ក្រុម​អង្គការក្រៅរដ្ឋាភិបាល​នៅ​ប្រទេស​កម្ពុជា​ទាមទារ​ឲ្យ​មេដឹកនាំ​ពិភពលោក​ផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩​ដោយ​ឥតគិតថ្លៃ​
ជាតិ
ក្រុម​អង្គការក្រៅរដ្ឋាភិបាល​នៅ​ប្រទេស​កម្ពុជា​ទាមទារ​ឲ្យ​មេដឹកនាំ​ពិភពលោក​ផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩​ដោយ​ឥតគិតថ្លៃ​
21, May 2020 , 7:59 pm        
រូបភាព
នេះ​គឺ​រូបថត​ដែល​បង្ហាញ​ពី​ដប​តូច​មួយ​បិទ​ស្លាក​ថា «វ៉ាក់សាំង​ជំងឺ​កូវីដ១៩» និង​ម្ជុល​ចាក់​ថ្នាំ​មួយ​ ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ២០២០។
នេះ​គឺ​រូបថត​ដែល​បង្ហាញ​ពី​ដប​តូច​មួយ​បិទ​ស្លាក​ថា «វ៉ាក់សាំង​ជំងឺ​កូវីដ១៩» និង​ម្ជុល​ចាក់​ថ្នាំ​មួយ​ ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ២០២០។
ដោយ: VOA
​វ៉ាស៊ីនតោន ៖ ក្រុម​អង្គការ​ធំៗ​មួយចំនួន​ដែល​ធ្វើ​ការងារ​ផ្តោត​សំខាន់​ទៅលើ​ការអភិវឌ្ឍ សុខភាព​និង​ការកាត់បន្ថយ​ភាពក្រីក្រ​ក្នុងប្រទេស​កម្ពុជា​បានទាមទារ​ឲ្យ​មេដឹកនាំ​ពិភពលោក​ធ្វើ​ឲ្យ​ប្រាកដថា ពលរដ្ឋ​គ្រប់រូប​ទាំង​នៅក្នុង​ប្រទេស​ក្រីក្រ​ផង អាច​ទទួលបាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ដោយ​ឥតគិតថ្លៃ នៅពេលដែល​វ៉ាក់សាំង​នេះ​ត្រូវបាន​រកឃើញ​។​

 
​ការទាមទារ​នេះ​ធ្វើឡើង ខណៈ​ពិភពលោក​កំពុង​ស្វះ​ស្វែងរក​ថ្នាំ​បង្ការ​ឬ​វ៉ាក់សាំង​ជំងឺ​កូ​វីដ​១៩​ដើម្បី​ទប់ទល់​នឹង​ការឆ្លង​រាតត្បាត​ជាស​កល​នៃ​ជំងឺ​នេះ​។​
 
​សេចក្តីប្រកាស​ព័ត៌មាន​រួមគ្នា​របស់​អង្គការក្រៅរដ្ឋាភិបាល​ទាំងនេះ​ដែល​ចុះ​ថ្ងៃទី​២១ ខែឧសភា​ឆ្នាំ​២០២០​នេះ​សរសេរថា​៖
 
«​វ៉ាក់សាំង​នេះ​នឹង​ក្លាយជា​រូបិយ​បណ្ណ​នៃ​ជីវិត​និង​មរណភាព ជាពិសេស​សម្រាប់​ប្រទេស​នានា ដែល​ប្រព័ន្ធ​សុខាភិបាល​របស់​យើង​បច្ចុប្បន្ន នៅ​ត្រូវការ​ការកែលំអ​ឱ្យ​កាន់តែ​ប្រសើរឡើង​បន្ថែមទៀត រួមទាំង​ប្រទេស​កម្ពុជា​ផងដែរ​»​។​
 
​អង្គការ​ទាំងនេះ រួមមាន​អង្គការ​អុក​ស្វា​ម (Oxfarm) វេទិកា​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា (NGO Forum on Cambodia) គណៈកម្មាធិការ​សហប្រតិបត្តិ​ការ​ដើម្បី​កម្ពុជា (Cooperation Committee for Cambodia ) គណៈកម្មាធិការ​សម្របសម្រួល​សកម្មភាព​សុខភាព​(Health Action Coordinating Committee) និង​អង្គការ​គ្រូ​ពេ​ទ្រ​គ្មាន​ព្រំដែន (Médecins Sans Frontières)​។​
 
​ការទាមទារ​នេះ​គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​រួមគ្នា​រយៈពេល​១​ខែ​របស់​ក្រុម​អង្គការក្រៅរដ្ឋាភិបាល​ទាំងនេះ​ក្នុងការ​កៀរគរ​សំឡេង​ពលរដ្ឋ​នៅ​ទូទាំងប្រទេស​កម្ពុជា​ឲ្យ​បាន​១​លាន​នាក់ ដើម្បី​ផ្ញើ​សារ​បែបនេះ​ទៅកាន់​មេដឹកនាំ​ពិភពលោក​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com