COVID-19
អន្តរជាតិ
ប៉ូលិស​ឥណ្ឌូណេស៊ី បង្ក្រាប​អ្នកលក់​លិខិត​សុខភាព​ក្លែងក្លាយ​ដែល​ត្រូវ​ប្រើ​គេច​បម្រាម COVID-19
21, May 2020 , 9:59 pm        
រូបភាព
ប្រភពរូប៖ AFP
ប្រភពរូប៖ AFP
ដោយ:
ប៉ូលិស​ឥណ្ឌូណេស៊ី បើក​យុទ្ធនាការ​ចុះបង្ក្រាប​ក្រុម​អ្នកលក់​លិខិតបញ្ជាក់​សុខភាព​ក្លែងក្លាយ ដែល​រាយការណ៍​ថា ត្រូវបាន​យកទៅ​ប្រើប្រាស់​ក្នុង​គោលដៅ​គេចវេះ​ពី​ការ​រឹតត្បិត​ធ្វើដំណើរ ដែល​រដ្ឋាភិបាល​ដាក់ចេញ​ដើម្បី​ទប់ស្កាត់​ជំងឺ COVID-19 ។​

 
​លិខិតបញ្ជាក់​សុខភាព​ពី​មន្ទីរពេទ្យ ឬ​គ្លីនិក​ដែល​បញ្ជាក់ថា អ្នក​កាន់​លិខិត​នេះ​មាន​លទ្ធផល​តេស្ត​អវិជ្ជមាន​សម្រាប់ COVID-19 ជា​ឯកសារ​ចាំបាច់​សម្រាប់​អ្នក​ដែល​ចង់​ធ្វើដំណើរ​ធុរកិច្ច ឬ​ការងារ អំឡុងពេល​ដាក់​បម្រាម​។ ការណ៍​នេះ​ធ្វើ​បង្ក​ឲ្យ​លិខិតបញ្ជាក់​ក្លែងក្លាយ​ត្រូវ​ដាក់លក់​ចន្លោះ​ពី​៣,៣៧​ដុល្លារ​ទៅ​២០,២៣​ដុល្លារ​ក្នុង​មួយ​សន្លឹក​។ នេះ​តាម​ការចុះផ្សាយ​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia (CNA) នៅ​ថ្ងៃទី​២១ ខែឧសភា ។ 
 
​គិត​មកទល់ពេលនេះ ប៉ូលិស​ឥណ្ឌូណេស៊ី បាន​ចាប់​ឃាត់ខ្លួន​មនុស្ស​៧​នាក់​ហើយ​ក្នុង​កោះ បាលី ។ ជនសង្ស័យ​ទាំង​៧​នាក់​នេះ អាច​ប្រឈម​ជាប់គុក​រហូតដល់​៧​ឆ្នាំ ប្រសិនបើ​រកឃើញ​ទោសកំហុស​។ ពាក់ព័ន្ធ​បញ្ហា​នេះ អ្នកនាំពាក្យ​ប៉ូលិស​ជាតិ​ឥណ្ឌូណេស៊ី លោក Argo Yuwono បានបញ្ជាក់​ប្រាប់​ទូរទស្សន៍​សិង្ហ​បុរី CNA ថា លិខិតបញ្ជាក់​សុខភាព​ក្លែងក្លាយ មាន​ដាក់លក់​តាម​អន​ឡាញ​ដូចជា បណ្ដាញ​សង្គម​ជាដើម​។ 
 
«​អង្គភាព​ប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា កំពុង​តាម​ចាប់​អ្នក​ទាំងអស់នេះ​»​។ លោក Yuwono លើកឡើង​បែបនេះ ដោយ​ព្រមាន​ថា ទាំង​អ្នកលក់​និង​អ្នកទិញ​លិខិតបញ្ជាក់​សុខភាព​ខុសច្បាប់​ទាំងនេះ អាច​ប្រឈមមុខ​តាមផ្លូវ​ច្បាប់ ហើយ​នេះ​គឺជា​បទល្មើស​ធ្ងន់ធ្ងរ​។​
 
​សូមបញ្ជាក់ថា រដ្ឋាភិបាល​ឥណ្ឌូណេស៊ី បាន​ផ្ដើម​ដាក់​បម្រាម​លើ​ប្រតិបត្តិ​ការហោះហើរ​ពាណិជ្ជ​កម្ម រថយន្តក្រុង និង​រថភ្លើង ចាប់តាំងពី​ថ្ងៃទី​២៤ ខែមេសា​មក​។ គោលដៅ គឺ​ដើម្បី​បញ្ឈប់​ពលរដ្ឋ​ពី​ត្រលប់​ទៅកាន់​ស្រុកកំណើត​ពួកគេ​វិញ​ដើម្បី​អបអរ​ពិធី​ប្រពៃណី​មួយ​ឈ្មោះថា «Mudik»​។  
 
​ក៏ប៉ុន្តែ​ក្រោយមក បម្រាម​នេះ ត្រូវបាន​សម្រេច​ដកហូត​វិញ កាលពី​ថ្ងៃទី​៧ ខែឧសភា ដោយ​រដ្ឋាភិបាល​ពន្យល់​ថា មន្ត្រី​រដ្ឋ តំណាង​អង្គការ​អន្តរជាតិ និង​ធុរកិច្ច​ជន នៅ​ត្រូវ​ការរៀបចំ​ដំណើរ​ទស្សនកិច្ច​ធុរកិច្ច​ពួកគេ​។ 
 
​គិត​ត្រឹម​ថ្ងៃទី ២១ ខែឧសភា ប្រទេស​ឥណ្ឌូណេស៊ី​មាន​ករណី​ឆ្លង​សរុប ១៩ ១៨៩​ករណី និង​អ្នក​ស្លាប់មាន​១២៤២​នាក់​។ បើតាម​វេ​ប​សយ worldometers អ្នកជំងឺ​ជាសះស្បើយ​មាន​៤៥៧៥​នាក់​៕ 
 
 
 

Tag:
 ឥណ្ឌូណេស៊ី​
  COVID-19
  លិខិតបញ្ជាក់​សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com