អន្តរជាតិ
អ្នកការទូតអាមេរិក ព្រមានឥណ្ឌាពីការឈ្លានពានតាមព្រំដែនដោយចិន ទ័ពចិន និងឥណ្ឌាតាមព្រំដែន។រូបភាពAFP
× អ្នកការទូតជាន់ខ្ពស់អាមេរិក នៅថ្ងៃទី២១ ខែឧសភានេះ បានចោទប្រកាន់ចិនថា មានចេតនាចង់ផ្លាស់ប្តូរស្ថានការណ៍ដែលបច្ចុប្បន្ននៅតាមព្រំដែនជាមួយឥណ្ឌាតាមរយៈការបង្កហេតុឲ្យមានការប៉ះទង្គិចតាមព្រំដែនដ៏វែងអន្លាយរវាងប្រទេសនេះ។ លោកស្រី Alice Wells ទទូចឲ្យរដ្ឋាភិបាលឥណ្ឌាតបតទៅនឹងសកម្មភាពខាងលើវិញ។
បើតាមទីភ្នាក់ងារសារព័ត៌មាន AFP លោកស្រី Alice Wells អ្នកការទូតជាន់ខ្ពស់ក្រសួងការបរទេសទទួលបន្ទុកកិច្ចការអាស៊ីខាងត្បូង និងកណ្តាលបានធ្វើការប្រៀបធៀបរវាងការកើនឡើងនៃការប៉ះទង្គិចតាមព្រំដែនរវាងឥណ្ឌានិងចិននៅតាមជួរភ្នំហិមាល័យ ទៅនឹងការកើនឡើងសកម្មភាពដ៏កម្រោលរបស់ចិននៅតំបន់ជម្លោះក្នុងសមុទ្រចិនខាងត្បូង។
លោកស្រី Wells និយាយទៅកាន់ស្ថាប័នស្រាវជ្រាវ Atlantic Council ថា៖« សម្រាប់អ្នករវើរវាយ ហើយគិតថាការគម្រាមកំហែងរបស់ចិនគ្រាន់តែជារឿងវោហារសាស្ត្រនោះ ខ្ញុំគិតថាគេគួរតែនិយាយជាមួយឥណ្ឌា។» លោកស្រី Wells បន្ថែមថា បើសិនមើលទៅសមុទ្រចិនខាងត្បូង គេឃើញសកម្មភាពប្រតិបត្តិការរបស់ចិន ដែលក្នុងនោះមានការឈ្លានពានជាប្រចាំ និងការប៉ុនប៉ងកែប្រែច្បាប់ទម្លាប់ឥតឈប់ឈរ ដើម្បីផ្លាស់ប្ដូរស្ថានការណ៍ដែលកំពុងកើតមាន (Status quo)។
កងទ័ពឥណ្ឌា និងចិនបានប៉ះទង្គិចគ្នាជារឿយៗ តែមិនធំដុំឡើយនៅតាមព្រំដែនប្រទេសទាំងពីរ។ ការប្រឈមមុខថ្មីៗ កើតឡើងនៅច្រកតាមភ្នំ Nathu La ដែលភ្ជាប់ឥណ្ឌាទៅនឹងរដ្ឋ Sikkim និងជាប់តំបន់ទីបេរបស់ចិនផងដែរ។
ប្រទេសដែលមានប្រជាជនយ៉ាងច្រើនសន្ធឹកសន្ធាប់ទាំង២នេះ មានជម្លោះតានតឹងតាមព្រំដែន ហើយក៏ធ្លាប់ធ្វើសង្គ្រាមជាមួយគ្នាមួយប្រាវផងដែរនៅឆ្នាំ១៩៦២។ សង្គ្រាមនេះ ធ្វើឲ្យក្តីសង្ឃឹមរបស់លោក ហ្សាវ៉ាហាឡាល់ នេហ៍រុ នាយករដ្ឋមន្ត្រីដំបូងរបស់ឥណ្ឌាបែកខ្ចាត់ខ្ចាយ ដោយសារវាបានបំផ្លាញសាមគ្គីភាពរវាងប្រជាជាតិអាស៊ី។
មកទល់ពេលនេះ ចិននៅបន្តទាមទារទឹកដី ៩ម៉ឺនគីឡូម៉ែត្រក្រឡា ដែលស្ថិតក្រោមការកាន់កាប់របស់ឥណ្ឌា។ ទោះជាយ៉ាងណាក្តី លោកស្រី Wells បានបញ្ជាក់ឲ្យអាមេរិកគាំទ្រការទាមទាររបស់ឥណ្ឌា ប៉ុន្តែក៏លើកទឹកចិត្តឲ្យចិន និងឥណ្ឌាដោះស្រាយបញ្ហាតាមផ្លូវទូតផងដែរ។
ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ អាមេរិកបានបង្ខិតទំនាក់ទំនងការទូតជាមួយឥណ្ឌា ខណៈទំនាក់ទំនងជាមួយចិនកាន់តែជូរចត់ទៅលើបញ្ហាជាច្រើន។ ក្នុងក្រសែភ្នែកអាមេរិក ឥណ្ឌាដើរតួនាទីសំខាន់ដើម្បីទប់ទល់ឥទ្ធិពលចិនក្នុងតំបន់ដែលកំពុងកើនឡើងកាន់តែខ្លាំង៕
© រក្សាសិទ្ធិដោយ thmeythmey.com