លោក ត្រាំ ចង់​រៀបចំ​ជំនួប G7 ដោយ​មេដឹកនាំ​ទាំងអស់​ចូលរួម​ដោយផ្ទាល់​
COVID-19
អន្តរជាតិ
លោក ត្រាំ ចង់​រៀបចំ​ជំនួប G7 ដោយ​មេដឹកនាំ​ទាំងអស់​ចូលរួម​ដោយផ្ទាល់​
21, May 2020 , 3:09 pm        
រូបភាព
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​លើក​ជា​គំនិត​ក្នុងការ​រៀបចំ​ជំនួប​មេដឹកនាំ​ប្រទេស​សេដ្ឋកិច្ច​រីកចម្រើន​ទាំង​៧ (G7) ដោយ​មេដឹកនាំ​ទាំងអស់​ចូលរួម​ដោយផ្ទាល់​។ ចំណែក​សេត​វិមាន​វិញ​ក៏​អះអាងថា ជំនួប​ទល់មុខ​នេះ នឹង​បង្ហាញ​ពី​ដំណើរ​ទៅរក​ភាពប្រក្រតី​ឡើងវិញ​ក្រោយ COVID-19 ។ ប្រធានាធិបតី​បារាំង មាន​ជំហរ​វិជ្ជមាន​លើ​សំណើ​នេះ ប៉ុន្តែ​មេដឹកនាំ​កាណាដា និង​អាល្លឺម៉ង់ ហាក់​ប្រុងប្រយ័ត្ន និង​ចង់​ឲ្យ​មាន​វិធានការ​សុវត្ថិភាព​សិន​។ 

 
​សហរដ្ឋអាមេរិក គឺជា​ប្រធាន​វិលជុំ​នៃ​ក្រុម​ប្រទេស G7 សម្រាប់​ឆ្នាំ​២០២០ ហើយ​គ្រោង​នឹង​រៀបចំ​ជំនួប​មេដឹកនាំ​នៅ​និវេសនដ្ឋាន Camp David នៅ​ខែមិថុនា​ខាងមុខ​។ ប៉ុន្តែ​ការ​រាលដាល​ជំងឺ COVID-19 នៅ​ចុងឆ្នាំ​២០១៩ បន្ត​ដល់​ឆ្នាំ​២០២០ បាន​បង្ខំ​ឲ្យ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ផ្អាក​ជំនួប​ទល់មុខ ហើយ​ត្រៀម​រៀបចំ​ជំនួប​តាម​ប្រព័ន្ធ​អន​ឡាញ​វិញ សំដៅ​បញ្ចៀស​ការប្រមូលផ្ដុំ​ដែល​អាច​នាំ​ឲ្យ​មានការ​ឆ្លង​ជំងឺ​ផ្លូវដង្ហើម​នេះ​។​
 
​យ៉ាងណាមិញ លោក ត្រាំ មិន​បោះបង់​គម្រោង​ស្វាគមន៍​មេដឹកនាំ​បារាំង អាល្លឺម៉ង់ ជប៉ុន អ៊ីតាលី កាណាដា និង​អង់គ្លេស​នៅ​ទឹកដី​អាមេរិក​ឡើយ​។ ស្រប​ពេលដែល​ស្ថានភាព COVID-19 ហាក់​ធូរស្រាល​បន្តិច​នោះ លោក ត្រាំ សរសេរ​លើ Twitter របស់ខ្លួន​ថា ការ​ងើប​ឡើងវិញ​ពី​វិបត្តិ COVID-19 គឺ​សមល្មម​ដើម្បី​រៀបចំ​ជំនួប​ការទូត​ដ៏​ធំ​មួយ​នេះ​ដោយផ្ទាល់ មិនចាំបាច់​តាម​ប្រព័ន្ធ​អន​ឡាញ​ឡើយ​។​
 
«​ឥឡូវនេះ ប្រទេស​របស់​យើង​កំពុង​ធ្វើ​អន្តរកាល​ទៅរក​ភាព​អស្ចារ្យ​។ ខ្ញុំ​កំពុង​ពិចារណា​រៀបចំ​កាលបរិច្ឆេទ​ជំនួប G7 នៅពេល​ដដែល ឬ​ពេល​ណាមួយ​ក្បែរៗ​នោះ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន នៅ Camp David ។ សមាជិក​ផ្សេងទៀត​ក៏​ចាប់ផ្ដើម​ត្រឡប់មកវិញ​ដែរ​។ វា​នឹង​ក្លាយ​ជាស​ញ្ញ​នៃ​ភាពប្រក្រតី​។​» នេះ​ជា​សំណេរ​លោក ត្រាំ លើ Twitter នៅ​ថ្ងៃទី​២០ ខែឧសភា​។​
 
​ចំណែក​អ្នកនាំពាក្យ​សេត​វិមាន Kayleigh McEnan ប្រាប់​អ្នកសារព័ត៌មាន​ដែរ​ថា ជំនួប​ទល់មុខ​នេះ ក៏​ជាការ​បង្ហាញ​ពី​ភាពខ្លាំង និង​សុទិដ្ឋិនិយម ហើយ​មេដឹកនាំ​ទាំងអស់​បន្តការងារ​ដូច​ធម្មតា ខណៈ​ឆ្លង​វិបត្តិ​ជំងឺឆ្លង​មួយ​នេះ​។ យ៉ាងណាមិញ គេ​មិនទាន់​ដឹងថា ជំនួប​ទល់មុខ​នេះ នឹងធ្វើ​នៅឯណា​ឡើយ បើទោះជា​លោក ត្រាំ បង្ហើប​ឈ្មោះ Camp David ក្ដី​។ អ្នកនាំពាក្យ​ដដែល​នេះ​បញ្ជាក់ថា រដ្ឋបាល​លោក ត្រាំ ចង់​មាន​ជំនួប​នៅ​សេត​វិមាន​តែម្ដង​។​
 
​បន្ទាប់ពី​លោក ត្រាំ ស្នើ​បែបនេះ មេដឹកនាំ​សមាជិក G7 ក៏​មិនមាន​ជំហរ​មិន​ស្រប​ដែរ ប៉ុន្តែ​សុវត្ថិភាព​នៅតែ​ជា​រឿង​សំខាន់​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP មន្ត្រី​វិមាន Elysee និយាយថា ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង មាន​ឆន្ទៈ​ក្នុងការ​ធ្វើដំណើរ​ទៅកាន់ Camp David ប្រសិនបើ​លក្ខខណ្ឌ​សុខាភិបាល​សមស្រប​។​
 
​ប៉ុន្តែ​អធិប​កា​រប​តី​អាល្លឺម៉ង់ អែន​ជែ​ឡា មឺ​ហ្គែ​ល មិនទាន់​ឆ្លើយថា​ទៅ​ភ្លាម​ឡើយ ហើយ​រង់​ចាំមើល​ស្ថានការណ៍​សិន​។ ចំណែក​នាយករដ្ឋមន្ត្រី​កាណាដា ចា​ស្ទី​ន ទ្រូ​ដូ វិញ និយាយថា ជំនួប​ទល់មុខ​ណាមួយ ត្រូវតែ​គិតគូរ​ពី​សុវត្ថិ​ភាពជា​ចម្បង ព្រោះ​វា​ជា​រឿង​ចាំ​សម្រាប់​មេដឹកនាំ G7 ត្រូវ​ជួបគ្នា មិន​ថា​ដោយផ្ទាល់ ឬ​តាម​អន​ឡាញ​ឡើយ​៕ 

Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  G7
© រក្សាសិទ្ធិដោយ thmeythmey.com