ជាតិ
សង្គមជាតិ
បក្ស​កាន់អំណាច មិន​ប្រារព្ធ​ទិវា​នៃ​ការ​ចាំ​របប​ខ្មែរក្រហម​ឡើយ ព្រោះ​ដើម្បី​បង្ការ​កូ​វីដ​-១៩
20, May 2020 , 11:46 am        
រូបភាព
ការសម្តែងពីរបបខ្មែរក្រហម ក្នុងទិវានៃការចងចាំ២០ឧសភា កាលពីឆ្នាំ២០១៩ នៅមជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក
ការសម្តែងពីរបបខ្មែរក្រហម ក្នុងទិវានៃការចងចាំ២០ឧសភា កាលពីឆ្នាំ២០១៩ នៅមជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក
ដោយ: ថ្មីៗ
​ដោយសារតែ​បារម្ភ​នឹង​ជំងឺ​កូ​វីដ​-១៩ គណបក្ស​ប្រជាជន​កម្ពុជា សម្រេច​ផ្អាក​ការធ្វើ​ពិធី​រម្លឹក​វិញ្ញាណក្ខន្ធ​នៃ​អ្នក​បាត់​បង់ជីវិត​ជាង​៣​លាន​នាក់​ក្នុង​របប​ខ្មែរក្រហម​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ចេញ​តាំងពី​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២០ តែ​ទើបនឹង​ត្រូវបាន​ផ្សព្វផ្សាយ​។



​ជា​រៀងរាល់ឆ្នាំ នៅ​ថ្ងៃទី​២០ ខែឧសភា គណបក្ស​ប្រជាជន​កម្ពុជា តែ​ប្រារព្ធ​ពិធី​រម្លឹក​វិញ្ញាណក្ខន្ធ​នេះ នៅឯ​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក ហើយក៏​មានការ​សម្តែង​ពី​រឿង​រ៉ាង​ឈឺចាប់​ក្នុង​របប​ខ្មែរ​ដែរ​។  
 
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្ញើ​សារ​ជូន​ប្រជាជន តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា​៖«​ដើម្បី​កុំ​ឲ្យ​របប​នេះ​វិល​ត្រឡប់មកវិញ ចូលរួម​ថែរក្សា​ការពារ​សន្តិភាព​ឲ្យ​បាន​គង់វង្ស ពីព្រោះ​សន្តិភាព​បាន​ផ្តល់ឱកាស​គ្រប់យ៉ាង​ក្នុងការ​កសាង​សង្គម​គ្រួសារ សហគមន៍ និង ប្រទេសជាតិ ឲ្យ​កាន់តែ​រីកចម្រើន​ទៅមុខទៀត​»​។ 
 
​កាលពី​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៨ រដ្ឋាភិបាល បានចេញ​អនុក្រឹត្យ​ដាក់​ថ្ងៃ​២០ ឧសភា ចូលក្នុង​ថ្ងៃបុណ្យ​ជាតិ ដែល​ហៅ​ជា​ផ្លូវការ​ថា «​ទិវា​ជាតិ​នៃ​ការចងចាំ​» ហើយក៏​ជា​ថ្ងៃ​ឈប់សម្រាក​សាធារណៈ​ផងដែរ​។ ក្នុងអំឡុង​ខែសីហា ឆ្នាំ​២០១៩ រដ្ឋាភិបាល ក៏​សម្រេច​លុប​ទិវា​ជាតិ​នៃ​ការចងចាំ​នេះ រួមទាំង​ទិវា​ផ្សេងទៀត ដូចជា ទិវា​កុមារ​អន្តរជាតិ និង​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ជាដើម ចេញពី​ប្រតិទិន​ឈប់សម្រាក​វិញ តែ​នៅ​ប្រារព្ធ​ដដែល​។
 
​ការកំណត់​យក​ទិវា​ជាតិ​នៃ​ការចងចាំ ជា​ថ្ងៃ​បុណ្យជាតិ គឺ​ដើម្បី​រម្លឹក​ដល់​ជនរងគ្រោះ និង​ការឈឺ​ចាប់ពី​ឧក្រិដ្ឋកម្ម ដែល​កើតមាន​ក្នុង​របប​ខ្មែរក្រហម ចាប់ពី​ថ្ងៃទី​១៧ មេសា ១៩៧៥ ដល់​ថ្ងៃទី​៦ មករា ១៩៧៩៕ 
 

Tag:
 CPP
  ទិវា​នៃ​ការចងចាំ​
© រក្សាសិទ្ធិដោយ thmeythmey.com