សង្គម​។​

 
​លោក ប៊ុន ហុន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ដែល​បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​នោះ បាន​បញ្ជាក់ថា អាកាសយាន​គ្មាន​មនុស្ស​បើក (​ដ្រូ​ន​)​នេះ វា​អាច​យក​ប្រើប្រាស់​ក្នុង​ផ្លូវ​វិជ្ជមាន​ផង និង​អាច​ប៉ះពាល់​សន្តិសុខ​ជាតិ ដែល​តម្រូវឱ្យ​មានការ​យកចិត្តទុកដាក់​គ្រប់គ្រង​ឱ្យមាន​ប្រសិទ្ធភាព​។​
 
​ក្រសួងមហាផ្ទៃ បាន​ស្រង់​សម្តី​លោក ប៊ុន ហុន សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ដូច្នេះ​ថា​៖«​នៅថ្ងៃនេះ​យើង​លើកយក​សេចក្តីព្រាង​អនុក្រឹត្យ​នេះ​មក​ពិភាក្សា​បន្តទៀត​ព្រោះថា សេចក្តីព្រាង​អនុក្រឹត្យ​នេះ​ពិត​ជាមាន​សារៈសំខាន់​ណាស់ ដោយ​សព្វថ្ងៃនេះ​មិនទាន់មាន​ការគ្រប់គ្រង​ច្បាស់លាស់​នៅឡើយ​ទេ​។ អាកាសយាន​គ្មាន​មនុស្ស​បើក (​ដ្រូ​ន​) ប្រសិនបើ​ក្នុង​វិស័យ​កសិកម្ម ឬ​ក្នុង​វិស័យ​ពាណិជ្ជកម្ម មិនមាន​ការបារម្ភ​នោះទេ ប៉ុន្តែ​បើ​យកទៅ​ប្រើប្រាស់​ប៉ះពាល់​ទៅដល់​សន្តិសុខ​ជាតិ នេះ​ជាការ​បារម្ភ​យ៉ាងធ្ងន់ធ្ងរ​»​។​
 
​ក្រោយ​កិច្ចប្រជុំ​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី​ការគ្រប់គ្រង​អាកាសយាន​គ្មាន​មនុស្ស​បើក (​ដ្រូ​ន​)​នេះ​រួច ក្រសួងមហាផ្ទៃ ក៏​នឹង​ប្រជុំ​អន្តរក្រសួង​ពាក់ព័ន្ធ ដូចជា​ក្រសួងការពារជាតិ លេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល ដើម្បី​ពិភាក្សា​ឱ្យ​កាន់តែ​ល្អ និង​អាច​យកទៅ​អនុវត្តបាន​ត្រឹមត្រូវ​។​
 
​អនុក្រឹត្យ​នេះ មាន​គោលបំណង​គ្រប់គ្រង​អាកាសយាន​គ្មាន​អ្នកបើក (​ដ្រូ​ន​) គ្រប់​ប្រភេទ ដើម្បី​ធានា​សុវត្ថិភាព សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៅ​កម្ពុជា​។ អនុក្រឹត្យ​នេះ ក៏​នឹង​កំណត់​អំពី​ការចុះបញ្ជី​ការ ការអនុញ្ញាត​ផលិត ការកែច្នៃ ការប្រើប្រាស់ និង​ការកំណត់​តំបន់ហាមឃាត់ និង​ការប្រើប្រាស់​ដ្រូ​ន​ផងដែរ​។ អនុក្រឹត្យ​នេះ​មាន​វិសាលភាព អនុវត្ត​ចំពោះ​អាកាសយាន​គ្មាន​មនុស្ស​បើក​(​ដ្រូ​ន​) គ្រប់​ប្រភេទ​នៅ​កម្ពុជា លើកលែងតែ​ការផលិត ការកែច្នៃ និង​ការប្រើប្រាស់​ដែល​បម្រើឱ្យ​វិស័យ​ការពារជាតិ និង​សន្តិសុខ ដែលមាន​ការអនុញ្ញាត​ពី​រាជរដ្ឋាភិបាល​។​
 
​ក្រសួងមហាផ្ទៃ ធ្លាប់បាន​ប្រជុំពិភាក្សា​សេចក្តីព្រាង​អនុ​ក្រឹ​ត​ស្តីពី​ការគ្រប់គ្រង​អាកាសយាន​គ្មាន​មនុស្ស​បើក (​ដ្រូ​ន​)​នេះ ម្តង​រួចមកហើយ កាលពី​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៩៕
 

Tag:
 ដ្រូ​ន​
  សណ្ដាប់ធ្នាប់
© រក្សាសិទ្ធិដោយ thmeythmey.com