ជាតិ
សេដ្ឋកិច្ច
សេដ្ឋកិច្ច​ខេត្ត​ឧ​ត្ត​រ​មានជ័យ ពឹង​ផ្អែកលើ​វិស័យ​កសិកម្ម​, ទេសចរណ៍ និង​រ៉ែ​
21, May 2020 , 9:39 pm        
រូបភាព
ភ្នំពេញ​៖ ឧ​ត្ត​រ​មានជ័យ ជា​ខេត្ត​មួយ​ស្ថិតនៅ​ភាគ​ខាងជើង​ប្រទេស​កម្ពុជា​។ វិស័យសេដ្ឋកិច្ច​នៅ​ខេត្ត​នេះ ពឹង​ផ្អែកលើ​វិស័យ​សំខាន់​ចំនួន ៣ រួមមាន វិស័យ​កសិកម្ម​, វិស័យ​ទេសចរណ៍ និង​វិស័យ​រ៉ែ​។ នេះ​បើតាម​របាយការណ៍​វឌ្ឍនភាព​របស់​រដ្ឋបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ ចេញផ្សាយ​ថ្ងៃទី​១៩ ឧសភា​។


​វិស័យ​កសិកម្ម វិស័យ​ទេសចរណ៍ និង​វិស័យ​រ៉ែ ជា​វិស័យ​ចំបងៗ ដែល​ផ្ដល់ប្រាក់​ចំណូល​ដល់​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ របាយការណ៍​វឌ្ឍនភាព​របស់​រដ្ឋបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ បញ្ជាក់ វិស័យ​កសិកម្ម មាន​ដំណាំ​ដូចជា កៅស៊ូ​, ស្រូវ​, ស្វាយចន្ទី​, ស្វាយកែវ​រមៀត និង​ដំឡូង​មី​។ 
 
​របាយការណ៍​ខាងលើ បន្តថា ការងារ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា​ឆ្នាំ​២០១៩-២០២០ កសិករ​បាន​អនុវត្ត​ការងារ​ភ្ជួរ​រាស់​ដី​សរុប​បាន​ចំនួន ៩៥, ៧៨៥​ហិកតា និង​ការប្រមូល​ផល​អនុវត្តបាន ៦៨, ៨៤៦​ហិកតា​។ ចំណែក បរិមាណ​ស្បៀង​នៅសល់​លើសពី​តម្រូវការ​ក្នុង​ខេត្ត​គិត​ជា​ស្រូវ ប្រមាណ ១៧២,២៦០​តោន ឬ​គិត​ជា​អង្គរ​ប្រមាណ ១១០,២៤៦​តោន អាច​នាំ​ចេញទៅ​លក់​នៅ​ទីផ្សារ​ក្រៅ​ខេត្ត​បាន​។​
 
​ទាក់ទង​នឹង​វិស័យ​ទេសចរណ៍​វិញ ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​ទេសចរណ៍ធម្មជាតិ​ចំនួន ៧​កន្លែង​, ទេសចរណ៍វប្បធម៌​ចំនួន ១៤៤​កន្លែង ក្នុងនោះ​រួមមាន ប្រាសាទ​តា​មាន់ ប្រាសាទ​តា​ក្របី ស្ពាន​បុរាណ ទួល​បុរាណ​ជាដើម និង​តំបន់​ប្រវត្តិសាស្ត្រ​ចំនួន ១៤​កន្លែង​។ សម្រាប់​វិស័យ​រ៉ែ ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​រ៉ែ​មាស​, រ៉ែ​ត្បូង​, សំណ និង​រ៉ែ​ធ្យូងថ្ម​។​
 
​ជាមួយគ្នានេះ ការងារ​អាទិភាព និង​កំពុង​អន្ត​វត្ត រដ្ឋបាលខេត្ត​ឧ​ត្ត​រ​មានជ័យ នឹង​បន្ត​ពង្រឹង​លើ​សេវាសាធារណៈ​បន្ត​រួមមាន សុខភាព អប់រំ សន្តិសុខ​សណ្ដាប់ធ្នាប់ និង​ការកាត់បន្ថយ​ក្រីក្រ​របស់​ប្រជាពលរដ្ឋ តាមរយៈ​ការស្វែងរក​ទីផ្សារ​លក់​ផលិតផល​កសិកម្ម​។ នេះ​បើតាម​របាយការណ៍​ខាងលើ​៕ 
 

Tag:
 កសិកម្ម​
  ទេសចរណ៍​
  រ៉ែ​
  ឧ​ត្ត​រ​មានជ័យ​
© រក្សាសិទ្ធិដោយ thmeythmey.com