ចាន់ រតនា​, នៅ ស្រី​ពៅ និង ខុន ស៊ី​ចាន់ អាច​នឹង​ចូល​ហាត់​ពេញ​ម៉ោង​ក្រោយ​ស្ងាត់ Covid-19?
COVID-19
ONE Championship
ជាតិ
ចាន់ រតនា​, នៅ ស្រី​ពៅ និង ខុន ស៊ី​ចាន់ អាច​នឹង​ចូល​ហាត់​ពេញ​ម៉ោង​ក្រោយ​ស្ងាត់ Covid-19?
20, May 2020 , 8:59 am        
រូបភាព
​ជំងឺ Covid-19 នៅ​កម្ពុជា​កាន់​សាបរលាប​រហូតដល់​អ្ន​កកើត​ទាំង​១២២ នាក់​បានជា​សះស្បើយ និង​មិនមាន​ករណី​ថ្មី​កើតឡើង​នោះទេ​ក្នុង​រយៈពេល​ប្រមាណ​មួយខែ​ចុងក្រោយ​នេះ​។



ព្រឹត្តិការណ៍​កីឡា​មានតែ​ប្រដាល់​មួយគត់​ដែលមាន​សកម្មភាព​ផុសផុល​លើ​ការរៀបចំ​ការប្រកួត​ពី​សំណាក់​សង្វៀន​ទូរទស្សន៍​ក្នុងស្រុក​ពោល​ការប្រកួត​កីឡាករ​ខ្មែរ និង​ខ្មែរ​។ ចុះ ចាន់ រតនា និង នៅ ស្រី​ពៅ ដែល​មិនសូវ​បាន​ឡើង​សង្វៀន បាន​ហ្វឹកហាត់​កម្រិតណា​ទៅ​? ចំណែក ខុន ស៊ី​ចាន់ ដែល​ជាប់​កុងត្រា​នៅ ONE Championship បាន​ហ្វឹកហាត់​ដិតដល់​ឬទេ​? 
​តារា​គុន​ចម្រុះ​ប្រចាំ​ប្រទេស ចាន់ រតនា មិនអាច​ទាក់ទង​បានទេ​នា​ថ្ងៃអាទិត្យ​នេះ ប៉ុន្តែ​បាន​បង្ហើប​នាល​ពេល​ថ្មីៗ​កន្លងមក​យ៉ាង​ដូច្នេះ​៖«​ទោះ​មិនបាន​ហាត់​ពេញ​ម៉ោង តែ​ខ្ញុំ​បាន​ហាត់​កម្លាំង​អំណត់​ជាមួយ​គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី Lorenzo ជាប្រចាំ​ព្រោះ​គ្រូ​ផ្សេងៗ​ទៀត​ត្រូវ​ផ្អាក​សិន​សិន​មុន​កូ​រ៉ូ​ណា​លែង​រាលដាល​។ ពេល Covid-19 ចប់ ខ្ញុំ​នឹង​បើក​ក្លិប​ខ្ញុំ​ឡើងវិញ និង​ហ្វឹកហាត់​ជាមួយ​គ្រូ​ជំនាញ​ផ្សេងៗ​ផងដែរ ព្រោះ​ខ្ញុំ​ត្រៀម​ប្រកួត​នៅ​សង្វៀន ONE»​។ 
 


​កាល​ប្រទេស​ត្រូវបាន​រឹតត្បិត​ដោយសារ Covid-19 ចាន់ រតនា បាន​ផ្អាក​ដំណើរការ​ក្លិប​តាំងពី​ខែមីនា មកម្ល៉េះ និង មិនបាន​ហ្វឹកហាត់​ក្បាច់​ឃ្លេ ជឺ​ជិត​ស៊ូ និង Boxing នោះឡើយ​។ យ៉ាងណាក្ដី កីឡាករ​វ័យ​៣៤​ឆ្នាំ​រូបនេះ​បាន​បញ្ជាក់ថា​៖«​ខ្ញុំ​រក្សា​កម្លាំង​ឲ្យ​នៅ​ល្អ ដោយ​ហាត់​ខ្លួនឯង និង ហាត់​ជាមួយ​គ្រូ Lorenzo​។ ដូច្នេះ​បច្ចេកទេស​នានា​ចាំ​ហាត់​តាម​ក្រោយ​មិន​បញ្ហា​នោះទេ​»​។ 
 
 
​ចំណែក នៅ ស្រី​ពៅ ដែល​បាន​ប្រឡូក​នៅ​សង្វៀន​លំដាប់​ពិភពលោក ONE កន្លងមក​បាន​ថ្លែង​បែបនេះ​៖«​ខ្ញុំ​ប្រហែលជា​ចូល​ហ្វឹកហាត់​ធម្មតា​វិញ​នៅ​អាទិត្យ​ក្រោយ​នៅ​ក្លិប​របស់ខ្ញុំ​តា​ឡី​ដំរី​មាន​រិ​ទ្ធ​។ ពេល​មាន​កម្មវិធី​ប្រកួត​អន្តរជាតិ ទើប​ខ្ញុំ​ទៅ​ហាត់​នៅ Cambodian Top Team ព្រោះ​អាច​ហាត់​ក្បាច់​ឃ្លេ ឬ MMA ជាដើម​។ ការចូល​ហ្វឹកហាត់​របស់ខ្ញុំ​នៅ​ក្លិប​នា​សប្ដាហ៍​ក្រោយ គឺមាន​វេន​ព្រឹក​និង​ល្ងាច​»​។ 
 
 
​រីឯ ខុន ស៊ី​ចាន់ ដែលជា​កីឡាករ​គុន​ចម្រុះ​ជាប់កិច្ចសន្យា​ប្រកួត​នៅ​សង្វៀន​អន្តរជាតិ ONE Championship នោះបាន​ឲ្យ​ដឹងថា ៖«​ខ្ញុំ​ហ្វឹកហាត់​ជាមួយ​ប្អូន​ជាប្រចាំ​នៅឯ​ស្រុក​អន្លង់វែង​តែ​មិន​ហាត់​ខ្លាំង​ណាស់ណា​ទេ​។ ខ្ញុំ​ហាត់​ជាមួយ​ប្អូន និង​កូនសិស្ស​ពីរ​បីនាក់​ផ្សេងទៀត​។ ប៉ុន្តែ​មិនសូវ​បាន​ហ្វឹកហាត់​ដិតដល់ ដូច្នេះ ខ្ញុំ​បាន​ប្រកួត​ចាញ់ ឃីម បូរ៉ា ដោយ​ពិន្ទុ​នាពេល​ថ្មីៗ​នេះដែរ​។



យ៉ាងណាក្ដី ខ្ញុំ​ប្រកួត​នេះ គឺ ខ្ញុំ​ជំនួស​គេ​ទេ ហើយ​ពេល​ប្រថុចញ៉ុច​ពេក​នៅ​សង្វៀន CTN»​។ នៅ​ថ្ងៃទី ៣១ ខែ ឧសភា ខាងមុខនេះ កូនសិស្ស​មកពី​ក្លិប​អប់រំ​កាយ និង កីឡា​ស្រុក​អន្លង់វែង​នឹង​ប្រកួត​កម្ដៅ​សាច់ដុំ​មួយ​ប្រកួត​ទៀត​ដោយ​អាច​ជួប​កីឡាករ​ជើង​ខ្លាំង លាប រដ្ឋា​។ 
 
​ខុន ស៊ី​ចាន់ សង្កត់ធ្ងន់ថា ៖«​បើសិន Covid-19 ស្រាកស្រាន្ត​មែនទែន មិនយូរ​នោះទេ​ខ្ញុំ​នឹង​ឡើង​វ៉ៃ​នៅ​សង្វៀន ONE Championship ជាថ្មី​ក្នុង​រយៈពេល​ប្រមាណ​ពីរ​ខែ​ខាងមុខ​»៕

Tag:
 ​អត្ថបទ​៖ ស៊ី​ធី​
© រក្សាសិទ្ធិដោយ thmeythmey.com