ជាតិ
សេដ្ឋកិច្ច
ពេញ​មួយឆ្នាំ​២០១៩ ADB ផ្ដល់​ទឹកប្រាក់​ជាង​២៧៥​លាន​ដុល្លារ សម្រាប់​គម្រោង​អភិវឌ្ឍន៍​នៅ​កម្ពុជា​
20, May 2020 , 10:59 pm        
រូបភាព
​ភ្នំពេញ​៖ ពេញ​មួយឆ្នាំ​២០១៩ ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB) បានផ្ដល់​ទឹកប្រាក់​២៧៥,៨​លាន​ដុល្លារ សម្រាប់​គម្រោង​អភិវឌ្ឍន៍​នៅ​កម្ពុជា​។ នេះ​បើតាម​របាយការណ៍​ប្រចាំឆ្នាំ​២០១៩​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB) ដែល​ទើប​ចេញផ្សាយ​។​
 
​របាយការណ៍​ADB បាន​បញ្ជាក់ថា ថវិកា​ក្នុង​រូប​ភាពជា​កម្ចី និង​ជំនួយ​នេះ គឺ​ផ្ដោតលើ​គម្រោង​ឧទ្យាន​ជាតិ​ថាមពលព្រះអាទិត្យ​តម្លៃ ៧,៦ លាន​ដុល្លារ ដើម្បី​កាត់​បន្ថយថ្លៃ​អគ្គិសនី តាមរយៈ​ការវិនិយោគ​ជាមួយ​វិស័យ​ឯកជន​លើ​ថាមពល​កកើត​ឡើងវិញ ដែល​គេ​រំពឹងថា រោងចក្រ​ថាមពល​ទាំងនោះ នឹង​បញ្ចៀស​ការបញ្ចេញ​ផ្សែង​ពុល​កាបូនឌីអុកស៊ីត​យ៉ាងហោចណាស់  ១៤៨. ៦៥០ តោន​ក្នុង​មួយឆ្នាំ​។ 
 
​ក្រៅពីនេះ ក៏មាន​កម្មវិធី​អភិវឌ្ឍន៍​ផ្នែក​ហិរញ្ញវត្ថុ​ប្រកបដោយ​បរិ​យា​ប័ន្ន (​កម្មវិធី​រង ទី​២) ដែលមាន​ទឹកប្រាក់​៤០​លាន​ដុល្លារ ដើម្បី​បង្កើន​ការទទួលបាន​ហិរញ្ញវត្ថុ ព្រមទាំង​ផ្តល់នូវ​សេវា​ហិរញ្ញវត្ថុ​ថ្មី​ដល់​សហគមន៍​ក្រីក្រ ដែល​រួមមាន​ទីជនបទ ផ្នែក​កសិកម្ម និង​ធុរកិច្ច​ខ្នាតតូច និង មធ្យម​។ កម្មវិធី​នេះ​គាំទ្រ​ការអនុម័ត​យុទ្ធសាស្ត្រ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ជាតិ ច្បាប់​សំខាន់ៗ ដូចជា​ច្បាប់​កសាង​ទំនុកចិត្ត ច្បាប់​ការពារ​អតិថិជន ព្រមទាំង​ការបញ្ចូល​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ក្នុង​កម្មវិធីសិក្សា​។ ទន្ទឹមនឹងនេះ គម្រោង​ជំនាញ​សម្រាប់​ពង្រឹងសមត្ថភាព​ប្រកួតប្រជែង ដែលមាន​តម្លៃ ៦០ លាន​ដុល្លារ ដើម្បី​អភិវឌ្ឍន៍​ធនធានមនុស្ស ទៅជា​កម្លាំង​ពលកម្ម​ដែលមាន​ជំនាញ ក្នុង​វិស័យ​អាទិភាព​ចំនួន​បួន រួមមាន​៖ ផ្នែក​ផលិតកម្ម សំណង់ អគ្គិសនី និង​អេឡិចត្រូនិក​។ នេះ​បើតាម​ADB​។​
 
ADB ក៏បានផ្ដល់​ទឹកប្រាក់​៤៩​លាន​ដុល្លារ (​ដែល​៤,៤​លាន​ដុល្លារ​ជា​ប្រាក់​ជំនួយ​) សម្រាប់​កម្មវិធី​ទី​បី នៃ​ការអភិវឌ្ឍន៍​ផ្នែក​សេវា​អនាម័យ​និង​ផ្គត់ផ្គង់​ទឹកស្អាត​តាម​ទីជនបទ ដើម្បី​លើកកម្ពស់​អនាម័យ និង​ការផ្គត់ផ្គង់​ទឹកស្អាត​ថែមទៀត​នៅតាម​ទីជនបទ​។ កម្មវិធី​នេះ អនុវត្ត​នៅ​ខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ឆ្នាំង កំពង់ធំ កំពង់ស្ពឺ កំពត ពោធិ៍សាត់ និង​ខេត្ដ​សៀមរាប និង​អនុវត្តន៍​ក្នុងភូមិ​ចំនួន ៦០០​។ ADB ក៏​ផ្ដល់​ថវិកា​អនុវត្ត​គម្រោង​កែលម្អ​កសិកម្ម​ស្រោចស្រព តម្លៃ​១១៩,២ លាន​ដុល្លារ (​ដែល ២,២ លាន​ដុល្លារ​ជា​ប្រាក់​ជំនួយ​) ដើម្បី​ពង្រឹង​ភាព​ធន់​នឹង​អាកាសធាតុ​នៃ​ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម​សំខាន់ៗ ធ្វើ​ជំនួញ​ផលិតកម្ម​ស្រូវ ពោត ដំឡូង​មី និង​ស្វាយ ព្រមទាំង​លើកកម្ពស់ ផលិតភាព និង​ពិពិធ​កម្ម​កសិកម្ម​។​
 
​គម្រោង និង​កម្មវិធី​ធំៗ ដែល ADB បានផ្ដល់​កម្ចី និង​ជំនួយ​ដល់​កម្ពុជា​នេះ គឺ​បានចាប់ផ្តើម​អនុវត្ត​ក្នុង​ឆ្នាំ​២០១៩ ហើយ​កំពុង​បន្ត​រហូតដល់​បច្ចុប្បន្ន​នេះ​។​
 
ADB បានផ្ដល់​ប្រាក់កម្ចី និង​ជំនួយឥតសំណង​ដល់​កម្ពុជា ចាប់តាំងពី​ឆ្នាំ​១៩៦៦ មកម្ល៉េះ ។ ប៉ុន្តែ​ADB បាន​ផ្អាក​ផ្ដល់ជំនួយ​វិញ នៅ​គ្រា​ដែល​កម្ពុជា ជួប​បញ្ហា​សង្គ្រាម​ជាង​ពីរ​ទសវត្សរ៍​កន្លងមក មុននឹង​ចាប់ផ្ដើម​ផ្ដល់ជំនួយ​ដល់​កម្ពុជា​វិញ នៅ​ឆ្នាំ ១៩៩២ ។ គិត​មកដល់​បច្ចុប្បន្ន​នេះ ADB បានផ្តល់​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​ដល់​កម្ពុជា សម្រាប់​គម្រោង​អភិវឌ្ឍន៍​នានា មាន​ទឹកប្រាក់​សរុប​ជាង ៣,២ ពាន់​លាន​ដុល្លារ​ហើយ ។ ក្នុងចំណោម​ទឹកប្រាក់​ទាំងនោះ គឺមាន​ឥណទាន​សម្បទាន​ជាង ២,៧ ពាន់​លាន​ដុល្លារ និង​ហិរញ្ញប្បទាន​ឥត​សំណង​ជាង ៥០០​លាន​ដុល្លារ ៕
 
 

Tag:
 ADB
  ហេដ្ឋារចនាសម្ព័ន្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com