COVID-19
អន្តរជាតិ
ប៉េកាំងថា អាមេរិកយកចិនធ្វើលេសដើម្បីគេចវេសពីទំនួលខុសត្រូវជាសមាជិក WHO អ្នកនាំពាក្យក្រសួងការបរទេសចិន Zhao Lijian ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី១៩ ខែឧសភា។ រូបភាព៖ ក្រសួងការបរទេសចិន
× ទីក្រុងប៉េកាំង បានប្រតិកម្មទៅនឹងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលវាយប្រហារអង្គការសុខភាពពិភពលោក (WHO) និងការគំរាមផ្ដាច់ជំនួយអចិន្ត្រៃយ៍ក្នុងករណីអង្គការនេះមិនកែប្រែ ឬបន្តទោរទន់ទៅចិនពាក់ព័ន្ធការឆ្លើយតបនឹងជំងឺ COVID-19 ។ ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី១៩ ខែឧសភា អ្នកនាំពាក្យក្រសួងការបរទេសចិន និយាយថា អាមេរិកកំពុងរកលេសដើម្បីគេចពីការទទួលខុសត្រូវក្នុងនាមជាសមាជិក WHO ដោយយកចិនជាឈ្នាន់។
មិននៅស្ងៀមឡើយក្រោយត្រូវប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ចាស់ដៃក្នុងសំបុត្រទៅកាន់អគ្គនាយកអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus ចិនក៏បានបកស្រាយវិញ ដោយបានរិះគន់មេដឹកនាំអាមេរិកដូចគ្នា។ ក្នុងលិខិតរបស់លោក ត្រាំ ចិន មិនបានដោះស្រាយឲ្យបានល្អលើជំងឺ COVID-19 និងបណ្ដែតបណ្តោយឲ្យជំងឺនេះរាលដាល ហើយ WHO មិនបានស៊ើបអង្កេតលើទង្វើអសកម្មរបស់ចិនឲ្យបានត្រឹមត្រូវទៅទៀត។
លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន និយាយថា លោក ត្រាំ កំពុងវាយប្រហារចិនដើម្បីមិនចង់ធ្វើតាមកាត្វកិច្ចរបស់ខ្លួនក្នុងនាមជាសមាជិក WHO ។ លោក Zhao ប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទនៅថ្ងៃទី១៩ ខែឧសភា ថា លិខិតរបស់លោក ត្រាំ ពោរពេញដោយពាក្យមិនច្បាស់ ទំនង ប្រហែល សំដៅបំភាន់សាធារណមតិ បង្អាក់ការប្រឹងប្រែងរបស់ចិន និងគេចវេសពីការទទួលខុសត្រូវ។
តាមរយៈលិខិតដដែល លោក ត្រាំ ដែលចោទ WHO ថា មាននិន្នាការទៅរកចិននោះ បានប្រាប់ឲ្យអង្គការសុខភាពអន្តរជាតិមួយកែប្រែសកម្មភាពរបស់ខ្លួន ដោយលោកទុកពេលឲ្យ៣០ថ្ងៃ។ ក្នុងករណីមិនមានការធ្វើកំណែទម្រង់ណាជាក់លាក់ ប្រធានាធិបតីអាមេរិករូបនេះបញ្ជាក់ថា អាមេរិកនឹងផ្ដាច់លុយជំនួយដែលកំពុងផ្អឹបបណ្ដោះអាសន្នជាអចិន្ត្រៃយ៍តែម្ដង។ លោម ត្រាំ មិនបញ្ជាក់ឲ្យច្បាស់ពីការកែប្រែដែលចង់បានឡើយ ប៉ុន្តែគ្មានអ្វីក្រៅពីឲ្យ WHO លែងទោរទន់រកចិនទៀត។
ត្រង់នេះ អ្នកនាំពាក្យក្រសួងការបរទេសចិនខាងលើអះអាងថា ភាគរយ និងទំហំនៃវិភាគទានសម្រាប់ WHO ត្រូវបានសម្រេចរួមគ្នាដោយរដ្ឋសមាជិកទាំងអស់ មិនមែនកំណត់ដោយអាមេរិកតែឯងឡើយ។ លោកសង្កត់ធ្ងន់ថា៖ «វាជាកាត្វកិច្ចរបស់អាមេរិកក្នុងនាមជាសមាជិក WHO ដើម្បីបង់លុយវិភាគទានឲ្យទាន់ពេល និងពេញលេញ។ នេះជារឿងមិនអាចចរចាបានទេ។»
មន្ត្រីក្រសួងការបរទេសចិនដដែលនេះ ក៏ផ្ដាំទៅអ្នកនយោបាយអាមេរិកវិញថា ការរករឿងចិន ហើយគេចវេសពីការទទួលខុសត្រូវពីកាត្វកិច្ចអន្តរជាតិ ជាការគិតគូរខុសរបស់អាមេរិក ឯការយកចិនជាលេស ក៏មិនមែនជារឿងត្រឹមត្រូវដែរ។ លោកបន្ថែមថា ការប៉ុនប៉ងបង្អាក់ចិន នឹងមិនទទួលបានជោគជ័យឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com