COVID-19
អន្តរជាតិ
កូរ៉េខាងត្បូង បើក​សាលារៀន​ឡើងវិញ ខណៈ​ករណី​ឆ្លង COVID-19 ស្ទុះ​ឡើង​បន្តិច​
20, May 2020 , 10:54 am        
រូបភាព
បុគ្គលិកពេទ្យ បាញ់ថ្នាំសម្លាប់វីរុសនៅក្នុងថ្នាក់វិទ្យាល័យមួយកន្លែងក្នុងទីក្រុងសេអ៊ូល នាថ្ងៃទី១១ ខែឧសភា។ រូបភាព៖ AP
បុគ្គលិកពេទ្យ បាញ់ថ្នាំសម្លាប់វីរុសនៅក្នុងថ្នាក់វិទ្យាល័យមួយកន្លែងក្នុងទីក្រុងសេអ៊ូល នាថ្ងៃទី១១ ខែឧសភា។ រូបភាព៖ AP
​ក្រសួង​អប់រំ​កូរ៉េខាងត្បូង បានសម្រេច​បើក​សាលារៀន​មួយចំនួន​ឡើងវិញ​នៅ​ថ្ងៃទី​២០ ខែឧសភា បន្ទាប់ពី​បិទ​អស់​មួយរយៈ​ដោយសារ ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19)​។ ការបើក​សាលា​នៅពេលនេះ គឺ​ស្របពេល​ករណី​ឆ្លង​កូ​រ៉ូ​ណាវី​រុស​នៅ​កូរ៉េខាងត្បូង បាន​ស្ទុះ​ឡើងជា​ថ្មី​។

 
​សាលារៀន​ថ្នាក់​វិទ្យាល័យ សាលា​ដែលមាន​សិស្ស​តិច​មួយចំនួន​នៅ​ទូទាំង​កូរ៉េខាងត្បូង ត្រូវបាន​អនុញ្ញាត​ឲ្យ​បើក​ឡើងវិញ​ហើយ នៅ​ថ្ងៃទី​២០ ខែឧសភា​នេះ ដោយ​អនុវត្ត​ទៅតាម​គម្រោង​បើក​សាលា​ជា​ដំណាក់កាល​របស់​រដ្ឋាភិបាល​។ តាម​សេចក្តីប្រកាស​របស់​ក្រសួង​អប់រំ​កូរ៉េខាងត្បូង សិស្ស​វិទ្យាល័យ គឺជា​ក្រុម​ដំបូង​គេ ដែល​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូលរៀន​ក្នុង​ថ្នាក់​ជាធម្មតា​។ 
 
​ក្រៅពី​សិស្ស​វិទ្យាល័យ សាលារៀន​តូចៗ​ដែលមាន​ចំនួន​សិស្ស​តិចជាង ៦០​នាក់ ក៏ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​បើក​ឡើងវិញ​នៅ​ទូទាំងប្រទេស​ផងដែរ ដោយ​រួមទាំង​ថ្នាក់បឋមសិក្សា​។ ចំណែក​សិស្ស​ថ្នាក់​មតេយ្យ និង​សិស្ស​ថ្នាក់​ផ្សេងទៀត នឹង​អនុញ្ញាត​ឲ្យ​មក​សាលារៀន​វិញ នៅ​ថ្ងៃទី​៨ ខែមិថុនា​ខាងមុខ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap​។ 
 
​ដើម្បី​ធានា​សុវត្ថិភាព​របស់​សិស្សសាលា រដ្ឋមន្ត្រី​អប់រំ​កូរ៉េខាងត្បូង លោកស្រី​Yoo Eun-hae បានដាក់​ចេញ​វិធានការ​ការពារ​ចំនួន ៧​ចំណុច ដែល​តម្រូវ​ឲ្យ​សាលា ក៏ដូចជា​សិស្ស​ទាំងអស់​អនុវត្តតាម​។ ក្នុង​វិធានការ​ទាំងនោះ​មានដូចជា ការពិនិត្យ​កម្ដៅ​មុន​ចូលរៀន​, សិស្ស​ឈឺ ហាម​មក​សាលារៀន​, ជូត​សម្អាត​តុ​រៀន​រាល់​ព្រឹក​, បើក​បង្អួច​សាលារៀន​ឲ្យ​មាន​ខ្យល់អាកាស​ចេញចូល​, ពាក់​ម៉ាស់​ការពារ លើកលែងតែ​ម៉ោង​បាយ​ថ្ងៃត្រង់​, លាងដៃ​ឲ្យ​ញឹកញាប់​, និង​ត្រូវ​ប្រាប់​ពេទ្យ​ប្រចាំ​សាលារៀន បើ​មាន​អារម្មណ៍​មិន​ស្រួលខ្លួន​។ 
 
​ការបើក​សាលារៀន​ក្នុង​កាលៈទេសៈ COVID-19 នេះ គឺ​សំខាន់​ណាស់​សម្រាប់​សិស្ស​វិទ្យាល័យ ដែល​ត្រៀមប្រលង​ចូល​សកល​វិទ្យាល័យ​នា​ខែវិច្ឆិកា​ខាងមុខនេះ និង​ជួយ​សម្រាល​បន្ទុក​ម្តាយ​ឪពុក ដែល​ធ្វើការ​នៅ​ការិយាល័យ​។ 
 
​ការបើក​សាលារៀន​នៅពេលនេះ គឺធ្វើឡើង​ស្របពេល​កូរ៉េខាងត្បូង បាន​រាយការណ៍​ពី​ការកើនឡើង​នៃ​ករណី​ឆ្លង COVID-19 ជាថ្មី​នៅក្នុង​ប្រទេស​។ ក្នុង​ថ្ងៃទី​២០ ខែឧសភា​នេះ កូរ៉េខាងត្បូង​មាន​ករណី​ឆ្លង​៣២​ករណី ដែល​បញ្ចូល​ករណី​ឆ្លង​ក្នុងស្រុក​មាន​២៤​នាក់​) ហើយ​ករណី​ឆ្លង​មួយចំនួន គឺ​អាជ្ញាធរ​សុខាភិបាល មិនទាន់​រកឃើញ​ពី​ប្រភព​ចម្លង​នៅឡើយ​។ 
​បញ្ហា​ដែល​កូរ៉េខាងត្បូង​បារម្ភ​ខ្លាំងជាងគេ​ពេលនេះ គឺ​ករណី​ឆ្លង​COVID-19 ជា​ចង្កោម​ចំនួន ៤​ករណី នៅក្នុង​មន្ទីរពេទ្យ Samsung នាទី​ក្រុង​សេ​អ៊ូ​ល​។ បើតាម​ការអះអាង​រប​ស់​អាជ្ញាធរ​សុខាភិបាល កូរ៉េខាងត្បូង កំពុង​ស្រាវ​ជាវ​រក​ប្រភព​ចម្លង​កូ​រ៉ូ​ណាវី​រុស ដែល​ទាក់ទង​នឹង​បុគ្គលិក​ពេទ្យ​ចំនួន ៤​នាក់​នេះ​។ តាម​ការស្រាវជ្រាវ គេ​បាន​រកឃើញ​មនុស្ស​ចំនួន ៦២៣​នាក់​មាន​ទំនាក់ទំនង​ជាមួយ​បុគ្គលិក​ពេទ្យ នៅ​មន្ទីរពេទ្យ Samsung​។ 
 
​តួលេខ​សរុប​របស់​កូរ៉េខាងត្បូង បាន​កើន​ឡើងដល់ ១១១១០​ករណី អ្នកស្លាប់​មាន​ចំនួន ២៦៣​នាក់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន ១០០៦៦​នាក់​៕ 

Tag:
 កូរ៉េខាងត្បូង​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com