ទូរទស្សន៍ឯកទេសកីឡាកម្ពុជា Cambodia Sports Television នឹងលេចចេញជារូបរាងក្នុងពេលឆាប់ៗខាងមុននេះ ដែលមានទីស្នាក់ការបណ្តោះអាសន្ននៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)។ ទូរទស្សន៍នេះ បង្កើតសម្រាប់ត្រៀមផ្សព្វផ្សាយពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ វាមិនត្រឹមជាកន្លែងផ្សព្វផ្សាយព័ត៌មានប៉ុណ្ណោះទេ តែជាកន្លែងបណ្តុះបណ្តាលធនធានអ្នកសារព័ត៌មានទៀតផង។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានលើកឡើងថា ទូរទស្សន៍កីឡាកម្ពុជា ដែលជាកិច្ចសហការរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយក្រុមហ៊ុនមកពីប្រទេសកូរ៉េខាងត្បូង នឹងក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាលធនធានអ្នកសារព័ត៌មានប្រកបដោយវិជ្ជាជីវៈ។ ដ្បិតបុគ្គលិកធ្វើការនៅទូរទស្សន៍នេះ៥០ភាគរយ សុទ្ធសឹងជាអ្នកជំនាញមកពីប្រទេសកូរ៉េ ហើយពួកគេនឹងបណ្តុះបណ្តាលបុគ្គលិកកម្ពុជា ដែលមានប្រមាណ៥០ភាគរយ។
«តាមគម្រោងផែនការមេរបស់ក្រុមហ៊ុនកូរ៉េខាងត្បូងជាមួយ NOCC យើងបានបែងចែកការងារមួយចំនួនធំ ការដឹកនាំជំនាញ ការរៀបចំ និងការដឹកនាំដំបូង គឺមានអ្នកជំនាញការ និងបុគ្គលិកជំនាញរបស់កូរ៉េ៥០ទៅ៦០ភាគរយ ហើយខាងខ្មែរ យើងនឹងបណ្តុះបណ្តាលក្មេងៗថ្មីៗ ឬអ្នកជើងចាស់ដែលមានឈ្មោះបោះសម្លេង យកគាត់មកបណ្តុះបណ្តាលបន្ថែម»។ នេះជាការលើកឡើងរបស់លោក វ៉ាត់ ចំរើន ដែលបានបន្ថែមថា ភាគីកូរ៉េនឹងប្រគល់ការងារគ្រប់យ៉ាងឲ្យមកកម្ពុជាគ្រប់គ្រង បន្ទាប់ពីពួកគេវាយតម្លៃឃើញថា កម្ពុជាអាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំទូរទស្សន៍កីឡាមួយនេះ។
រដ្ឋលេខាធិការក្រសួងទេសចរណ៍រូបនេះ បានបន្ថែមថា ក្រៅពីផ្សព្វផ្សាយពីព្រឹត្តិការណ៍កីឡាផ្សេងៗទាំងថ្នាក់ជាតិ និងអន្តរជាតិ ទូរទស្សន៍ឯកទេសកីឡាខាងលើ នឹងផ្សព្វផ្សាយបញ្ជ្រាបឲ្យប្រជាពលរដ្ឋបានយល់កាន់តែច្បាស់ពីច្បាប់កីឡាតាមប្រភេទនីមួយៗ។ ដ្បិត លោក សង្កេតឃើញថា កន្លងមកប្រជាពលរដ្ឋភាគច្រើនមើលការប្រកួតកីឡា តែមិនយល់ពីច្បាប់កីឡា។
លោកលើកឡើងដូច្នេះថា៖«យើងចង់អប់រំប្រជាពលរដ្ឋយើងឲ្យគាត់ស្គាល់អ្វីទៅជាកីឡា អ្វីទៅជាល្បែង អ្វីហៅថាការកម្សាន្តផ្លូវកាយ អ្វីហៅថាអប់រំកាយ អ្វីហៅថាការធ្វើចលនាដើម្បីសុខភាព សាមគ្គីភាព មិត្តភាព អ្វីដែលហៅថា ការធ្វើចលនាដើម្បីឈានទៅរកកម្រិតជំនាញ អ្វីដែលហៅថា ការហ្វឹកហាត់ដើម្បីជំនាញកម្រិតខ្ពស់»។
លោករំពឹងថា ទូរទស្សន៍នេះ នឹងក្លាយជាចំណែកមួយក្នុងការជួយបំពេញរាល់ចំណុចខ្វះខាតរបស់កីឡាករ ដើម្បីឲ្យពួកគេក្លាយទៅជាកីឡាករ ដែលមានសមត្ថភាពខ្ពស់។ បន្ថែមលើនេះ វានឹងក្លាយជាទូរទស្សន៍គំរូមួយ ក្នុងការសរសេរអត្ថបទកីឡា និងការអត្ថាធិប្បាយ តាមក្បួនច្បាប់បច្ចេកទេសកីឡា។
បើតាមការអះអាងរបស់លោក វ៉ាត់ ចំរើន ក្រៅពីបង្កើតកម្មវិធីផ្សព្វផ្សាយព័ត៌មានកីឡាធម្មតា ទូរទស្សន៍កីឡាកម្ពុជាគ្រោងបង្កើតកម្មវិធីសរសេរអត្ថបទបែបបទយកការណ៍ស៊ីជម្រៅពាក់ព័ន្ធប្រភេទកីឡានីមួយៗ និងអត្ថបទបែបជីវៈព័ត៌មានរបស់កីឡាករឆ្នើមៗ និងបុគ្គលសំខាន់ៗមួយចំនួនក្នុងវិស័យកីឡា។ លើសពីនេះ ការជីកកកាយ និងសរសេរអត្ថបទឯកសារពាក់ព័ន្ធកីឡាវប្បធម៌ប្រពៃណី និងល្បែងប្រជាប្រិយខ្មែរ ដែលគេបានបោះបង់ចោល។
បើតាមអគ្គលេខាធិការ NOCC រូបនេះ ទូរទស្សន៍កីឡាកម្ពុជា ជាទូរទស្សន៍ឯកទេសកីឡាឌីជីថល(Digital)ដំបូងគេនៅកម្ពុជា ដែលមានទីស្នាក់ការបណ្តោះអាសន្ននៅជាន់ផ្ទាល់ដីនៃអគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ស្នាក់ការធំរបស់ទូរទស្សន៍នេះស្ថិតក្នុងបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ។ ជាជំហានដំបូងក្រុមកូរ៉េបានបោះទុន ២០លានដុល្លារអាមេរិក ដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍ផ្សេងៗសម្រាប់ដំណើរការជាលើកដំបូង៕