ជាតិ
សមាគម​ទេសចរណ៍ ជំរុញ​ឲ្យ​ភ្ញៀវ​ជ្រើសរើស​សេវាកម្ម​សហគមន៍ ដើម្បី​ផលប្រយោជន៍​រួម
20, May 2020 , 10:19 pm        
រូបភាព
​ភ្នំពេញ​៖ នៅក្នុង​បរិបទ​កូ​វីដ​១៩​នេះ ក្រសួងទេសចរណ៍ បានរៀបចំ​ស្ដង់ដារ​អាជីវកម្ម​ថ្មី សម្រាប់​អាជីវកម្ម​ទេសចរណ៍​ចំនួន ៣ រួមមាន​សេវាកម្ម​ស្នាក់នៅ ម្ហូបអាហារ និង​សេវាកម្ម​ទេសចរណ៍​សហ​គម​ន៍​-​រមណីយដ្ឋាន​ទេសចរណ៍​។ ស្រប​ពេលដែល COVID-19 មាន​ភាពស្ងប់ស្ងាត់​នេះ អ្នកស្រី ឆាយ ស៊ីវ​លីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍ បាន​ជំរុញ​ឲ្យ​ភ្ញៀវទេសចរ​ជ្រើសរើស​សេវាកម្ម​សហគមន៍​ទេសចរណ៍ ជា​ផ្នែក​មួយ​នៃ​អេកូ​ទេសចរណ៍ ដែល​ទាក់ចិត្ត​ភ្ញៀវ​ទេសចរណ៍​ទៅ​កម្សាន្ត​បែប​ធម្មជាតិ​។



​សហគមន៍​ទេសចរណ៍ ជា​ផ្នែក​មួយ​នៃ​អេកូ​ទេសចរណ៍ ដែល​ផ្ដល់​សេវាកម្ម​ផ្ទះ​ស្នាក់​, សេវាកម្ម​ម្ហូបអាហារ និង​សេវាកម្ម​ដឹកជញ្ជូន​ភ្ញៀវទេសចរ​នៅក្នុង​សហគមន៍​។ ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ អ្នកស្រី ឆាយ ស៊ីវ​លីន លើកឡើងថា សហគមន៍​ទេសចរណ៍ អាច​ទាក់ទាញ​ភ្ញៀវទេសចរ តាមរយៈ​ផលិតផល​ទេសចរណ៍ និង​សកម្មភាព​ផ្សេងៗ ពិសេស​គោលដៅ​ទេសចរណ៍​នៅក្នុង​សហគមន៍​។ 
  សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មានថ្មីៗជាមួយ​អ្នកស្រី ឆាយ ស៊ីវ​លីនប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍ដូចតទៅ៖



បើតាម​អ្នកស្រី ឆាយ ស៊ីវ​លីន សហគមន៍​ទេសចរណ៍​ទទួលបាន​ផលប្រយោជន៍​តាមរយៈ​ការផ្ដល់​សេវាកម្ម​នានា​ដូចជា សេវាកម្ម​ដឹកជញ្ជូន​, សេវាកម្ម​ផ្ទះ​ស្នាក់​, សេវាកម្ម​ម្ហូបអាហារ​ជាដើម​។ អ្នកស្រី ឆាយ ស៊ីវ​លីន ក៏​ជំរុញ​ឲ្យ​សហគមន៍​ទេសចរណ៍​ផលិត​អ្វី​ជា​របស់​ខ្លួនឯង ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​បន្ថែមទៀត​។ ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​រូបនេះ សង្កេតឃើញថា បច្ចុប្បន្ន ការធ្វើដំណើរ​ផ្សងព្រេង មានការ​ចាប់អារម្មណ៍​ពី​សំណាក់​ប្រជាពលរដ្ឋ​កម្ពុជា ដោយ​ពីមុន​ភ្ញៀវទេសចរ​ចូលចិត្ត​ទៅ​កន្លែង​ណា​មាន​អាហារ​ហូប​ស្រាប់​។ 
«​ក្នុងអំឡុង​នៃ​ការ​រាតត្បាត​កូ​វីដ​១៩​នេះ វា​ក៏​ជា​ឱកាស​ដែល​ជំរុញ​ឲ្យ​ទេសចរណ៍​ក្នុងស្រុក​មាន​ចលនា​កាន់តែ​ច្រើនជាង​មុន ព្រោះ​កន្លងមក វិស័យ​អាកាសចរ​មានការ​រីកចម្រើន​ខ្លាំង ធ្វើ​ឲ្យ​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​មាន​ឱកាស​ចេញទៅ​ក្រៅប្រទេស​ច្រើន​។ ក្នុងពេលដែល​ជួប​ហ​និ​ភ័យ​កូ​វីដ​នេះ យើង​អាច​ជំរុញ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​កម្សាន្ត​នៅក្នុង​ស្រុក​»​។ នេះ​ជាការ​លើកឡើង​របស់​អ្នកស្រី ឆាយ ស៊ីវ​លីន​៕  
 





Tag:
 ទេសចរណ៍​
  សហគមន៍​
  សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com