COVID-19
ជាតិ
កម្ពុជាសម្រេចបើកសារមន្ទីរទូទាំងប្រទេសឡើងវិញចាប់ពីដើមខែមិថុនា សារមន្ទីរជាតិ
× ភ្នំពេញ៖ បន្ទាប់ពីកម្ពុជាគ្មានអ្នកឆ្លងថ្មីនៃជំងឺកូវីដ-១៩ ជាងមួយខែមកនេះ ក្រសួងសុខាភិបាល បានសម្រេចឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បើកសារមន្ទីរនានាឱ្យភ្ញៀវជាតិ-អន្តរជាតិ ចូលទស្សនាឡើងវិញ ចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ តទៅ។ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី១៩ឧសភានេះ ថ្វីដ្បិតអនុញ្ញាតឱ្យបើកសារមន្ទីរទទួលភ្ញៀវឡើងវិញក៏ពិតមែន ប៉ុន្តែមុនសារមន្ទីរនីមួយៗបើក ដំណើរការ គឺត្រូវរៀបចំវិធានការការពារជាមុខសិន ដើម្បីចៀសវាងការឆ្លងកូវីដ-១៩ ដោយជាយថាហេតុ។
ក្រសួងសុខាភិបាល ប្រាប់ដល់ក្រសួងវប្បធម៌ថា ក្នុងសារមន្ទីរនីមួយៗត្រូវស្កេនកម្តៅភ្ញៀវមុននឹងឱ្យចូលទស្សនា មានអាល់កុលឬជែលលាងដៃ និងត្រូវរៀបចំឱ្យមានគម្លាតសុវត្ថិភាពបុគ្គល ព្រមទាំងមានពាក់ម៉ាស់ ជានិច្ច។ វិធានការនេះត្រូវអនុវត្តឱ្យគ្នាទាំងភ្ញៀវ អ្នកនាំភ្ញៀវ និងអ្នកបម្រើការងារនៅទីនោះ។ ជាមួយគ្នានេះ ក្រសួងសុខាភិបាល បានបញ្ជាក់ ថាសារមន្ទីរនីមួយៗ មិនត្រូវអនុញ្ញាតឱ្យភ្ញៀវ ឬបុគ្គលណាម្នាក់ដែលមានបញ្ហាសុខភាព ឬសង្ស័យចូលទស្សនាឡើយ។
ក្រសួងបានអះអាងដូច្នេះ ការធ្វើបែបនេះ គឺដើម្បីបង្ការកុំឱ្យកើតឡើងនូវរលកទីពីរនៃការឆ្លងជំងឺកូវីដ-១៩ ជាពិសេសការចម្លងក្នុងសហគមន៍ ដែលអាចនឹងធ្វើឱ្យប៉ះពាល់ដល់នយោបាយ សុខភាពសាធារណៈ សេដ្ឋកិច្ច សង្គម និងការរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ។
ដើម្បីទប់ស្កាត់នឹងជំងឺកូវីដ-១៩នេះ ក្រៅពីវិធានការខាងលើ កម្ពុជានៅតែអនុវត្ត ការរកបុគ្គលិកទាំងឡាយណាដែលមានជំងឺកូវីដ-១៩ និងតាមរកបុគ្គលប៉ះបាល់អ្នកជំងឺនោះដោយផ្ទាល់ និងប្រយោល ឱ្យបានរហ័ស, ការរាយការណ៍ឱ្យបានលឿនរហ័ស, ការដាក់ឱ្យនៅដាច់ដោយឡែកឱ្យបានឆាប់បំផុត និងការផ្តល់ការព្យាបាលជាបន្ទាន់នៅក្នុងមន្ទីរពេទ្យរដ្ឋ។
គិតត្រឹមថ្ងៃទី២០ឧសភានេះ កម្ពុជាគ្មានអ្នកករណីថ្មីនៃជំងឺកូវីដ-១៩ទេ ខណៈអ្នកទាំងជំងឺកូវីដ-១៩ ដែលកម្ពុជារកចំនួន១២២នោះ បានជាសះស្បើយអស់ កាលពីថ្ងៃទី១៦ឧសភា ឆ្នាំ២០២០ មកនេះ៕
Tag:
COVID-19
សារមន្ទីរ
សុខាភិបាល
វប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com