COVID-19
អន្តរជាតិ
ថៃ រើស​គ្រូបង្រៀន​១​ម៉ឺន​នាក់​បន្ថែម​ដើម្បី​បន្ថយ​ចំនួន​សិស្ស​ក្នុង​ថ្នាក់រៀន​
20, May 2020 , 7:19 pm        
រូបភាព
ប្រភពរូប៖_កាសែតថៃ_បាងកកប៉ុស្តិ៍
ប្រភពរូប៖_កាសែតថៃ_បាងកកប៉ុស្តិ៍
ដោយ:
​ក្រសួង​អប់រំ​ថៃ ប្រកាស​ផ្ដល់​ការងារ​ជា​គ្រូបង្រៀន​ជំនួយ​សរុប​មួយ​ម៉ឺន​កន្លែង​។ ការ​រើស​គ្រូ​បន្ថែម​បែបនេះ គឺ​ដើម្បី​បង្កើន​ចំនួន​ថ្នាក់រៀន​ក្នុង​គោលដៅ​បន្ថយ​ចំនួន​សិស្ស​ក្នុង​មួយ​ថ្នាក់ៗ ហើយ​នេះ​គឺជា​ការ​សម្រប​ខ្លួន​ថ្មី​ក្នុង​បរិយាកាស​ក្រោយ​ស្ថានភាព​COVID-19 ។​

 
 
​រដ្ឋមន្ត្រីក្រសួង​អប់រំ​ថៃ លោក Nataphol Teepsuwan នៅ​ថ្ងៃទី​២០ ខែឧសភា ប្រាប់​កាសែត​បាងកក​ប៉ុស្តិ៍​ថា ចំនួន​សិស្ស​អង្គុយ​ក្នុង​ថ្នាក់រៀន នឹងត្រូវ​កាត់បន្ថយ​ស​ម្រា​ប់​គោលបំណង​អនុវត្ត​គម្លាត​សុវត្ថិភាព​សង្គម​។ នៅមុន​ពេល​ជំងឺ​រាតត្បាត COVID-19 គ្រូបង្រៀន​ម្នាក់​ទទួលបន្ទុក​សិស្ស​២០​នាក់​។ 
 
​នៅពេល​សាលារៀន បើកទ្វារ​ឡើងវិញ​នា​ថ្ងៃទី​១ ខែកក្កដា ក្រសួង​អប់រំ សង្ឃឹម​កាត់បន្ថយ​ត្រឹម គ្រូបង្រៀន​ម្នាក់ ទទួលបន្ទុក​សិស្ស​៧​នាក់​ប៉ុណ្ណោះ​។ លោក​រដ្ឋមន្ត្រី Nataphol បញ្ជាក់​បែបនេះ ដោយ​បន្ថែមថា ម្ល៉ោះហើយ ក្រសួង​ត្រូវ​រើស​បុគ្គលិក​បង្រៀន​បន្ថែ​ម​ទៀត​។​
 
​តាម​កាសែត​ក្នុង​ស្រុកថៃ​ដែល លោក​រដ្ឋមន្ត្រី​អប់រំ​ថៃ​រូបនេះ អះអាងថា ក្រសួង​ប្រកាស​រើស​គ្រូបង្រៀន​ជំនួយ​កម្រិត​ថ្នាក់​បឋម​ដែល​សញ្ញាបត្រ តែ​កិច្ចសន្យា​បង្រៀន​ពួកគេ​កំណត់​ត្រឹម​៦​ខែ​ប៉ុណ្ណោះ​។ ម្យ៉ាងវិញទៀត ក្រសួង​អប់រំ​ថៃ​បាន​ត្រៀម​កញ្ចប់​ថវិកា ៥៤០​លាន​បាត (​ជិត​១៧​លាន​ដុល្លារ​)​ដើម្បី​ផ្គត់ផ្គង់​គម្រោង​រើស​គ្រូ​១​ម៉ឺន​នាក់​នេះ ដែល​ក៏​នឹង​ជួយ​បង្កើត​ការងារ​បន្ថែម​ផងដែរ​។ 
 
​លោក​រដ្ឋមន្ត្រី Nataphol លើកឡើងថា គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​១៩ ខែឧសភា បានទទួល​ដឹងឮ​ផែន​ការដែល​រៀបចំឡើង​ដោយ​ក្រសួង​អប់រំ មហាផ្ទៃ និង​កសិកម្ម​ដើម្បី​បន្ត​ចែក​ទឹកដោះគោ​ដោយ​ឥតគិតថ្លៃ​ជូន​ដល់​សិស្ស​ថ្នាក់បឋមសិក្សា អំឡុងពេល​ឈប់សម្រាក​ដ៏​វែង​អន្លាយ រហូតដល់​ចុងខែ​មិថុនា​ខាងមុខ​។ 
 
​គិត​ត្រឹម​ព្រឹក​ថ្ងៃទី ២០ ខែឧសភា ប្រទេស​ថៃ មាន​ករណី​ឆ្លង COVID-19 សរុប​ចំនួន ៣០៣៣​ករណី និង​អ្នក​ស្លាប់មាន​៥៦​នាក់​។ បើតាម​វេ​ប​សាយ Worldometers អ្នកជំងឺ​ជាសះស្បើយ​មាន ២៨៥៧​នាក់​៕
 
 

Tag:
 ថៃ​
  COVID-19
  អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com