ជាតិ
រោងចក្រ​-សហគ្រាសកើនដល់​៣៦៤ហើយ ដែល​ព្យួរការងារ ធ្វើ​ឲ្យ​ប៉ះពាល់​កម្មករ​ជាង​១២​ម៉ឺន​នាក់​
21, May 2020 , 10:52 am        
រូបភាព
​ភ្នំពេញ​៖ រោង​ក​ច្រ​ក្នុង​វិស័យ​កាត់ដេរ ​និង​សហគ្រាស​ក្នុង​វិស័យ​ទេសចរណ៍​សរុប​ ៣៦៤ កំពុង​ព្យួរការងារ ហើយ​បាន​ប៉ះពាល់​ដល់​កម្មករនិយោជិក​ ជិត​១២​ម៉ឺន​នាក់​។ កម្មករនិយោជិត​ជាង​១២​ម៉ឺន​នេះ ​ជាង​១០​ម៉ឺន​នាក់​ជា​កម្មការិនី​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។


 
​លោក ហេង សួរ ប្រាប់​សារព័ត៌មាន​ថ្មីៗ​ តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ នៅ​ថ្ងៃទី​២១ ខែឧសភា​នេះ​ថា​៖«​ចំនួន​រោងចក្រ​កំពុង​ព្យួរ​សរុប​មាន​ ២៣៧ ស្មើនឹង​កម្មករនិយោជិក​សរុប​​​១១៨ ៤៧៥​នាក់ ក្នុងនោះ​មាន​ស្រី​៩៥ ១០៤​នាក់​។ សហគ្រាស​វិស័យ​ទេសចរណ៍ កំពុង​ព្យួ​ការងារ​សរុប​មាន ​១២៧​សហគ្រាស ស្មើនឹង​កម្មករនិយោជិត​ចំនួន​៩ ៧០២​នាក់ ក្នុងនោះ​មាន​ស្រី ៤ ១៩៩​នាក់​»​។ 
 
​តាមពិត រោងចក្រ​ដែល​បាន​ព្យួរ​ និង​កំពុង​ព្យួរការងារ​នៅ​កម្ពុ​ជា មាន​ទាំងអស់ ​៣៣០​រោង​ក​ច្រ ប៉ុន្តែ​មាន​រោងចក្រ​ជាង​១០០ បាន​ដំណើរការ​ឡើងវិញ​។ ចំណែក​រោច​ចក្រ​បិទ​ជា​ផ្លូវការ​មាន​២០​រោងចក្រ​។ 
 
​លោក ហេង សួរ អះអាងថា ចំពោះ​ប្រាក់ឧបត្ថម្ភ​៤០​ដុល្លារ​ពី​រដ្ឋាភិបាល នឹងត្រូវ​ផ្ដល់​ឲ្យ​កម្មករនិយោជិក ដែល​ព្យួរការងារ តាម​ធនាគារ​វី​ង​ ក្នុង​សប្ដាហ៍​នេះ​។ លោក បន្តថា ចំនួន​កម្មករ​ដែលមាន​ឈ្មោះ ​ទទួលបាន​ប្រាក់​៤០​ដុល្លារ មាន​ជាង​៥​ម៉ឺន​នាក់​ហើយ​។ 
 
​ក្រៅពី​ទទួលបាន​ប្រាក់ឧបត្ថម្ភ​៤០​ដុល្លារ កម្មករនិយោជិក ដែល​ព្យួរការងារ នៅ​ត្រូវ​ទទួលបាន​ប្រាក់​៣០​ដុល្លារ​ទៀតពី​រោងចក្រ​។ 
 
​មេ​សហជីព​មួយរូប គឺ​លោក អាត ធន់ ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​ថា រោងចក្រ​ដែល​ព្យួរការងារ និង​បិទ​នឹង​បន្ត​កើនឡើង ដោយ​ផលប៉ះពាល់​ពី​ជំងឺ​កូ​វីដ​-១៩ ដែល​មិនទាន់​ធូរស្រាល ពិសេស​នៅ​អឺរ៉ុប​។ លោក មានប្រសាសន៍ថា ស្ថានភាព​វិស័យ​កាត់ដេរ​នៅ​កម្ពុជា ​នឹង​កាន់​ធ្ងន់​ធ្ងូ​រ​មួយកម្រិត​ទៀត ប្រសិនបើ EBA ត្រូវបាន​ចូល​ជាធរ​មាន នៅ​ខែសីហា​។ 
 
​លោក អាត ធន់ ថ្លែងថា តាម​ការសង្កេត​របស់​លោក ប្រាក់​៣០​ដុល្លារ​ពី​ខាង​រោងចក្រ គឺ​កម្មករនិយោជិក​ ដែល​ព្យួរការងារ បានទទួល​ហើយ​។ ប៉ុន្តែ​លោកនិយាយថា ប្រាក់​៤០​ដុល្លារ​ពី​រដ្ឋាភិបាល កម្មករនិយោជិត មិនទាន់​ទទួលបាន​ឡើយ​។ 
 
​លោក អាត ធន់ លើកឡើងថា តាម​របាយការណ៍​ឆ្នាំ​២០១៩ រោងចក្រ​ក្នុង​វិស័យ​កាត់ដេរ​នៅ​កម្ពុជា មាន​ប្រមាណ​ ១ ០៨០​ រោង​ច្រក​៕ 
 

Tag:
 រោងចក្រ​
  សហគ្រាស​
  ព្យួរការងារ​
© រក្សាសិទ្ធិដោយ thmeythmey.com