ភ្នំពេញ៖ គណៈសង្ឃនាយកនៅកម្ពុជា បានប្រតិកម្មចំពោះលោក ខាន់ សុវណ្ណ ដែលជាអ្នកលេងហ្វេសប៊ុកដ៏មានប្រជាប្រិយភាពម្នាក់ បានប្រើប្រាស់សម្តីមិនសមរម្យមកលើព្រះសង្ឃ ក្នុងវិស័យព្រះពុទ្ធសាសនា។ គណៈសង្ឃនាយក ចាត់ទុកសម្តីលោក ខាន់ សុវណ្ណ ជាគំនិតលាមក និងអសីលធម៌។
លោក ខាន់ សុវណ្ណ បានសរសេរលើគណនីហ្វេសប៊ុកចំនួន២ ដែលមានឈ្មោះ «សុវណ្ណ ខាន់ អពប» និង«khmer Mjas Srok» ថា កម្ពុជាកំពុងខ្វះខាតកម្លាំងពលកម្មក្នុងវិស័យសំណង់ និងត្រូវការកម្មករជំនាញ និងគ្មានជំនាញជាច្រើនម៉ឺននាក់ ដើម្បីបង្គ្រប់ទីផ្សារ «ចាត់ការផ្សឹកលោកសង្ឃដែលកំពុងពេញកម្លាំងក្រោមអាយុ៥៦ឆ្នាំចោលឱ្យអស់ » តើអាចទៅរួចឬទេ?
ដោយសារតែសំណេរនេះហើយ ទើបធ្វើឱ្យគណៈសង្ឃនាយក មិនពេញចិត្ត និងមិនអាចទទួលយកបានឡើយ។ គណៈសង្ឃនាយក ចាត់ទុកសំណេររបស់លោក ខាន់ សុវណ្ណ នេះ ជាគំនិតលាមក អសីលធម៌ និងភាពយង់ឃ្នងព្រៃផ្សៃ ជាពិសេសប្រមាថមាក់ងាយមកលើព្រះសង្ឃ និងព្រះពុទ្ធសាសនាគ្រប់លំដាប់ថ្នាក់ទូទាំងប្រទេស។
មិនត្រឹមតែប៉ុណ្ណឹងទេ គំនិតយោបល់លោក ខាន់ សុវណ្ណ នេះ គឺជាការបកស្រាយដោយខ្វះពិសោធន៍ ខ្វះចំណេះដឹងប្រវត្តិសាស្ត្រ គ្មានសុចរិតភាព និងគ្មានភាពយុត្តិធម៌ឡើយ ហើយក៏ជាការបង្វែរគំនិតមហាជនឱ្យដើរជាន់ដានប្រវត្តិសាស្ត្រល្វីងជូរចត់ នៃរបបខ្មៅងងឹតរបស់ពួកខ្មែរក្រហមផងដែរ។ បន្ថែមពីនេះ ពាក្យសម្តីមិនសមរម្យមកលើព្រះសង្ឃបែបនេះ វាក៏បង្កើតនូវភាពឈឺចាប់និងការចងពៀរដល់យុវសង្ឃ និងពុទ្ធបរិស័ទទៀតផង។ នេះជាការលើកឡើងរបស់គណៈសង្ឃនាយក។
គណៈសង្ឃនាយក បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី២០ ឧសភាដូច្នេះថា៖«សូមសម្ដែងនូវការព្រួយបារម្មណ៍ និងការសោកស្ដាយជាទីបំផុត ហើយថ្កោលទោសចំពោះសំណេរ និងការលើកឡើងរបស់លោក ខាន់ សុវណ្ណ ដោយចាត់ទុកថា ជាការខ្វះវិចារណញ្ញាណ ខ្វះសុភវិនិច្ឆ័យ ប្រកបដោយភាពអគតិ និងទុទិដ្ឋិនិយម ដើរថយក្រោយ គំនិតផ្ទុយពីវឌ្ឍនភាពសង្គម សាសនា និងវប្បធម៌»។
បើតាមគណៈសង្ឃនាយក ពាក្យសម្តីលោក ខាន់ សុវណ្ណ នេះ កំពុងរំលោភក្រមព្រហ្មទណ្ឌកម្ពុជា ត្រង់មាត្រា៥១៦ ពីបទប្រមាថកាតតៀនព្រះសង្ឃ និងប៉ះពាល់ដល់ស្មារតីមាត្រា៤៣នៃរដ្ឋធម្មនុញ្ញកម្ពុជា ដែលបានចែងថា ពុទ្ធសាសនារបស់រដ្ឋ ដែលមានកាតព្វកិច្ចការពារមិនឱ្យបុគ្គលណារំលោភបំពានបានឡើយ។ ជាពិសេសរំលោភសិទ្ធិមនុស្សជាសាកលដែលមានចែងអំពីសិទ្ធិជំនឿ និងការរស់រានមានជីវិតប្រកបដោយសេចក្តីថ្នៃថ្នូរភេទជាបុព្វជិតក្តី និងជាគ្រហស្ថក្តី។
ដោយមើលឃើញទង្វើរមិនគួរគប្បី របស់លោក ខាន់ សុវណ្ណ នេះ ទើបគណៈសង្ឃនាយក ចម្រើនពរឱ្យបុគ្គលរូបនេះ ស្រាវជ្រាវមើលប្រវត្តិសាស្ត្រខ្មែរឱ្យបានស៊ីជម្រៅ នូវអ្វីដែលកម្ពុជាធ្លាប់ឆ្លងកាត់ ជាពិសេសផលអាក្រក់ និងផលចំណេញ សម្រាប់វប្បធម៌ សាសនានិងប្រពៃណី ទំនៀមទម្លាប់ខ្មែរផង។ «សូមកុំមើលតែចំណុចណាដែលអាក្រក់ៗ អវិជ្ជមានបន្តិចបន្តួចរបស់ព្រះសង្ឃតែម្យ៉ាងប៉ុណ្ណោះ សូមមើលព្រៃទាំងមូល កុំមើលឈើមួយដើម។ក្នុងសង្គមកម្ពុជា ទាមទារឱ្យកង់ពុទ្ធចក្រ ត្រូវដើរទន្ទឹមនឹងអាណាចក្រ ព្រោះពុទ្ធចក្រជាប្រភពនៃសីលធម៌សង្គមខ្មែរ អាណាចក្រជាអ្នកបង្កើតនូវសម្ភារៈសេដ្ឋកិច្ចសង្គម ដូច្នេះកង់ទាំងពីរត្រូវបំពេញគ្នាទៅវិញទៅមក។ វិទ្យាសាស្ត្រពុំអាចខ្វះសីលធម៌បានឡើយ ហើយសីលធម៌ក៏ពុំអាចខ្វះវិទ្យាសាស្ត្រនោះដែរ»។ នេះជាសង្ឃដីការបស់គណៈសង្ឃនាយក។
គណៈសង្ឃនាយក ក៏ទទួលស្គាល់ថា មានព្រះសង្ឃចំនួនតិចបំផុត ដែលធ្វើឱ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនា ប៉ុន្តែព្រះសង្ឃទាំងនោះ ក៏បានអនុវត្តតាមធម៌វិន័យ តាមរយៈការ«ផ្សឹក»ផងដែរ។ គណៈសង្ឃនាយក បានមានសង្ឃដីការសង្កត់ធ្ងន់ដូច្នេះថា៖«ទោះបីជាក្នុងបច្ចុប្បន្នកាលក៏ដូចជាអតីតកាល ភាពខុសឆ្គងរបស់អ្នកបួសមួយចំនួនតូចពិតជាមានខ្លះ ប៉ុន្តែពុំមែនទាំងអស់ឡើយ។ ផ្ទុយទៅវិញគណៈសង្ឃនាយកកម្ពុជា តែងតែយកចិត្តទុកដាក់ក្នុងការចាត់វិធានការដោះស្រាយប្រកបដោយតម្លាភាព មិនឱ្យបុគ្គលប្រព្រឹត្តខុសវិន័យ បន្តភាពជាសង្ឃតទៅទៀតនោះទេ»។
តែយ៉ាងណាគណៈសង្ឃនាយក ក៏ចម្រើនពរប្រជាពលរដ្ឋខ្មែរទាំងអស់ កុំដើរតាមនិងអនុវត្តនូវគំនិតយោបល់របស់បុគ្គល ខាន់ សុវណ្ណ ព្រោះវាជាហេតុនាំឱ្យជួបវិនាសកម្មហិនហោច ដល់សង្គមកម្ពុជាសាជាថ្មីម្ដងទៀត។ «ផ្ទុយមកវិញសូមមហាជនខ្មែរគ្រប់រូបមានការរួបរួមសាមគ្គីគ្នារក្សាការពារសន្តិភាព និងតម្លៃពុទ្ធសាសនា ព្រមទាំងព្រះសង្ឃដោយជ្រកក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ និងចូលរួមគាំទ្រយ៉ាងពេញទំហឹងនូវការរីកចម្រើនរុងរឿងលើគ្រប់វិស័យនៃសង្គមកម្ពុជា»។ នេះជាការសំណូមពររបស់គណៈសង្ឃនាយក។
គួរបញ្ជាក់ថា ព្រះសង្ឃនៃពុទ្ធសាសនា គឺជាស្រែបុណ្យរបស់ពុទ្ធបរិស័ទ ក្នុងនាមជាសម្មតិសង្ឃ ដែលបានអប់រំបន្ទុំចិត្តប្រកបដោយសីល សមាធិ បញ្ញា និងរួមចំណែកថែរក្សាវប្បធម៌ប្រពៃណី ទំនៀមទម្លាប់ ពុទ្ធសាសនា ដែលជាមរតកជាតិ ព្រលឹងជាតិ និងអត្តសញ្ញាណជាតិខ្មែរជាដើម៕