COVID-19
អន្តរជាតិ
ជប៉ុន​៖ រដ្ឋអាជ្ញា​ជាន់ខ្ពស់​ស្និទ្ធ​លោក អា​បេ អស់តំណែង​ក្រោយ​ធ្លាយ​រឿង​លេងល្បែង​ស៊ីសង​
21, May 2020 , 11:50 am        
រូបភាព
លោក_Hiromu_Kurokawa_ប្រធានការិយាល័យរាជអាជ្ញាសាធារណៈជាន់ខ្ពស់ប្រចាំក្រុងតូក្យូ
លោក_Hiromu_Kurokawa_ប្រធានការិយាល័យរាជអាជ្ញាសាធារណៈជាន់ខ្ពស់ប្រចាំក្រុងតូក្យូ
ដោយ:
​រដ្ឋអាជ្ញា​ជាន់ខ្ពស់​ជប៉ុន​ម្នាក់​ដែល​ស្និទ្ធ​នឹង​នាយករដ្ឋមន្ត្រី ស៊ិន​ហ្សូ អា​បេ អស់តំណែង ក្រោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ចុះផ្សាយ​ថា លោក​បាន​លេង​ល្បែងស៊ីសង​ខុសច្បាប់ ទោះ​ប្រទេស​ស្ថិតក្នុង​ស្ថានភាព​រដ្ឋ​អាសន្ន​ដោយ COVID-19 ។

 
​លោក Hiromu Kurokawa ប្រធានការិយាល័យ​រដ្ឋ​អាជ្ញា​សាធារណៈ​ជាន់ខ្ពស់​ប្រចាំ​ក្រុង​តូ​ក្យូ ត្រូវបាន​បង្គាប់​ឲ្យ​លាលែង​តំណែង​។ ទូរទស្សន៍​ជប៉ុន NHK ចុះផ្សាយ​បែបនេះ​នៅ​ថ្ងៃទី​២០ ខែឧសភា ដោយ​ស្រង់​យក​ប្រភព​រដ្ឋាភិបាល​។ បណ្ដា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដទៃទៀត ក៏បាន​ចុះផ្សាយ​របាយការណ៍​ដូចគ្នានេះដែរ​។ 
 
​លោក​រដ្ឋអាជ្ញា Kurokawa រង​ការរិះគន់​ចាស់ដៃ​លើ​បណ្ដាញ​សង្គម បន្ទាប់​លេច​ធ្លាយ​របាយការណ៍​មួយ​ថា លោក​បាន​លេង​ល្បែងស៊ីសង Mahjong អំឡុងពេល​ប្រទេស​ជប៉ុន​ស្ថិតក្នុង​ស្ថានភាព​រដ្ឋ​អាសន្ន​។ នេះ​គឺជា​បំពាន​សេចក្តីណែនាំ​គម្លាត​សុវត្ថិភាព​សង្គម និង​បុគ្គល​។ ម្យ៉ាង ល្បែងស៊ីសង គឺ​ខុសច្បាប់​ក្នុងប្រទេស​ជប៉ុន ប៉ុន្តែ​មាន​ករណី​លើកលែង​ខ្លះ​។ 
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក Kurokawa ដែល​សង្កេតឃើញថា ជិតស្និទ្ធ​នឹង​លោកនាយក​រដ្ឋមន្ត្រី អា​បេ ក៏​ធ្លាប់​ទទួលរង​ទិតៀន​ខ្លាំងៗ​ផងដែរ ក្រោយ​រដ្ឋាភិបាល​ព្យាយាម​ដំឡើង​អាយុ​ចូ​ន​និវត្តន៍​សម្រាប់​រដ្ឋអាជ្ញា ដែល​អនុញ្ញាត​ឲ្យ​លោក​បន្ត​កាន់តំណែង​នេះ​លើស​អាយុ​៦៣​ឆ្នាំ​។ 
 
​យ៉ាងណាមិញ នៅ​ដើម​សប្តាហ៍​នេះ រដ្ឋាភិបាល​លោក​អា​បេ បានសម្រេច​បោះបង់ចោល​ផែនការ​អនុម័ត​សំណើ​ច្បាប់​ដំឡើង​អាយុ​ចូលនិវត្តន៍​សម្រាប់​រដ្ឋ​អាជ្ញា​ពី​៦៣​ឆ្នាំទៅ​៦៥​ឆ្នាំ ហើយ​អនុញ្ញាត​ឲ្យ​គណៈរដ្ឋមន្ត្រី​ពន្យារពេល​ការចូលនិវត្តន៍​របស់​រដ្ឋអាជ្ញា​ជាន់ខ្ពស់​សម្រាប់​ពេល​៣​ឆ្នាំ​។ 
 
​ក្រុម​អ្នក​រិះគន់ អះអាងថា ការកែប្រែ​បែបនេះ គំរាមកំហែង​ដល់​ឯករាជ្យភាព​នៃ​ប្រព័ន្ធតុលាការ​ជប៉ុន ដោយ​អនុញ្ញាត​រដ្ឋអាជ្ញា​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​បច្ចុប្បន្ន​ប​ន្ត​កាន់តំណែង​ពួកគេ​។ សមាជិកសភា​បក្សប្រឆាំង​ជប៉ុន ក៏​បញ្ជាក់ដែរថា សំណើ​ច្បាប់​នេះ​ដែល​រដ្ឋាភិបាល​លោក អា​បេ បានដាក់​ស្នើ​ហើយ​បោះបង់ចោល​វិញ​មាន​គោលដៅ​រក្សា​តំណែង​លោក Kurokawa ។​
 
​ការគាំទ្រ​សាធារណៈ​សម្រាប់​នាយករដ្ឋមន្ត្រី អា​បេ បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​។ នោះ​គឺ​ដោយសារតែ​ចំណាត់ការ​ទប់ស្កាត់ COVID-19 របស់​រដ្ឋាភិបាល​លោក ដែល​ធ្វើ​ឲ្យ​ប្រទេស​មាន​សេដ្ឋកិច្ច​លំដាប់​ទី​៣​មួយ​នេះ​កំពុង​ធ្លាក់​ចូលក្នុង​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​។ គេ​រំពឹងថា លោក អា​បេ នឹង​ដកហូត​ការប្រកាស​ដាក់​រដ្ឋ​ក្នុង​ភាពអាសន្ន​ក្នុង​តំបន់​ខ្លះទៀត នៅ​ថ្ងៃទី​២១ ខែឧសភា ខណៈ​ករណី​ឆ្លង​ប្រចាំថ្ងៃ​បន្ត​ធ្លាក់ចុះ​។ គោលដៅ​គឺ​ផ្ដល់​ដង្ហើម​ជាថ្មី​ដល់​សកម្មភាព​សេដ្ឋកិច្ច​ប្រទេស​។ 
 
​គិត​ត្រឹម​ថ្ងៃទី​២១ ខែឧសភា ប្រទេស​ជប៉ុន មាន​ករណី​ឆ្លង COVID-19 សរុប​១៦ ៣៦៧​ករណី និង​អ្នក​ស្លាប់មាន​៧៦៨​នាក់​។ បើតាម​វេ​ប​សាយ worldometers អ្នកជំងឺ​ជាសះស្បើយ​មាន​១១ ៥៦៤​នាក់​៕ 
 
 
 

Tag:
 ជប៉ុន​
  ស៊ិន​ហ្សូ អា​បេ​
  COVID-19
  រាជអាជ្ញា​
  តូ​ក្យូ
© រក្សាសិទ្ធិដោយ thmeythmey.com