COVID-19
អន្តរជាតិ
ខេត្ត​ចិន​២ ផ្ដល់​លុយ​ដល់​កសិករ​ជា​ថ្នូរ​នឹង​ការឈប់​ជួញដូរ​សត្វព្រៃ​ខុសច្បាប់​
20, May 2020 , 7:59 am        
រូបភាព
ដោយ:
អាជ្ញាធរខេត្ត​ពីរ​របស់​ចិន ប្រកាស​ផ្ដល់​សាច់ប្រាក់​ជូន​ដល់​ប្រជាកសិករ ដើម្បី​ឲ្យ​ពួកគេ​ឈប់​ប្រកបមុខរបរ​ចិញ្ចឹម​សត្វព្រៃ ខណៈដែល​រដ្ឋាភិបាលរ​ង​សម្ពាធ​កាន់តែខ្លាំង​ឲ្យ​បង្ក្រាប​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់​។ តាម​របាយការណ៍​បឋម ការជួញដូរ​សត្វព្រៃ​ខុសច្បាប់​ក្នុងប្រទេស​ចិន​នេះហើយ ត្រូវ​រង​ស្តីបន្ទោស​ថា នាំ​ឲ្យ​មាន​ការរីក​រាលដាល​ជំងឺ COVID-19​។​

 
​អាជ្ញាធរ​ចិន បាន​សន្យា​ប្រគល់​ប្រាក់​ជូន​ម្ចាស់​កសិដ្ឋាន ឬ​កសិករ​ចិន​ដែល​ចិញ្ចឹម​សត្វព្រៃ ជា​ថ្នូរ​ឲ្យ​ពួកគេ​ឈប់​ប្រព្រឹត្ត​អំពើ​បែបនេះ​តទៅទៀត​។ ក្រុម​អង្គការ​សិទ្ធិ​សត្វ អះអាង​បែបនេះ ដោយ​ដកស្រង់​ចុះផ្សាយ​ទីភ្នាក់ងារ​ព័ត៌មាន AFP នៅ​ថ្ងៃ​១៩ ខែឧសភា​។​
 
​ក្នុងពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ រដ្ឋាភិបាល​ក្រុង​ប៉េកាំង បានសម្រេច​ដាក់​បម្រាម​លើ​ការជួញដូរ​សត្វព្រៃ​សម្រាប់​បរិភោគ ដោយ​លើកឡើង​ពី​ហានិភ័យ​នៃ​ជំងឺឆ្លង​ទៅកាន់​មនុស្ស​។ ក៏ប៉ុន្តែ ការជួញដូរ​នៅតែ​ស្របច្បាប់​សម្រាប់​គោលដៅ​ដទៃទៀត​ដូចជា​កិច្ចការ​ស្រាវជ្រាវ និង​វេជ្ជសាស្ត្រ​តាមបែប​ប្រពៃណី​។​
 
​កូ​រ៉ូ​ណា​វីរុស​ដែល​បង្ក​ជា​ជំងឺ COVID-19 ដ៏​កាច​សាហាវ ត្រូវបាន​រាយការណ៍​ផ្ទុះឡើង​ដំបូង​ក្នុង​ផ្សារ​មួយកន្លែង​ក្នុង​ទីក្រុង​វូ​ហាន ភាគ​កណ្ដាល​នៃ​ប្រទេស​ចិន​។ វីរុស​នេះ ត្រូវបាន​គេ​ជឿថា បាន​ឆ្លង​ពី​សត្វ​ប្រចៀវ​ទៅ​មនុស្ស មុនពេល​ឆ្លង​រាតត្បាត​ទូទាំង​សកលលោក​។ 
 
​ខេត្ត​ចំនួន​២​របស់​ចិន បាន​ដាក់ចេញ​កម្មវិធី​ទិញ​យកមក​គ្រប់គ្រង​អាជីវកម្ម​ចិញ្ចឹមសត្វ​ព្រៃរបស់​កសិករ ក្នុង​គោលដៅ​ជួយ​ពួកគេ​ផ្លាស់ប្តូរ​មុខរបរ​ផ្សេង​ដើម្បី​ទ្រទ្រង់​ជីវិត​។ ខេត្ត​ហ៊ូ​ណាន កាលពី​ថ្ងៃទី​១៥ ខែឧសភា បានប្រកាស​ចាប់ផ្ដើម​ក​ម្ម​វិធី​សំណង​ដើម្បី​បញ្ចុះបញ្ចូល​អ្នក​ចិញ្ចឹម​សត្វព្រៃ ប្រើ​កសិដ្ឋាន​ពួកគេ​ផលិត​តែ និង​ថ្នាំ​រុក្ខជាតិ​ជំនួស​វិញ​។ 
 
​បើតាម AFP អាជ្ញាធរ​ប្រកាស​ឲ្យ​ប្រាក់​១៦​ដុល្លារ​សម្រាប់​សត្វ​ពស់​១​គីឡូក្រាម ហើយ​១០​ដុល្លារ​សម្រាប់​កណ្ដុរស្រែ​មួយ​គីឡូក្រាម​។ ចំណែក សត្វ​សំពោច ជា​សត្វ​ដែល​គេ​ជឿជាក់ថា ចម្លងជំងឺ SARS​ទៅ​មនុស្ស​មានតម្លៃ​រហូតដល់​៨៤​ដុល្លារ​។ 
 
​ខេត្ត​ចិន​មួយទៀត​គឺ​ជាំ​ង​ស៊ី ក៏បាន​បញ្ចេញ​ឯកសារ​លើ​ផែន​ការជួយ​កសិករ​ដូចគ្នានេះដែរ​។ កាសែតរ​ប្រចាំខេត្ត Jiangxi Daily បាន​រាយការណ៍​កាលពី​សប្តាហ៍​មុន​ថា ខេត្ត​នេះ​មាន​អ្នក​ចិញ្ចឹមសត្វ​មាន​អាជ្ញា​បណ្ណ​ជាង​២៣០០​នាក់ ដែល​ភាគច្រើន​ចិញ្ចឹម​សត្វព្រៃ​សម្រាប់​បរិភោគ​។ សត្វព្រៃ​ដែល​កសិករ​ទាំងនេះ​ចិញ្ចឹម មានតម្លៃ​សរុប​រហូត ២២៥​លាន​ដុល្លារ​។ 
 
​ទាំង​ខេត្ត​ជាំ​ង​ស៊ី​និង​ខេត្ត​ហ៊ូ​ណា គឺ​សុទ្ធតែ​ជាប់​ព្រំដែន​ជាមួយ​ខេត្ត​ហ៊ូ​ប៉ី ទី​ដែល​ជំងឺ COVID-19 ផ្ទុះឡើង​ដំបូង​កាលពី​ខែធ្នូ ឆ្នាំ​២០១៩​។ ទាក់ទិន​បញ្ហា​នេះ អង្គការ​សិទ្ធិ​សត្វ ឈ្មោះថា Humane Society International (HSI) លើកឡើងថា ខេត្ត​ចិន​ទាំងពីរ​នេះ គឺជា​ខេត្ត​ចិញ្ចឹម​សត្វព្រៃ​ដ៏​ធំ​ក្នុងប្រទេស​ចិន ខណៈ​គេ​មើលឃើញថា ខេត្ត​ជាំ​ង​ស៊ី បន្ត​ពង្រីក​ពាណិជ្ជកម្ម​នេះ​យ៉ាង​លឿន​រហ័ស​ក្នុងពេល​១០​ឆ្នាំ​ចុង​ក្រោយនេះ​។ ចំណូល​ខេត្ត​ទាំងពីរ​បូក​បញ្ចូល​គ្នា​ដែល​បានមកពី​ការលក់​សត្វព្រៃ ឈានដល់​ជាង​១,៤​ពាន់​លាន​ដុល្លារ​ឯណោះ​។ 
 
​អ្នកជំនាញ​ផ្នែក​គោលនយោបាយ​ចិន​ប្រចាំ​អង្គការ HIS លោក Peter Li បាន​ប្រាប់ AFP ថា ផែនការ​បែបនេះ គួរតែ​ត្រូវអនុវត្ត​នៅ​ទូទាំងប្រទេស​ចិន​។ ក៏ប៉ុន្តែ​លោក​លើក​កង្វល់​ថា សំណើ​របស់​ខេត្ត​ហ៊ូ​ណា នៅតែ​ពុំ​អាច​បញ្ឈប់​កសិករ​ពី​ការចិញ្ចឹម​សត្វ ដរាបណា​កសិករ​ចិន​ពុំ​យក​សត្វ​ទាំងនោះ​ទៅ​លក់​នៅ​ទីផ្សារ​។ ទោះជា​បែបនេះ​ក្តី លោក Li សង្កត់ធ្ងន់ថា នេះ​ជា​លើកដំបូង​ហើយ​ដែល​រដ្ឋាភិបាល​ចិន​ពិតជា​សម្រេច​ធ្វើ​រឿង​បែបនេះ​៕
 
 
 

Tag:
 ចិន​
  កសិករ​
  សត្វព្រៃ
© រក្សាសិទ្ធិដោយ thmeythmey.com