COVID-19
អន្តរជាតិ
រដ្ឋមន្ត្រីចិនព្រមានថា កំណើនពាណិជ្ជកម្មប្រទេសនឹងពុំមានចីរភាព បើCOVID-19បន្តរាតត្បាត
× ការធូរស្រាលឡើងវិញក្នុងកំណើនពាណិជ្ជកម្មរបស់ចិន នឹងពុំមានចីរភាពឡើយ ប្រសិនបើជំងឺរាតត្បាតសកល COVID-19 មិនត្រូវបានគ្រប់គ្រងជោគជ័យនៅទូទាំងពិភពលោកទេនោះ។ រដ្ឋមន្ត្រីឧស្សាហកម្មនិងបច្ចេកវិទ្យាព័ត៌មានចិន ព្រមានបែបនេះ នៅថ្ងៃទី២០ ខែឧសភា។
ការនាំចេញរបស់ចិន ត្រូវបានសង្កេតឃើញថា មានសន្ទុះគួរឲ្យភ្ញាក់ផ្អើលក្នុងខែមេសា ដោយមួយផ្នែកគឺមកពីកំណើនការដឹកជញ្ជូនផលិតផលវេជ្ជសាស្ត្រ ខណៈផលិតកម្មដំណើរការជាថ្មីក្រោយបិទទ្វារច្រើនខែទប់ស្កាត់ COVID-19។ ទន្ទឹមនេះ ការនាំចេញនិងនាំចូលរបស់ចិន ធ្លាក់ចុះតិចជាងការរំពឹងទុកក្នុងក្របខណ្ឌលុយយ័ន អំឡុងពេល៤ខែដើមឆ្នាំ២០២០នេះ។
ក៏ប៉ុន្តែ លោក Miao Wei រដ្ឋមន្ត្រីឧស្សាហកម្មនិងបច្ចេកវិទ្យាព័ត៌មានបាន ប្រាប់សន្និសីទព័ត៌មានមួយដូច្នេះថា៖«ទោះបីជាការនាំចេញនិងការនាំចូលក្នុងក្របខណ្ឌលុយយ័នចាប់ពីខែមករា ទៅខែមេសា បានកើនឡើងល្មម ខ្ញុំគិតថា ប្រសិនបើជំងឺរាតត្បាតសកល ពុំអាចគ្រប់គ្រងជោគជ័យទេនោះ វាពុំអាចមានចីរភាពបានឡើយ»។
ដើម្បីផ្ដល់សន្ទុះដល់កំណើនសេដ្ឋកិច្ច រដ្ឋាភិបាលចិន នឹងត្រូវជំរុញឲ្យមានតម្រូវការក្នុងស្រុកកាន់តែច្រើន ក្នុងគោលដៅជំនួសភាពទន់ខ្សោយក្នុងទីផ្សារអន្តរជាតិ។ នេះបើតាមការសង្កត់ធ្ងន់របស់លោករដ្ឋមន្ត្រី Wei ។ មែនទែនទៅ ចិនបានព្យាយាមផ្ដល់សន្ទុះដល់ការចាយវាយ ដែលជាស្នូលនៃកំណើនសេដ្ឋកិច្ចក្នុងស្រុក ហើយនេះគឺជាបង្វែរខឿនសេដ្ឋកិច្ចចេញពីការពឹងផ្អែកតែទៅលើការនាំចេញ និងការវិនិយោគរដ្ឋ។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP លោករដ្ឋមន្ត្រីឧស្សាហកម្ម Miao Wei ក៏បានបញ្ជាក់ថា ចាប់តាំងពីការងារបន្តដំណើរការឡើងវិញ បណ្ដាក្រុមហ៊ុនក្នុងប្រទេសចិន បានជួបប្រទះការធ្លាក់ចុះក្នុងផលិតកម្មពួកគេ។ មូលហេតុនោះគឺ តម្រូវការធ្លាក់ចុះ ក្រោយរដ្ឋាភិបាលបានដាក់ចេញបញ្ជាបិទប្រទេសទប់ស្កាត់ COVID-19 ដែលបង្កឲ្យសេដ្ឋកិច្ចជាប់គាំង។
សូមបញ្ជាក់ថា ទីផ្សារចម្បងរបស់ចិន ដែលនោះគឺជាសហរដ្ឋអាមេរិក ត្រូវរងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារ COVID-19 ។ តាមរបាយការណ៍ចុងក្រោយ COVID-19 បានបំផ្លាញការងារជាង៣០លានកន្លែងក្នុងសហរដ្ឋអាមេរិក។ ទាក់ទិនបញ្ហានេះ រដ្ឋមន្ត្រីរតនាគារអាមេរិក បានព្រមានពីការបំផ្លិចបំផ្លាញអចិន្ត្រៃយ៍ចំពោះសេដ្ឋកិច្ចប្រទេស ប្រសិនបើចំណាត់ការស្នាក់នៅផ្ទះដ៏តឹងរ៉ឹង ពុំត្រូវដកហូតឆាប់ៗទេនោះ៕
Tag:
ចិន
COVID-19
ពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com