COVID-19
អន្តរជាតិ
អូស្ត្រាលី​ខកចិត្ត បន្ទាប់ពី​ចិន​ដំឡើង​ពន្ធ​លើ​ស្រូវ​របស់ខ្លួន ស្របពេល​មិនត្រូវ​គ្នា​រឿង COVID-19
19, May 2020 , 9:59 pm        
រូបភាព
ស្រូវបាឡេ។ រូបភាព៖ Getty image
ស្រូវបាឡេ។ រូបភាព៖ Getty image
​រដ្ឋមន្ត្រី​កសិកម្ម​អូស្ត្រាលី នៅ​ថ្ងៃទី​១៩ ខែឧសភា បង្ហាញ​ការខកចិត្ត​ជាខ្លាំង បន្ទាប់ពី​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង បាន​ដំឡើង​ពន្ធ​លើ​ស្រូវ​បា​ឡេ​(Barley) របស់ខ្លួន​ចំនួន ៨០,៥​ភាគរយ ដោយ​ក្រុង​កង់​បេ​រ៉ា​ជួយឧបត្ថម្ភ​ធន និង​អនុវត្ត​ការ​គោលនយោបាយ​បន្ទាប​តម្លៃ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ផលិតផល​ក្នុងស្រុក​ចិន​។ ការដំឡើង​ពន្ធ​រយៈពេល កាន់តែ​បង្ក​ឲ្យ​មាន​ភាព​តានតឹង​បន្ថែមទៀត ខណៈពេល​ចិន និង​អូស្ត្រាលី កំពុង​មើលមុខ​គ្នា​មិន​ចំ ដោយសារ​ជំងឺ COVID-19 ។

 
​តាម​សេចក្តីប្រកាស​របស់​ក្រសួងពាណិជ្ជកម្ម​ចិន នា​ថ្ងៃទី​១៨ ខែឧសភា ទីក្រុង​ប៉េកាំង នឹង​ដំឡើង​ពន្ធ​៥​ឆ្នាំ​លើ​ក្រុមហ៊ុន​របស់​អូស្ត្រាលី​ដែល​នាំចូល​ស្រូវ​បា​ឡេ​ទាំងអស់​ចំនួន​៧៣,៦​ភាគរយ ដោយ​បូក​រួមទាំង​ពន្ធ​ប្រឆាំងនឹង​ឧបត្ថម្ភ​ធន​ចំនួន ៦,៩​ភាគរយ​។ បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ក្នុង​មួយឆ្នាំៗ អូស្ត្រាលី​នាំចូល​ស្រូវ​បា​ឡេ មក​ចិន​ចន្លោះ​ពី ៩៨០​លាន​ដុល្លារ ដល់ ១,៣​ពាន់​លាន​ដុល្លារ​។ ការដំឡើង​ពន្ធ​នេះ ត្រូវ​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃទី​១៩ ខែឧសភា​នេះ​តទៅ​។ 
 
​បើតាម​ការអះអាង​រប​ស់​ក្រសួងពាណិជ្ជកម្ម​ចិន ការដំឡើង​ពន្ធ​លើ​ក្រុមហ៊ុន​នាំចូល​របស់​អូស្ត្រាលី​បែបនេះ គឺ​ដោយសារតែ តម្លៃ​របស់​ស្រូវ​បា​ឡេ​អូស្ត្រាលី បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឧស្សាហកម្ម​ក្នុងស្រុក​ចិន​យ៉ាងខ្លាំង​។ ការអះអាង​របស់​ទីក្រុង​ប៉េកាំង​បែបនេះ ធ្វើឡើង​ដោយ​ផ្អែកទៅលើ​ការស៊ើបអង្កេត​របស់ខ្លួន​តាំងពី​ឆ្នាំ ២០១៨​កន្លងមក​។ 
 
​ទាក់ទិន​នឹង​បញ្ហា​នេះ រដ្ឋមន្ត្រី​កសិកម្ម​អូស្ត្រាលី លោក David Littleproud បាន​ឆ្លើយតប​ថា លោក​ពិតជា​ខក​ចិត្តជា​ខ្លាំង​ចំពោះ​ទង្វើ​របស់​រដ្ឋាភិបាល​ចិន​។ ក្នុងន័យនេះ លោក​រដ្ឋមន្ត្រី ជំទាស់​ជាដាច់ខាត ដែល​ភាគី​ចិន​បាន​លើកឡើងថា កសិករ​ដាំ​ស្រូវ​បា​ឡេ​របស់​អូស្ត្រាលី​ទទួល​ឧបត្ថម្ភ​ធន​ពី​រដ្ឋាភិបាល​។ អូស្ត្រាលី នឹង​ចាត់វិធានការ​ទៅតាម​ការសម្រេចចិត្តរ​បស់​ទីក្រុង​ប៉េកាំង ដោយ​អត់ធ្មត់​និង​តាម​នីតិវិធី ហើយ ក៏​ត្រៀម​ការពារ​ខ្លួន តាមរយៈ​ការដាក់​ពាក្យបណ្តឹង​ទៅ​អង្គការ​ពាណិជ្ជកម្ម​អន្តរជាតិ​ផងដែរ​។ 
 
​បើទោះបីជា ចិន​ដំឡើង​ពន្ធ​បន្ថែម​លើ​ស្រូវ​បា​ឡេ​ក៏ដោយ ក៏​អូស្ត្រាលី​មិន​សក​សឹក​ចិន​តាមរយៈ​វិធានការ​ដំឡើង​ពន្ធ​តប​វិញ​ដែរ​។ នេះ​បើតាម​ការអះអាង​របស់​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អូស្ត្រាលី លោក Simon Birmingham ដែល​បាន​បន្តថា វា​គ្មាន​ឡើង​ការ​សក​សឹក​ជាមួយ​ចិន ហើយ​អូស្ត្រាលី ក៏​គ្មាន​គោលនយោបាយ​ពាណិជ្ជកម្ម ដែល​បង្ក​ឲ្យ​ខាត​ភាគី​ទាំងសងខាង​ដែរ​។ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​រូបនេះ​បន្ថែមថា ពាណិជ្ជកម្ម​របស់​អូស្ត្រាលី នៅតែ​បន្ត​បើកចំហ​ជាមួយ​ចិន ព្រោះ​ប្រទេស​ទាំងពីរ មិនមែន​រកស៊ី​តែ​លើ​មុខទំនិញ​តែមួយ​មុខ​នោះឡើយ​។ 
 
​ម្យ៉ាងវិញទៀត អូស្ត្រាលី ក៏បាន​ទទួលស្គាល់ថា ចិន​អាច​ប្រើប្រាស់​កាតព្វកិច្ច​ប្រឆាំង​ការ​បន្ទាប​តម្លៃ និង​ឧបត្ថម្ភ​ធន ដែល​មានចែង​ក្នុង​បទ​បញ្ញា​ត្តិ​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​លោក​នេះ​បាន​។ ប៉ុន្តែ​ប្រសិនបើ​ក្នុងករណី​ចិន​ប្រើ​កាតព្វកិច្ច​នេះ​ខុស អូស្ត្រាលី​នឹង​ប្រើ​វិធាន​ទាំងនេះ ប្រឆាំងនឹង​ចិន​វិញ​។ 
 
​ជំនួស​ការបញ្ជាទិញ​ពី​អូស្ត្រាលី​នូវ​គ្រាប់​ធញ្ញជាតិ ដែល​គេ​យកទៅ​ផលិត​ជា​ស្រា​បៀ និង​ចំណី​សត្វ​នេះ ចិន​អាច​នឹង​នាំចូល​ពី​បារាំង កាណាដា អា​ហ្ស​ង់​ទីន និង​ប្រទេស​មកពី​តំបន់​អឺរ៉ុប​មួយចំនួន​។ ការដំឡើង​ពន្ធ​នេះ ធ្វើឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​ចិន​កាត់បន្ថយ​ការនាំ​ចូល​សាច់គោ​ចំនួន​២០​ភាគរយ ពី​ក្រុមហ៊ុន​ផ្គត់ផ្គង់​សាច់គោ​អូស្ត្រាលី​ចំនួន​៤ និង​ខណៈពេល​ប្រទេស​ទាំងពីរ​កំពុង​តែមាន​បញ្ហា​ចម្រូងចម្រាស់​ជុំវិញ COVID-19 ៕

Tag:
 អូស្ត្រាលី​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com