COVID-19
អន្តរជាតិ
រដ្ឋាភិបាល​អាមេរិក បើកផ្លូវ​ឲ្យ​លក់​មី​ស៊ី​ល​បំពាក់​លើ​នាវា​១៨​ដើម​ឲ្យ​តៃវ៉ាន់​តម្លៃ​១៨០​លាន​ដុល្លារ
21, May 2020 , 9:19 pm        
រូបភាព
កងទ័ពជើងទឹកតៃវ៉ាន់ក្នុងពិធីមួយនាពេលកន្លងមក។ រូបភាព AFP
កងទ័ពជើងទឹកតៃវ៉ាន់ក្នុងពិធីមួយនាពេលកន្លងមក។ រូបភាព AFP
រដ្ឋាភិបាល​អាមេរិក បាន​ឯកភាព​លើ​គម្រោង​លក់​មី​ស៊ី​ល​បំពាក់​លើ​នាវា Torpedo ចំនួន​១៨​ដើម​ឲ្យ​កោះ​តៃវ៉ាន់ ក្នុងតម្លៃ​១៨០​លាន​ដុល្លារ​។ ក្រសួងការបរទេស​អា​មេ​រិ​ក​ប្រកាស​បែបនេះ​នៅ​ថ្ងៃទី​២០ ខែឧសភា ចំ​ថ្ងៃ​ដែល​លោកស្រី Tsai Ing-wen ស្បថ​ចូលកាន់​តំណែង​ប្រធានាធិបតី​តៃវ៉ាន់​អាណត្តិ​ទី​ពីរ​។ ទីក្រុង​ប៉េកាំង ក្ដៅស្លឹកត្រចៀក​យ៉ាងខ្លាំង និង​ប្រាប់​ឲ្យ​អា​មេ​រក​បញ្ឈប់​ផែនការ​របស់ខ្លួន​ជាបន្ទាន់​ព្រោះ​នឹង​ប៉ះពាល់​ដល់​ទំនាក់ទំនង​ទ្វេភាគី​។

 
​ឯកសារ​ពាក់ព័ន្ធ​គម្រោង​លក់​មី​ស៊ី​ល​ប្រភេទ MK-48 Mod6 Torpedo ១៨​ដើម​ដែលមាន​ទម្ងន់​ធ្ងន់ និង​គ្រឿង​បរិក្ខារ​អម​ក្នុងតម្លៃ​១៨០​លាន​ដុល្លារ ត្រូវបាន​បញ្ជូន​ទៅកាន់​ស្ថាប័ន​នីតិបញ្ញត្តិ​ហើយ​។ នេះ​ជាការ​ប្រកាស​របស់​ក្រសួងការបរទេស​អាមេរិក​នៅ​ថ្ងៃទី​២០ ខែឧសភា​។ 
 
​ក្នុង​សេចក្ដីប្រកាស​របស់ខ្លួន ក្រសួងការបរទេស​អា​មេ​រិ​ក​ហៅ​ការទិញ​លក់​នេះ​ជាការ​ផ្លាស់ប្ដូរ​នាំមក​ប្រយោជន៍​ទាំងសងខាង​។ សេចក្ដីប្រកាស​បន្ថែមថា សំណើ​លក់​នេះ បម្រើ​ប្រយោជន៍​ជាត សេដ្ឋកិច្ច និង​សន្តិសុខ​របស់​អាមេរិក​តាមរយៈ​ការពង្រឹង​សមត្ថភាព​យោធា​របស់​ប្រទេស​អ្នកទិញ​ដើម្បី​ធ្វើ​ទំនើបកម្ម​កងទ័ព​រប​ស់​ខ្លួន និង​ពង្រឹងសមត្ថភាព​ការពារ​ខ្លួន​ឲ្យ​បានល្អ​។​
 
​ដូច​ប្រទេស​ជាច្រើន​ទៀត​ដែរ អាមេរិក​គ្មាន​ទំនាក់ទំនង​ការទូត​ផ្លូវការ​ជាមួយ​តៃវ៉ាន់​ឡើយ​។ ប៉ុន្តែ​អាមេរិក​មានច្បាប់​មួយ​ដែល​កំណត់​ឲ្យ​រដ្ឋាភិបាល​ជួយ​គាំពារ​កោះ​មួយ​នេះ​។ MK-48 Mod6 ជា​ប្រភេទ​មី​ស៊ី​ល​បំពាក់​លើ​នាវា​ក៏បាន និង​លើ​នាវាមុជទឹក​ក៏បាន ហើយក៏​អាច​បំពាក់​លើ​យន្តហោះ​រួច​ទម្លាក់​ចូល​ទឹក​ដើម្បី​កម្ទេច​គោលដៅ​បានដែរ​។ សម្រាប់​ការលក់​ពេលនេះ អាមេរិក​យក​មី​ស៊ី​ល​ដែលមាន​ក្នុង​ឃ្លាំង​ស្រាប់​លក់​ឲ្យ​តៃវ៉ាន់​
 
​កន្លងទៅ ការលក់​ទិញ​សព្វាវុធ​រវាង​អាមេរិក និង​តៃវ៉ាន់ ធ្វើ​ឲ្យ​ចិន​ខឹងសម្បារ​យ៉ាងខ្លាំង​។ មិន​ខុស​ពីលើ​មុន​ដែរ ទីក្រុង​ប៉េកាំង បានបង្ហាញ​ជំហរ​ជំទាស់​ម្ដងទៀត ដោយ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន Zhao Lijian អះអាងថា ចិន​ប្រឆាំង​ដាច់ខាត​ការលក់​អាវុធ​របស់​អាមេរិក​។ មន្ត្រី​រូបនេះ​បន្ថែមថា ចិន​ស្នើ​ឲ្យ​អាមេរិក​បញ្ឈប់​ការលក់​អាវុធ​ទាំងអស់​ឲ្យ​តៃវ៉ាន់ ផ្ដាច់ទំនាក់ទំនង​យោធា និង​យោធា សំដៅ​បញ្ចៀស​ទំនាក់ទំនង​មិនល្អ​៕
 
 

Tag:
 តៃវ៉ាន់​
  ចិន​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com