COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd សង​ថ្លៃ​សំបុត្រ​ប្រកួត​នៅសល់ និង​ស្នើ​អ្នកគាំទ្រ​នៅ​ឲ្យ​ឆ្ងាយ​ពី​ទីលាន បើ​លី​គ​ត្រឡប់មកវិញ​
20, May 2020 , 2:08 pm        
រូបភាព
Manchester United ទទូច​ឲ្យ​អ្នកគាំទ្រ​នៅ​ឲ្យ​បាន​ឆ្ងាយ​ពី​កីឡដ្ឋាន​នៅពេល​មានការ​រៀបចំ​ការប្រកួត​លី​គ​ឡើងវិញ​សម្រាប់​ជំនួប​នៅសល់​រដូវ​កាល​នេះ​។ ការស្នើ​របស់​ក្រុម​បិសាច​ក្រហម​បែបនេះ ដើម្បី​បញ្ចៀស​ការឆ្លង COVID-19 តាមរយៈ​ការប្រមូលផ្តុំ​។​


​ប្រសិនបើ​ក្របខណ្ឌ Premier League ដំណើរការ​ទៅមុខ​ក្នុង​ការបន្ត​យុទ្ធនាការ​ប្រកួត​វិញ ដោយ​គោរព​តាម​គោល​ការការពារ​ការឆ្លង​ជំងឺ COVID-19 នោះ​រាល់​ការប្រកួត​ដែល​នៅសល់​ទាំងអស់​នឹងត្រូវ​ធ្វើឡើង​ដោយ​បិទទ្វារ​កីឡដ្ឋាន​។​
 
​ស្របពេល​គ្នា​នេះ នៅ​ថ្ងៃទី​១៩ ខែឧសភា Man Utd ដោយ​ចង់​ចូលរួមចំណែក​ក្នុងការ​ទប់ស្កាត់​ការ​ចម្លងជំងឺ​រាតត្បាត​សកល​នេះ​បានស្នើ​ឲ្យ​អ្នកគាំទ្រ​ទាំងអស់​មិន​ថា អ្នកគាំទ្រ​ខ្លួន ឬ​ក្រុម​ដទៃ​នោះទេ គួរ​នៅ​ឲ្យ​ឆ្ងាយ​ពី​កីឡដ្ឋាន​អំឡុងពេល​ប្រកួត ពោលគឺ​សុំ​កុំ​មានការ​ប្រមូល​ផ្តុំគ្នា​នៅ​ខាងក្រៅ​ទីលាន​។ ក្លិប​រហស្សនាម​បិសាច​ក្រហម​បញ្ជាក់ទៀតថា អ្នកមាន​សំបុត្រ​ទស្សនា​ពេញ​មួយ​រដូវ​កាល​នឹងត្រូវ​បាន​សង​ប្រាក់​វិញ​សម្រាប់​ការប្រកួត​នៅសល់​។​
 
«​ក្លិប​ចូលរួម​ចែករំលែក​ការខកចិត្ត​របស់​អ្នក​ដែល​មិនអាច​មើល​ការប្រកួត​ដោយផ្ទាល់​ក្នុង​កីឡដ្ឋាន ប៉ុន្តែ​យើង​សូម​លើកទឹកចិត្ត​អ្នក​ទាំងអស់គ្នា​បន្ត​ផ្តល់​ការគាំទ្រ​នៅផ្ទះ​វិញ ដែល​នឹងធ្វើ​ឲ្យ​លោក​អ្នកមាន​សុ​វត្តិភាព​។ តាមរយៈ​ការគាំទ្រ​ពី​ផ្ទះ និង​ធ្វើតាម​ការណែនាំ​របស់រ​ដ្ឋា​ភិ​បាល​អ្នកនឹង​ក្លាយជា​ផ្នែក​មួយ​ក្នុងការ​រួមចំណែក​កាត់បន្ថយ​ការឆ្លង COVID-19» និង​ការពារ​សហគមន៍​រប​ស់​អ្នក​»​។ នេះ​ជាការ​បញ្ជាក់​របស់​ក្លិប Man Utd​។​
 
​ម្ចាស់​ជើងឯក​លី​គ​កំពូល​អង់គ្លេស​២០​សម័យមួយ​នេះ នៅសល់​៤​ប្រកួត​ទៀត​នៅ​ទឹកដី Old Trafford ក្នុងចំណោម​៩​ប្រកួត​ក្នុង​ក្របខណ្ឌ Premier League រដូវ​កាល​នេះ រួមទាំង​ការប្រកួត​ពានរង្វាន់ Europa League ទល់នឹង LASK ក៏ត្រូវ​លេង​នៅ​កីឡដ្ឋាន​ខ្លួន​ផងដែរ​។​
 
​យ៉ាងណា​មកទល់ពេលនេះ នៅ​មិនទាន់​ច្បាស់ការ​នៅឡើយ​ទេ​ថា​លី​គ​នឹង​ត្រឡប់​ទៅកាន់​ការប្រកួត​វិញ ឬ​ត្រឡប់​ទៅដោយ​លេង​នៅ​ទឹកដី​កណ្តាល​ណាមួយ​។ ថ្មីៗ​នេះ ក៏​នៅមាន​កីឡាករ និង​បុគ្គលិក​ក្លិប​នៃ​លី​គ​កំពូល​អង់គ្លេស​រកឃើញ​ថា​ឆ្លង COVID-19 ជា​បន្តបន្ទាប់​៕
 

Tag:
 Manchester United
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com