បើទោះបីកូវីដ១៩នៅបន្តវាយប្រហារប្រទេសផ្សេងៗក៏ដោយក្តី តែ សុធីរ និងសំណាង ហាក់បីដូចជាលែងសូវចាប់អារម្មណ៍ ព្រោះ ក្នុងរយៈពេល២ខែចុងក្រោយនេះ សុធីរ និងសំណាង តាមដានរឿងកូវីដខ្លាំងពេកដែលនាំឲ្យពួកគេភ័យសឹងលែងហ៊ានដើរចេញក្រៅផ្ទះ។ ទើបតែ២សប្តាហ៍ចុងក្រោយនេះទេដែលក្លើទាំងពីរវិលមកតៀមការហ្វេរបស់ខ្លួនឡើងវិញ តែមិត្តទាំងពីរផឹកកាហ្វេឈរ ហើយរក្សាគម្លាតពីគ្នាថែមទៀតផង។ នៅថ្ងៃនេះ សំឡាញ់ទាំងពីរជជែកគ្នាពីពលរដ្ឋខ្លះគ្មាន«មារយាទ»។
សំណាង៖ អា សុធីរ! អញមិនចង់និយាយដើមពលរដ្ឋយើងទេ។ តែបើមិននិយាយវាមិនកែចរិត។ តែអញមិននិយាយពីពលរដ្ឋទាំងអស់ទេ អញនិយាយតែពលរដ្ឋខ្លះអន់ចរិតទេតើ!
សុធីរ៖ អើ និយាយមក មិនអីទេ អញចាំស្តាប់…
សំណាង៖ អញតែងតែសង្កេតឃើញថា ពលរដ្ឋខ្មែរខ្លះ ខ្វះគំនិតថែទាំ និងកសាងបន្តនូវសមិទ្ធផលដែលកើតឡើងរួចហើយ ហេតុអីទៅ?
សុធីរ៖ អ្ហែងនិយាយត្រូវ។ ជួនកាល គេជួយធ្វើអាគារការងារឲ្យមួយ ជួនកាលគេជួយសង់បង្គន់ឲ្យ ជួនកាលគេជួយសង់កន្លែងស្នាក់នៅឲ្យ ជួនកាលគេឲ្យរបស់របរយកទៅប្រើ។ល។ តែមួយរយៈតូចក្រោយមក របស់របរទាំងនោះ មើលលែងយល់ហើយ។ ខ្ទេចខ្ទី គ្មានអ្នកថែទាំ ពេលខ្លះ មានតែអ្នកបំផ្លាញថែមទៀត។ មូលហេតុ ព្រោះ ពួកគេគិតថា វាជារបស់រួម ឬជារបស់រដ្ឋ…អញខឹងណាស់នៅពេលឃើញរឿងហ្នឹងម្តងៗ តែអញមិនដឹងធ្វើម៉េច។
សំណាង៖ ម៉េចបានជាពួកគេគិតដូច្នេះ?
សុធីរ៖ អ្នកខ្លះ អ្វីដែលមិនមែនជារបស់ខ្លួនឯង មិនដែលខ្វល់សូម្បីតែបន្តិច។ របស់រួម(ឯកជន សហគមន៍) ឬរបស់រដ្ឋនេះ ភាគច្រើនត្រូវបានបុគ្គលខ្លះ បំផ្លាញចោលតែម្តង ដូចជា បើកភ្លើងអគ្គិសនីចោល បើកម៉ាស៊ីនត្រជាក់ចោល បើកទឹកចោល ចោលសំរាមលើឥដ្ឋ។ រថយន្តប្រើរួម និងរបស់របរប្រើរួមដទៃទៀត ត្រូវបានបុគ្គលខ្វះមនសិការ បំផ្លាញចោល។ ពួកគេ គ្មានស្មារតីសន្សំសំចៃឡើយ។
សំណាង៖ ចុះពលរដ្ឋខ្វះគំនិតនិរន្តរ៍ភាព ឬខ្វះគំនិតកសាងបន្ត ជាពលរដ្ឋយ៉ាងម៉េចទៅវិញ?
សុធីរ៖ ពលរដ្ឋខ្លះដែលខ្វះគំនិតសមូហភាពនិយម តែងតែចង់បំផ្លាញសមិទ្ធផលចោលនៅពេលដែលពួកគេលែងមានតួនាទីសំខាន់នៅក្នុងស្ថាប័ននោះ។ មានអ្នកខ្លះ មានគំនិតអាក្រក់ដោយគិតថា បើខ្លួនលែងនៅទីនោះ ដូច្នេះ ពួកគេមិនចង់ឲ្យកន្លែងនោះរីកចម្រើនទៅមុខ ឬមាននិរន្តរ៍ភាពទៅមុខឡើយ។ នេះហើយ គឺជាគំនិតរបស់បុគ្គលខ្លះដែលខ្វះស្មារតីនិរន្តរ៍ភាព ឬខ្វះស្មារតីកសាងបន្ត។
សំណាង៖ បើមានគំនិតដូច្នេះ ស្ថាប័នមិនរីកចម្រើនទេ មិនថាអ៊ីចឹង អា សុធីរ?
សុធីរ៖ ពិតហើយ! ក្នុងស្ថាប័នណាក៏ដោយ មិនថា រដ្ឋ ឯកជន ឬអង្គការទេ បើមានវត្តមានបុគ្គលិកប្រភេទនេះកាន់តែច្រើន ស្ថាប័ននោះ ពិតវារកពន្លឺពុំឃើញឡើយ។ ក្រុមមនុស្សប្រភេទនេះ ត្រូវបានគេហៅថា ក្រុមមនុស្សយកជើងរាទឹក។ អា សំណាង អញចង់ប្រាប់អ្ហែងថា កើតមកជាមនុស្សត្រូវធ្វើអំពើល្អឲ្យច្រើនជាងអំពើអាក្រក់ ហើយត្រូវចេះសប្បាយចិត្ត នៅពេលឃើញអ្នកនៅជុំវិញខ្លួនរីកចម្រើន។
សំណាង៖ អ្ហែងមិនបាច់ប្រាប់អញ ឬប្រដៅអញរឿងហ្នឹងទេ អា ធីរ។ អញកើតមក អញធ្វើតែអំពើល្អទេ មិនត្រឹមតែប៉ុណ្ណោះ អញចូលរួមទប់ស្កាត់អ្នកធ្វើអំពើអាក្រក់ទៀតផង។ នេះ គឺជាគោលការណ៍របស់អញ។ អញមិនចង់កើតមកឲ្យតែធ្ងន់ផែនដីនោះទេ៕