COVID-19
ជាតិ
រដ្ឋាភិបាល មិន​យក​ថ្លៃ​អនុភាព​អគ្គិសនី និង​បញ្ចុះ​ថ្លៃ​២៥​ភាគរយ​ដល់​ម្ចាស់​អាជីវកម្ម​ក្នុង​វិស័យ​៤
21, May 2020 , 8:39 pm        
រូបភាព
រូបពីក្រសួងរ៉ែ និងថាមពល
រូបពីក្រសួងរ៉ែ និងថាមពល
​ភ្នំពេញ​៖ ក្រសួង​រ៉ែ និង​ថាមពល បានសម្រេច​មិន​យក​ថ្លៃ​អនុភាព​ទំហំ​អគ្គិសនី ហើយ​បញ្ចុះ​ថ្លៃ​២៥​ភាគរយ​ទៀត ដល់​វិស័យ​ឧស្សាហកម្ម ពាណិជ្ជកម្ម កសិកម្ម និង​សេវាកម្ម​។ ផែនការ​អនុគ្រោះ​នេះ គឺ​ដើម្បី​ជួយ​សម្រាក​បន្ទុក​ដល់​ម្ចាស់​អាជីវកម្ម ដែល​រង​ផលប៉ះពាល់​ក្នុងអំឡុងពេល​ទប់ស្កាត់​កូ​វីដ​-១៩​។ នេះ​បើតាម​លោក វុ​ច​ទ័​រ ហ្សូ​នា អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល​។



លោក វុ​ច​ទ័​រ ហ្សូ​នា បាន​បញ្ជាក់ថា ក្រសួង​នឹង​អនុគ្រោះ​ដល់​ម្ចាស់​អាជីវកម្ម ដែល​រង​ផលប៉ះពាល់​នោះ រយៈពេល​៥ខែ គឺ​ចាប់ពី​ខែមិថុនា​ដល់​តុលា ឆ្នាំ​២០២០​។​ លោក ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​ថ្ងៃទី​២០​ឧសភា តាម​ទូរស័ព្ទ​ថា​៖«​ថ្លៃ​អគ្គិសនី​ប្រចាំខែ​ខាង​វិស័យ​ឧស្សាហកម្ម ពាណិជ្ជកម្ម ជាទូទៅ​មាន​ពីរ​បូក​ចូលគ្នា គឺ​តម្លៃ​អនុភាព​ទំហំ​អគ្គិសនី​និង​បរិមាណ​ថាមពល​អគ្គិសនី​ដែល​ប្រើ​ប្រចាំខែ​។ ហើយ​ការអនុគ្រោះ​មិន​យក​តម្លៃ​នេះ គឺ​តម្លៃ​អនុភាព​»​។ 
 
​ការអនុគ្រោះ​នេះ គឺ​ផ្ដល់​ចំពោះ​ទីតាំង​ឧស្សាហកម្ម ពាណិជ្ជកម្ម និង​សេវា​កម្មណា ដែល​រង​ផលប៉ះពាល់​ដោយសារ​កូ​វីដ​-១៩​ប៉ុណ្ណោះ​។ ក្រៅពីនេះ ក្រសួង ក៏​សម្រេច​បញ្ចុះតម្លៃ​២៥​ភាគរយ ក្នុង​រយៈពេល​៦​ខែ​ដូចគ្នា​ផងដែរ​។ ករណីនេះ បើ​ម្ចាស់​អាជីវក​ម្មណា​ប្រើ​ថាមពល​អគ្គិសនី​លើស​ចំនួន​ដែល​ធ្លាប់ប្រើ​ប្រចាំខែ​កាលពី​អំឡុង​៣​ខែ​ដើមឆ្នាំ (​លើសពី​ខែ មករា កុម្ភៈ ឬ​មីនា​) នឹងត្រូវ​បញ្ចុះតម្លៃ​អគ្គិសនី​២៥​ភាគរយ​។ នេះ​បើតាម​អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល​៕ 
 
 

Tag:
 អគ្គិសនី​
© រក្សាសិទ្ធិដោយ thmeythmey.com