ជាតិ
ទោច​ថ្ពាល់​លឿង ក៏មាន​រស់នៅ​ក្នុងប្រទេស​កម្ពុជា​ដែរ
20, May 2020 , 7:39 pm        
រូបភាព
ដោយ​៖ USAID Wonders of the Mekong
 
​ទោច​ថ្ពាល់​លឿង មានឈ្មោះ​វិទ្យាសាស្ត្រ​ថា Nomascus gabrielle គឺជា​សត្វ​ទោច​មួយ​ប្រភេទ ក្នុងចំណោម​សត្វ​ទោច​សំខាន់ៗ ៤​ប្រភេទ នៃ​អម្បូរ Crested gibbon នៅ​អាស៊ីអាគ្នេយ៍​។ តាំងពី​បុរាណ​មក សត្វ​ទោច​ទាំងអស់ ត្រូវបាន​គេ​ចាត់ទុក​វា​ស្ថិតនៅក្នុង​ក្នុង​អម្បូរ​តែមួយ (​នៃ​អំបូរ Hylobates) និង​មានតែ​ទោច​ថ្ពាល់​លឿង​តែមួយគត់ ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ប្រភេទ​សត្វ​ទោច​តូច (​ដោយ​ឲ្យ​ឈ្មោះថា H. concolor gabrielle)​។




​ទោច​ពណ៌​លឿង​ឈ្មោល​
 
​ប៉ុន្តែ​ការសិក្សា​ថ្មីៗ អំពី​សម្លេង និង​អាកប្បកិរិយា​របស់​ពួកវា ត្រូវបាន​រកឃើញថា ទោច​នេះ​មាន​ចំណាត់ថ្នាក់​ប្រភេទ​ផ្ទាល់ខ្លួន​របស់​វា​។ សត្វ​ទោច​ដ៏​វិចិត្រ​នេះ ត្រូវបាន​គេ​និយម​ដាក់ឈ្មោះ​មួយចំនួន​ដូចជា ទោច​ថ្ពាល់​ក្រហម ថ្ពាល់​មាស ឬ​ថ្ពាល់​ប៉ោង ហើយ​វា​ទំនងជា​ប្រែប្រួល​ទៅតាម​ចំនួន​។​
 
​ទោះបីជា​មានឈ្មោះ​ច្រើន ដែល​គេ​អាច​ប្រើ​សម្រាប់​សំដៅ​ទៅលើ​សត្វ​ទោច​ថ្ពាល់​លឿង​នេះ​ក្ដី ប៉ុន្តែ​អ្វីដែល​យើង​ស្គាល់​យ៉ាង​ប្រាកដ នឹង​ចាប់​មិន​ច្រឡំ​នោះ​គឺ ពណ៌​របស់​ពពួក​វាន​រ​សត្វ​ទាំងនេះ​នៅក្នុង​ព្រៃ​។ ទោច​ថ្ពាល់​លឿង​ឈ្មោល​ពេញវ័យ គ្របដណ្ដប់​ដោយ​រោម​ពណ៌​ខ្មៅ​ពេញ​ទាំង​តួខ្លួន លើកលែងតែ​លក្ខណៈពិសេស​នៅលើ​ថ្ពាល់​ទាំងសងខាង ដែលមាន​ពណ៌​លឿង​។ ផ្ទុយទៅវិញ សត្វ​ទោច​ញី​ពេញវ័យ បង្អួតរាង​ជាមួយ​រោម​ពណ៌​លឿង​ពេញ​ខ្លួន​ទាំងអស់ លើកលែងតែ​រោម​ពណ៌​ខ្មៅ​មួយ​ឆ្នូត​បញ្ឈរ​នៅ​ខាងលើ​ក្បាល​។​
 

​ទោច​ពណ៌​លឿង​ញី​
 
​ការស្រាវជ្រាវ​អំពី​ប្រភេទ​សត្វ​នេះ នៅមានកម្រិត​តិចតួច​បំផុត ដោយសារតែ​លក្ខណៈ​ស្មុគស្មាញ​នៃ​ប្រភេទ​ទោច​ក្នុង​ជម្រក​ធម្មជាតិ​របស់​ពួកវា ដែល​ស្ថិតនៅ​ភាគខាងត្បូង​ប្រទេស​ឡាវ និង​វៀតណាម ក៏ដូចជា​នៅ​ភាគ​ខាងកើត​នៃ​ប្រទេស​កម្ពុជា ផងដែរ​។ អ្វីដែល​យើង​អាច​ដឹង​នោះ​គឺ ប្រភេទ​សត្វ​ពិសេស​មួយ​នេះ ចូលចិត្ត​នៅលើ​ចុង​ប្រគាបឈើ​ខ្ពស់ៗ ក្នុងព្រៃ​តំបន់​វាលទំនាប ដូចជា​តំបន់​វាលទំនាប​ទន្លេមេគង្គ​។ ការគំរាមកំហែង​ចម្បង ចំពោះ​ពួកវា រួមមាន ការចាប់​យកមក​ធ្វើជា​សត្វ​ចិញ្ចឹម សម្រាប់​ជួញដូរ និង​ការ​បរបាញ់​។ នៅ​តំបន់​ដាច់ស្រយាល​មួយចំនួន សត្វ​ទោច​ថ្ពាល់​លឿង អាច​ត្រូវ​សម្លាប់​ធ្វើជា​អាហារ​របស់​មនុស្ស ហើយ​ឆ្អឹង​របស់​វា ត្រូវបាន​ប្រើ​ជា​ឱសថ​បុរាណ​។ ការគំរាមកំហែង​ជាប្រចាំ​ផ្សេងទៀត គឺ​ការកាប់​ឈើ និង​ការ​ឈូសឆាយ​ព្រៃ​សម្រាប់​បំរើការ​អភិវឌ្ឍន៍​រប​ស់មនុស្ស​។ ជា​លទ្ធផល សត្វ​ប្រភេទ​នេះ​កំពុង​ថយចុះ ហើយ​ត្រូវបាន​ចាត់​ចូល​ជា​សត្វ​ដែល​ជិត​ផុត​ពូជ ក្នុង​បញ្ជី​ក្រហម​នៅ​អង្គការ IUCN កាលពី ឆ្នាំ​២០០៨ ។​
 
#​អង្គការ​អភិរក្ស​អន្តរជាតិ # Fauna & Flora International និង #​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ រីករាយ​ក្នុងការ អភិរក្ស​សត្វ​ប្រភេទ​នេះ​នៅ​ប្រទេស​កម្ពុជា និង​ឡាវ ដោយ​ធ្វើការ​ស្រាវជ្រាវ បង្កើន​ការយល់ដឹង​នៅតាម​ភូមិ​នានា ដែលមាន​ទីតាំង​នៅក្បែរ​ជម្រក​របស់​វា និង​ពង្រឹង​ការគ្រប់គ្រង​តំបន់​អភិរក្ស​ដែលមាន​ស្រាប់​ហើយ​នោះ​។​

© រក្សាសិទ្ធិដោយ thmeythmey.com