កីឡាជាតិ
ជាតិ
ក្រសួង​អប់រំ ពុំទាន់​អនុញ្ញាត​ឲ្យ​ក្រុម​ជម្រើសជាតិ​ប្រមូលផ្តុំ​ហ្វឹកហាត់​ឡើយ​
20, May 2020 , 11:22 am        
រូបភាព
លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ ពេលដឹកនាំកិច្ចប្រជុំស្តីពីការបន្តពន្យាពេលការផ្អាកសកម្មភាពនានាក្នុងវិស័យកីឡា, រូបភាពពីអគ្គនាយកដ្ឋានកីឡា
លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ ពេលដឹកនាំកិច្ចប្រជុំស្តីពីការបន្តពន្យាពេលការផ្អាកសកម្មភាពនានាក្នុងវិស័យកីឡា, រូបភាពពីអគ្គនាយកដ្ឋានកីឡា
ដោយ:
​ក្រសួង​អប់រំ​យុវជន​និង​កីឡា​មិនទាន់​អនុញ្ញាត​ឲ្យ​មានការ​ប្រមូលផ្តុំ​ហ្វឹកហាត់​ក្រុម​ជម្រើសជាតិ​ថ្នាល និង​បើក​ឲ្យ​ហាត់ប្រាណ​តាម​ទីសាធារណៈ និង​ឯកជន​លក្ខណៈ​ជួបជុំ​លើសពី​១០​នាក់​នៅឡើយ​ទេ​។ ការបន្ត​ដាក់​បម្រាម​បែបនេះ ដោយសារ​ក្រសួង​បារម្ភ​ពីរ​លក​ទី​ពីរ​នៃ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​រលាក​សួត​បង្កឡើង​ដោយ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី​(​កូ​វីដ​-១៩)​។

 
 
​ក្រសួង​អប់រំ យុវជន និង​កីឡា​នៅ​ថ្ងៃទី​១៨ ខែឧសភា បានរៀបចំ​កិច្ចប្រជុំ​មួយ ដើម្បី​ពិភាក្សា​ពាក់ព័ន្ធ​ការបន្ត​ពន្យា​ពេល​នូវ​រាល់​សកម្មភាព​នានា​ក្នុង​វិស័យ​កីឡា​។ កិច្ចប្រជុំ​ដែល​ដឹកនាំ​ដោយ​លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា​បានសម្រេច​បន្ត​ពន្យា​ពេល​ការប្រមូលផ្តុំ​ហ្វឹកហាត់​ក្រុម​ជម្រើសជាតិ និង​ជម្រើសជាតិ​ថ្នាល​, ការប្រកួត​ព្រឹត្តិការណ៍​កីឡា​នានា និង​ការអនុញ្ញាត​ឲ្យ​មានការ​ហាត់ប្រាណ​នៅតាម​ទីសាធារណៈ និង​ឯកជន​លក្ខណៈ​ប្រមូលផ្តុំ​មាន​គ្នា​លើសពី​១០​នាក់​។​
 
​ទោះបី​បច្ចុប្បន្ន​កម្ពុជា​បាន​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩​ជាសះស្បើយ​ទាំង​១២២​នាក់​ក៏ដោយ ប៉ុន្តែ​ក្រសួង​អប់រំ​អះអាងថា ការបន្ត​ចាត់វិធានការ​បែបនេះ គឺ​ដើម្បី​តាមដាន​ស្ថានភាព​នៃ​ជំងឺ​កូ​វីដ​-១៩ កុំ​ឲ្យ​មានការ​ឆ្លង​ក្នុង​សហគមន៍ ជាពិសេស​បង្ការ​រលក​ទី​២​នៃ​ការឆ្លង​មេរោគ​បង្ក​ជា​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ​មួយ​នេះ​។ 
 
​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​អគ្គនាយដ្ឋាន​កីឡា ដែល​បាន​ស្រង់​សម្តី​របស់លោក ស សុខា ការដាក់​បម្រាម​ខាងលើ​នឹង​ធ្វើឡើង​រហូតដល់​មាន​លិខិតអនុញ្ញាត​ផ្លូវការ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​។ យើង​មិនអាច​សុំ​ការ​បញ្ជាក់បន្ថែម​ពី​លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា​ពាក់ព័ន្ធ​បញ្ហា​នេះឡើយ ដោយសារ​ទូរ​សព្ទ​ចូល តែ​លោក​ឆ្លើយថា ជាប់​ប្រជុំ​។ 
 
​ទោះបី​គ្មាន​លិខិតអនុញ្ញាត​ពី​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ក៏ដោយ តែ​យើង​សង្កេត​ក្លិប​ហាត់ប្រាណ និង​ទីលាន​បាល់ទាត់​ឯកជន​មួយចំនួន បាន​បើក​ដំណើរការ​ឲ្យ​ប្រជាពលរដ្ឋ​ចូល​ហាត់ និង​លេង​បាល់ទាត់​ឡើងវិញ​ដូច​ធម្មតា​។ ពាក់ព័ន្ធ​បញ្ហា​នេះ លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា​ធ្លាប់បាន​បញ្ជាក់​កាលពីពេល​កន្លងមក​ថា ក្រសួង​ពុំមាន​កម្លាំង​គ្រប់គ្រាន់ ដើម្បី​ចុះ​ហាមឃាត់​តាម​អាជីវកម្ម​នីមួយៗ​កុំ​ឲ្យ​បើក​ដំណើរការ​នោះទេ​។ ហើយ​បើ​អាជីវក​ម្មណា បើក​ដំណើរការ​មុន​ការជូនដំណឹង​របស់​រា​ជ​រដ្ឋាភិបាល គឺ​ត្រូវ​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង ក្នុងករណី​មានការ​ឆ្លង​ជំងឺ​កូ​វីដ​-១៩​។  
 
​គួររំលឹកថា កាល​អំឡុង​ខែមីនា ឆ្នាំ​២០២០ ក្រសួង​អប់រំ យុវជន​និង​កីឡា បានសម្រេច​រំសាយ​ការប្រមូល​ហ្វឹកហាត់​ក្រុម​ជម្រើសជាតិ​ថ្នាល​, ការរៀបចំ​ព្រឹត្តិការណ៍​កីឡា​នានា​, បិទ​អាជីវកម្ម​ក្លិប​ហាត់ប្រាណ និង​ហាម​មិន​ឲ្យ​មានការ​លេង​កីឡា និង​ហាត់ប្រាណ​តាម​ទីលាន​ឯកជន និង​សាធារណៈ ដែលមាន​លក្ខណៈ​ជួបជុំ​។ ការដាក់​បម្រាម​នេះ គឺ​ដើម្បី​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩៕ 
 
 
 
 

Tag:
 អគ្គនាយកដ្ឋាន​កីឡា​
  ក្រសួង​អប់រំ​យុវជន​និង​កីឡា​
© រក្សាសិទ្ធិដោយ thmeythmey.com