COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ញញឹមបិទមាត់មិនជិតពេលបានចូលហ្វឹកហាត់វិញ ក្រោយបែកក្រុមជាង២ខែ
× Cristiano Ronaldo បានបង្ហាញភាពសប្បាយរីករាយយ៉ាងខ្លាំងដែលបានត្រឡប់ទៅកាន់ការហ្វឹកហាត់ជាមួយក្រុម Juventus វិញ ក្រោយឃ្លាតឆ្ងាយពីក្រុមជាងពីរខែ រួមទាំងការធ្វើចត្តាឡីស័កលើកោះពីរសប្តាហ៍ផង។
ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិព័រទុយហ្គាល់ វ័យ៣៥ឆ្នាំរូបនេះ បានវិលត្រឡប់ទៅហ្វឹកហាត់ជាមួយក្លិបយក្សអ៊ីតាលីនៅថ្ងៃទី១៩ ខែឧសភា ខណៈក្រុមមន្ត្រី នៃក្របខណ្ឌ Serie A កំពុងស្វែងរកការចាប់ផ្តើមរដូវកាលដែលនៅសល់ឡើងវិញ បើទោះនៅមានការរីករាលដាលនៃជំងឺ COVID-19 ក៏ដោយ។
នៅក្នុងការបង្ហោះលើបណ្តាញសង្គម Twitter អតីតសមាជិកក្រុម Manchester United, Real Madrid និង Sporting Lisbon រូបនេះ បានបង្ហាញឲ្យឃើញពីស្នាមញញឹមនៅពេលបានត្រឡប់ចូលហាត់ជាមួយក្រុមសេះបង្កងជាថ្មីវិញ។
Ronaldo បានសរសេរថា៖« នៅពេលដែលយើងអត់ធ្មត់ និងគោរពតាមគោលការឲ្យបានត្រឹមត្រូវយើងនឹងរកឃើញវិធីដើម្បីឆ្លងកាត់ការលំបាក #ការវិលត្រឡប់ #ការទទួលខុសត្រូវ»។
Ronaldo ដែលបានធ្វើចត្តាឡីស័កខ្លួនឯងអំឡុងពេលមិត្តរួមក្រុមឆ្លង COVID-19 នោះ រកបាន២៥គ្រាប់ក្នុងការបង្ហាញខ្លួន៣២ប្រកួតសម្រាប់ Juventus រដូវកាលនេះ មុនពេលមានការផ្អាកការប្រកួតបណ្តោះអាសន្នដោយសារជំងឺរាតត្បាតសកលតាំងពីខែមិនាមក។
Juventus ឈរនៅកំពូលតារាង Serie A និងឈានដល់វគ្គ១៦ក្រុមចុងក្រោយនៃក្របខណ្ឌ Champions League ព្រមទាំងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Coppa Italia ផងដែរ៕
Tag:
Cristiano Ronaldo
Juventus
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com