កីឡាអន្តរជាតិ
អន្តរជាតិ
​ក្រុម​នៅ EPL ចូល​ហ្វឹកហាត់​វិញ​ក្រោម​ការត្រួតពិនិត្យ​ដោយ GPS និង​ច្បាប់​គម្លាត​សុ​វត្តិភាព​
20, May 2020 , 10:07 am        
រូបភាព
គោល​ការ​គម្លាត​សុ​វត្តិភាព និង GPS បាន​ចូល​ជា​ធរមាន​សម្រាប់​ប្រើ​ក្នុងការ​វិលត្រឡប់​ទៅកាន់​ការហ្វឹកហាត់​វិញ​ក្នុង​ក្របខណ្ឌ Premier League ដើម្បី​ធានាថា​ក្រុម​ចូលរួម​ប្រកួត​លី​គ​វិញ​ដោយ​សុ​វត្តិភាព​។ នាយក​គ្រប់គ្រង​លី​គ​កំពូល​អង់គ្លេស​បានលើកឡើង​ដូច្នេះ​នៅ​ថ្ងៃ​១៨ ឧសភា ដោយ​សង្កត់ធ្ងន់ថា​ច្បាប់​ថ្មី​នេះ​នឹង​អាច​ការពារ​ការឆ្លង COVID-19 បាន​កម្រិត​ខ្ពស់​។​


​លោក Richard Garlick នាយក​គ្រប់គ្រង Premier League បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​លី​គ​នឹង​ណែនាំ​ក្រុម​ត្រូវ​ពិនិត្យ​ទៅកាន់​កន្លែង​ហ្វឹកហាត់​ដោយ​មិន​ផ្តល់ដំណឹង​មុន ចាប់តាំងពី​មានការ​អនុញ្ញាត​ឲ្យ​មានការ​ហ្វឹកហាត់​ឡើងវិញ​នៅ​ថ្ងៃទី​១៩ ខែឧសភា ក្រោយ​ផ្អាក​ជាង​ពីរ​ខែ​មក​។​
 
«​យើង​អាច​ស្នើសុំ​ព័ត៌មាន​ពី​ការមើល​វីដេអូ​នៃ​ការហ្វឹកហាត់ និង​ទិន្នន័យ GPS ជុំវិញ​ការហ្វឹកហាត់​របស់​កីឡាករ​។ យើង​កំពុង​រក​វិធីសាស្ត្រ​ដើម្បី​នាំ​ក្រុម​ត្រួតពិនិត្យ និង​ឃ្លាំមើល​ដោយ​ឯករាជ្យ ដើម្បី​ពិនិត្យមើល​ការហ្វឹកហាត់ ដោយ​គ្មាន​ការជូនដំណឹង​ជាមុន​ឡើយ​»​។ លោក Garlick បញ្ជាក់​ដូច្នេះ​។​
 
​ការហ្វឹកហាត់​ត្រូវ​កំណត់​ត្រឹម ៧៥ នាទី ហើយ​កីឡាករ​អាច​ហ្វឹកហាត់​រួមគ្នា​បានតែ​ក្នុង​ក្រុម​ដែលមាន​សមាជិក​៥​នាក់​ប៉ុណ្ណោះ​។ ក្រុម​ដែល​បានចាប់ផ្តើម​ហ្វឹកហាត់​ជា​ក្រុម​ធំ​លើសពីនេះ ឬ​មាន​រយៈពេល​យូរ​ជាង​នេះ​អាច​ចូលក្នុង​ការពិនិត្យ​ពិសេស និង​ប្រឈម​នឹង​មិនអាច​ចូលរួម​ប្រកួត​លី​គ​វិញ​ផង​។​
 
​លោក Mark Gillett ទីប្រឹក្សា​ផ្នែក​វេជ្ជសាស្ត្រ​នៃ​លី​គ​កំពូល​អង់គ្លេស បាន​និយាយថា​សុខភាព​សាធារណៈ​អង់គ្លេស (PHE) ប្រាប់ថា​កីឡាបាល់ទាត់​មិន​មានការ​រំពឹងថា​នឹង​ធូរស្បើយ​នោះឡើយ បើ​ទោះ​បាន​អនុវត្ត​គោល​ការ​គម្លាត​សុ​វត្តិភាព​ក្តី​។​
 
​ពួកគេ​បានបញ្ជាក់​យ៉ាងច្បាស់​ថា​ស្ថានភាព PHE នឹងមិន​មានការ​ផ្លាស់​ប្តូរ​ទេ​ក្នុង​រយៈពេល ៦ ទៅ ១២ ខែ​បន្ទាប់​ទៀត​។ 
 
​ប្រសិនបើ​រដូវ​កាល​នេះ​ចាប់ផ្តើម​ឡើងវិញ​ដូចដែល​បាន​គ្រោងទុក​នៅក្នុង​ខែមិថុនា​មែន​នោះ លី​គ​កំពូល​អង់គ្លេស​ក៏​សង្ឃឹមថា Liverpool នឹង​ក្លាយជា​ម្ចាស់​ពានរង្វាន់​សម្រាប់​ឆ្នាំ ២០១៩-២០ នេះ​ផងដែរ​។ ក្រុម​របស់លោក Juergen Klopp មាន​ពិន្ទុ​នាំមុខ​ក្រុម​លំដាប់ថ្នាក់​ទី​២ Manchester City ចំនួន​២៥​ពិន្ទុ ខណៈ​ការប្រកួត​នៅសល់​៩​លើក​ទៀត​នឹង​បញ្ចប់​៕

© រក្សាសិទ្ធិដោយ thmeythmey.com