COVID-19
អន្តរជាតិ
ប្រមុខ WHO ប្តេជ្ញា​បន្ត​ដឹកនាំ​កិច្ច​ឆ្លើយតប COVID-19 ទោះ​រង​ការព្រមាន​ពី​លោក ត្រាំ
20, May 2020 , 11:59 am        
រូបភាព
ប្រមុខដឹកនាំWHOលោកTedrosឆ្វេងនិងលោកប្រធានាធិបតីអាមេរិកដូណាល់
ប្រមុខដឹកនាំWHOលោកTedrosឆ្វេងនិងលោកប្រធានាធិបតីអាមេរិកដូណាល់
ដោយ:
​ប្រមុខ​អង្គការ​សុខភាព​ពិភពលោក (WHO) នៅ​ថ្ងៃទី​១៩ ខែឧសភា បាន​ប្តេជ្ញា​បន្ត​ដឹកនាំ​កិច្ចប្រឹងប្រែង​សកល​ប្រឆាំង COVID-19 ដែល​កំពុង​អុកឡុក​ពិភពលោក និង​សម្លាប់​មនុស្ស​រាប់ម៉ឺន​នាក់​។ ការប្រកាស​ឱឡារិក​បែបនេះ ធ្វើឡើង​ក្រោយ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​គំរាម​កាត់​ផ្ដាច់ជំនួយ​អចិន្ត្រៃយ៍ និង​ដក​អាមេរិក​ចេញ​ទីភ្នាក់ងារ​របស់​អង្គការសហប្រជាជាតិ​មួយ​នេះ​។


 
​អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បាន​និយាយ​ការពារ​តួនាទី​របស់​ស្ថាប័ន​លោក​ក្នុងការ​ស​ម្រួ​ប​សម្រួល​កិច្ច​ឆ្លើយតប​សកល​ប្រឆាំង COVID-19 ក្រោយ​សហរដ្ឋអាមេរិក​បាន​បង្ករឿង​ជាថ្មី​ម្ដងទៀត​។ នោះ​គឺថា ក្រុង​វ៉ាស៊ីនតោន បាន​បដិសេធ​ផ្ដល់​ការគាំទ្រ​ពេញទំហឹង​លើ​សេចក្តីសម្រេច​ស្តីពី​ជំងឺ​រាតត្បាត​សកល COVID-19 ។ 
 
«​យើង​ចង់បាន​គណនេយ្យភាព​ច្រើនជាង​នរណាៗ​ទាំងអស់​»​។ លោក Tedros បញ្ជាក់​បែបនេះ​ក្នុង​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ​ជាមួយ​រដ្ឋ​ជា​សមាជិក WHO ទាំង​១៩៤​។ លោក​សង្កត់ធ្ងន់​ទៀតថា​៖«​យើង​នឹង​បន្ត​ផ្ដល់​ភាព​ដឹកនាំ​ផ្នែក​យុទ្ធសាស្ត្រ​ដើម្បី​សម្របសម្រួល​កិច្ច​ឆ្លើយតប​សកល [​ប្រឆាំង COVID-19]»​។​
 
​ប៉ុន្មាន​ម៉ោង​ក្រោយ​លោក ត្រាំ ប្រកាស​គំរាម​ផ្ដាច់ជំនួយ​អចិន្ត្រៃយ៍ និង​អូស​អាមេរិក​ចេញពី WHO ក្រុង​វ៉ាស៊ីនតោន​បាន​បើកដៃ​ឲ្យ​សេចក្តីសម្រេច​ដែល​ស្នើ​ឲ្យ​មាន​ការត្រួត​ពិនិត្យឡើងវិញ​លើ​កិច្ច​ឆ្លើយតប​សកល​ប្រឆាំង COVID-19 អនុម័ត​ដោយ​សំឡេង​កុងសង់ស៊ីស​។ នេះ​គឺជា​ទាមទារ​របស់​សហរដ្ឋ​អាមេរិក​។ យ៉ាងណាមិញ សហរដ្ឋអាមេរិក បានប្រកាសថា ខ្លួន​បាន​ប្រឆាំង​ចំពោះ​ការអនុញ្ញាត​ឲ្យ​បណ្ដា​ប្រទេស​ក្រីក្រ​រួចផុត​ពី​ការគោរព​ច្បាប់​ប៉ាតង់​ថ្នាំពេទ្យ​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ស្ថាន​បេសកកម្ម​អាមេរិក​ប្រចាំ​ហ្សឺ​ណែវ បាន​ពន្យល់​ពី​ជំហរ​ខ្លួន​ថា ត្រង់​កថាខណ្ឌ​ស្តីពី​សិទ្ធិ​ប្រទេស​ក្រីក្រ​ទទួលបាន​ការអនុគ្រោះ​សម្រាប់​ការទទួល​ថ្នាំសង្កូវ​អំឡុងពេល​អាសន្ន​សុខាភិបាល នឹង​ផ្ញើ​សារ​ខុស​ទៅកាន់​ក្រុមហ៊ុន​ ​ដែល​ព្យាយាម​ផលិត​វ៉ាក់សាំង​និង​ថ្នាំ​ថ្មី​។ 
 
​ទោះបីជា​លោក​ត្រាំ​បាន​ព្រមាន​ចាកចេញ​ពី WHO ស្ថាប័ន​អន្តរជាតិ​មួយ​នេះ ទទួលបាន​ការគាំទ្រ​និង​ការសន្យា​ប្រាក់​កញ្ចប់​ជំនួយ​២​ពាន់​លាន​ដុល្លារ​ក្នុងពេល​២​ឆ្នាំ​ខាងមុខ ពី​សំណាក់​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង​។ 
 
​សូមបញ្ជាក់ថា សេចក្តីសម្រេច​ដែល​អនុម័ត​អំឡុង​មហាសន្និបាត​កាលពី​ថ្ងៃទី​១៩ ខែឧសភា ដែល​ផ្ដួចផ្ដើមឡើង​ដោយ​សហភាព​អឺរ៉ុប ស្នើ​ឲ្យ​មានការ​ត្រួត​ពិនិត្យឡើងវិញ​លើ​របៀប​ដែល​កូ​រ៉ូ​ណា​វីរុស​រាតត្បាត ក្រោយ​ចម្លង​ពី​សត្វ​ទៅ​មនុស្ស​។ គេ​ជឿថា វា​បាន​ផ្ទុះឡើង​ដំបូង​ក្នុង​ទីក្រុង វូ​ហាន ភាគ​កណ្ដាល​ប្រទេស​ចិន កាលពី​ចុង​ឆ្នាំមុន​។ 
 
​កាលពី​ថ្ងៃទី​១៨ ខែឧសភា អង្គការ​សុខភាព​ពិភពលោក ប្រកាសថា ការស៊ើបអង្កេត​ឯករាជ្យ​លើ​កិច្ច​ឆ្លើយតប​សកល​ប្រឆាំង COVID-19 នឹង​ចាប់ផ្ដើម​ឆាប់ៗ​តាម​ដែល​អាចធ្វើ​ទៅរួច​។ ត្រង់ចំណុច​នេះ លោក​អគ្គនាយក Tedros អះអាងថា លោក​នឹង​ផ្ដួចផ្ដើម​ការវាយតម្លៃ​នាពេល​សមរម្យ​ខាងមុខ​៕ 
 

Tag:
 សហរដ្ឋអាមេរិក​
  COVID-19
  WHO
  ដូ​ណា​ល់ ត្រាំ​
  Tedros Adhanom Ghebreyesus
© រក្សាសិទ្ធិដោយ thmeythmey.com