ជាតិ
ក្រសួងកសិកម្ម និង​វិទ្យាស្ថាន IRRI ចុះហត្ថលេខា​លើ​ការស្រាវជ្រាវ និង​បណ្តុះបណ្តាល​ពី​ផលិតកម្ម​ដំណាំ​ស្រូវ
20, May 2020 , 9:39 pm        
រូបភាព
រូបភាពី​ក្រសួង​កសិកម្ម
រូបភាពី​ក្រសួង​កសិកម្ម
​ភ្នំពេញ​៖ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​លោក  Yurdi Yasmi តំណាង​អង្គការ IRRI ប្រចាំ​កម្ពុជា បាន​ចុះហត្ថលេខា​លើ​ឯកសារ​ផែនការ ៤​ឆ្នាំ ស្តីពី​កិច្ចសហការ​រួមគ្នា ក្នុង​ភាពជា​ដៃគូ​សម្រាប់​កិច្ចសហប្រតិបត្តិកា​រវិ​ទ្យា​សាស្ត្រ បច្ចេកទេស ក្នុងការ​ស្រាវជ្រាវ និង​ការបណ្តុះបណ្តាល អំពី​ផលិតកម្ម​ដំណាំ​ស្រូវ និង​ស្រូវ​ជា​មូលដ្ឋាន​ក្នុង​ប្រ​ព័​ន្ឋ​ផលិតកម្ម​ស្បៀង​។ លោក វេ​ង សាខុន សង្ឃឹម និង​ជឿជាក់ថា IRRI នឹង​នៅតែ​បន្ត​ជួយ​ដល់​ផលិតកម្ម​ដំណាំ​ស្រូវ​ឲ្យ​មានការ​រីកចម្រើន រួមទាំង​បច្ចេកវិទ្យា និង​ពូជ ជ​ពិសេស​ពូជ​គ្រឹះ ដើម្បី​ចូលរួម​បង្កើន​ផលិតភាព​ផលិតកម្ម​ដំណាំ​ស្រូវ ឈានទៅ​បង្កើន​សមត្ថភាព​ប្រកួតប្រជែង​ទីផ្សារ​ជាមួយ​ប្រទេស​ក្នុង​តំបន់ និង​ប្រទេសជិតខាង​។​



​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងកសិកម្ម ឯកសារ​ផែនការ​រយៈពេល ៤​ឆ្នាំ ដែល​បាន​ចុះហត្ថលេខា​នេះ មាន​សារសំខាន់​ក្នុងការ​បំពេញ និង​ពង្រឹង​បន្ថែម​ទៅលើ​ចំណុច​ខ្វះខាត នៃ​ការអនុវត្ត​បច្ចេកទេស ការងារ​បណ្តុះបណ្តាល ការស្រាវជ្រាវ និង​ការផ្សព្វផ្សាយ​ពូជស្រូវ​កម្ពុជា​។ ជាមួយគ្នានេះ ឯកសារ​នេះ មាន​ទិសដៅ​បង្កើន​ផលិតភាព​ផលិតកម្ម​ដំណាំ​ស្រូវ លើកកម្ពស់​គុណភាព​អង្ករ ពង្រឹង​ខ្សែ​ច្រវាក់​តម្លៃ និង​លើកកម្ពស់​សមត្ថភាព​ប្រកួតប្រជែង​ឈានទៅ​សម្រេច​គោលនយោបាយ​នៃ​ការនាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​ពិភពលោក​នាពេល​អនាគត​។ 
 
​លោក វេ​ង សាខុន បញ្ជាក់ថា​៖ «​កិច្ចសហប្រតិបត្តិការ​លើ​ការអនុវត្ត​ផែនការ​៤​ឆ្នាំ ត្រូវតែ​ពង្រឹង និង​ពង្រីក​បន្ថែម​មួយកម្រិត​ទៀត​ទាំង​ការងារ​វិទ្យាសាស្ត្រ បច្ចេកទេស និង​ផែនការ ជា​យុទ្ធសាស្ត្រ​ភាពជា​ដៃគូ ដើម្បី​ឈានទៅ​សម្រេច​គោលនយោបាយ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម ២០១៩-២០២៣​។ អ្វីដែល​សំខាន់​គឺ​ត្រូវ​គាំទ្រ និង​លើកទឹកចិត្ត​ឱ្យ​វិស័យ​ឯកជន​ចូលរួម​ក្នុង​ការផលិត គ្រប់គ្រង និង​ផ្គត់ផ្គង់​ពូជស្រូវ​ឲ្យ​ដៃគូ​ផលិត ធ្វើ​យ៉ាងនេះ​ទើប​យើង​អាច​ធានាបាន​ទាំង​បរិមាណ និង​គុណភាព​អង្ករ​តាម​តម្រូវការ​ទីផ្សារ​»​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រសួងកសិកម្ម​។ 
 


លោក វេង សាខុន រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ



​ក្នុង​ពិធី​ចុះហត្ថលេខា លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ក៏បាន​គាំទ្រ​លើ​ផែនការ​កិច្ចសហការ​រួមគ្នា និង​អរគុណ​ចំពោះ​វិទ្យាស្ថាន IRRI ដែល​បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងកា​អភិវឌ្ឍ​ផលិតកម្ម​ដំណាំ​ស្រូវ​នៅ​កម្ពុជា និង​បានរួម​ចំណែក​ធ្វើ​ឲ្យ​គុណភាព​អង្ករ​កម្ពុជា​ត្រូវបាន​ទីផ្សារ​អន្តរជាតិ​ទទួលស្គាល់ថា​ជា​អង្ករ​មានគុណ​ភាពល្អ​បំផុត​។ 
 
​សូមបញ្ជាក់ថា វិទ្យាស្ថាន IRRI បានធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​កម្ពុជា​លើ​ការអភិវឌ្ឍ​ផលិតកម្ម​ដំណាំ​ស្រូវ​តាំងពី​ឆ្នាំ​១៩៦៣​។ កិច្ចសហប្រតិបត្តិការ​នេះ ភាគី​កម្ពុជា​ទទួលបាន​នូវ​អត្ថប្រយោជន៍​សំខាន់ៗ​៤ គឺ​ការអភិវឌ្ឍ​ធនធានមនុស្ស​, ការកសាង​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ស្រាវជ្រាវ និង​មន្ទីរពិសោធន៍​, ការស្រាវជ្រាវ និង​បញ្ចេញ​ពូជស្រូវ​ល្អៗ​ជូន​ដល់​កសិករ និង​ការងារ​អភិរក្ស ពូជស្រូវ​ប្រពៃណី​របស់​កម្ពុ​ជាជាង ៦​ពាន់​សំណាក យកមក​វាយតម្លៃ និង​កំណត់​លក្ខណៈ​ក្សេត្រ​វិទ្យា និង​ចងក្រង​ឯកសារ​វិទ្យាសាស្ត្រ​រក្សាទុក​ឲ្យ​អ្នកវិទ្យាសាស្ត្រ​ជំនាន់​ក្រោយ​ផងដែរ​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​៕ 

Tag:
 ក្រសួងកសិកម្ម​
  ស្រូវ​
  IRRI
© រក្សាសិទ្ធិដោយ thmeythmey.com