COVID-19
អន្តរជាតិ
អភិបាលរដ្ឋញូវយ៉ក ថា វ៉ាក់សាំង COVID-19 មិនមែនសម្រាប់តែអ្នកមានឡើយ លោក Andrew Cuomo អភិបាលក្រុងញ៉ូវយ៉ក។រូបភាពAFP
× លោក Andrew Cuomo អភិបាលរដ្ឋញូវយ៉កនៅថ្ងៃទី១៩ ខែឧសភា បានអះអាងថា វ៉ាក់សាំង បង្ការជំងឺ COVID-19 ត្រូវតែចែកចាយដោយស្មើភាពគ្នា ដោយមិនគិតពីទ្រព្យសម្បត្តិឡើយ។
លោក Cuomo ក៏ឆ្លៀតវាយប្រហារលោកប្រធានាធិបតី ដូណាល់ត្រាំ ដោយនិយាយថា ការដឹកនាំត្រូវផ្អែកលើសមត្ថភាព មិនមែនលើការចុះផ្សាយក្នុងបណ្តាញសង្គម Twitter ទេ។
លោក Andrew Cuomo អ្នកនយោបាយបក្សប្រជាធិបតេយ្យ បានរិះគន់របៀបដឹកនាំប្រទេសរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដោយលោកលើកឡើងថា ចូលចិត្តប្រើតែ Twitter ។ នេះមិនមែនជាលើកឡើងទីមួយដែលលោក Cuomo រិះគន់ថ្នាក់ដឹកនាំកំពូលបែបនេះ តាំងពីការរាលដាល COVID-19 នៅអាមេរិក។ រដ្ឋញូវយ៉កដែលលោក Cuomo ជាអភិបាល រងគ្រោះធ្ងន់ធ្ងរជាងគេដោយសារជំងឺនេះ។
ដោយសំដៅដល់លោក ត្រាំ លោក Cuomo បាននិយាយថា៖« អ្នកត្រូវតែដឹងថាអ្នកកំពុងធ្វើអ្វី មិនមែនមើលទៅធ្វើដូចអ្នកធ្វើអ្វីមួយ ឫស្តាប់ទៅថាដូចអ្នកធ្វើអ្វីមួយឡើយ។ យើងត្រូវឆ្លាត និងមិនមែនចាំតែបង្ហោះសារTwitter ដើម្បីសម្រេចកិច្ចការអ្វីឡើយ។»
មកទល់ពេលនេះ គេពុំទាន់ឃើញមានការឆ្លើយឆ្លងពី លោក ត្រាំ នៅឡើយទេ។
និយាយពីរឿងវ៉ាក់សាំងវិញ លោក Cuomo បានទាមទារឲ្យមានការចែករំលែកសម្រាប់មនុស្សទាំងអស់។ ការទាមទារនេះធ្វើឡើងបន្ទាប់ពីសន្និសីទថ្ងៃទី១៩ ខែឧសភា របស់ក្រុមហ៊ុនជីវបច្ចេកវិទ្យា Moderna Inc ដែលប្រកាសពីការបង្កើតវ៉ាក់សាំងរបស់ដែលផលិតអង់ទីករប្រឆាំង COVID-19 ។ លោក Cuomo អះអាងថា មនុស្សគ្រប់រូបត្រូវទទួលបានវ៉ាក់សាំង ព្រោះវាមិនមែនសម្រាប់តែក្រុមអ្នកមាន ឫអ្នកមានអាទិភាពឡើយ។
រដ្ឋញូវយ៉ក ដែលCOVID-19 រាតត្បាតខ្លាំង ចាប់ផ្ដើមបន្ធូរបន្ថយការរឹតត្បិតខ្លះ។ បើតាមអភិបាលរដ្ឋខាងលើ ទីក្រុង Albany ដែលជាទីក្រុងធំរបស់រដ្ឋញ៉ូវយ៉ក នឹងក្លាយជាតំបន់ទី៧ ក្នុងចំណោម១០ ក្នុងការបើកឡើងវិញ បន្ទាប់ពីស្វែងរកបុគ្គលិកគ្រប់គ្រាន់ក្នុងការតាមរកចំនួនអ្នកឆ្លង។ នេះយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters។ ក្នុងរដ្ឋញ៉ូវយកទាំងមូលវិញ ចំនួនអ្នកសម្រាកក្នុងមន្ទីរពេទ្យបានធ្លាក់ចុះពី៣៧៣នៅថ្ងៃ១៩ ឧសភា មកត្រឹម៣៣៥ករណីនៅថ្ងៃ២០ ឧសភា។ ចំណែកចំនួនអ្នកស្លាប់បានធ្លាក់ចុះចំនួន១០៥នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com