ជាតិ
ក្រសួងការងារ សន្យាទូទាត់ប្រាក់សំណងដល់អតីតបុគ្គលិក The Great Duke នៅសប្ដាហ៍ក្រោយ សកម្មភាពអតីតបុគ្គលិករបស់សណ្ឋាគារ The Great Duke (រូបពីទំព័រហ្វេសប៊ុករបស់ សង់ត្រាល់ - CENTRAL)
× ភ្នំពេញ៖ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សន្យានឹងរកប្រាក់ទូទាត់ឲ្យអតីតបុគ្គលិក The Great Duke នៅសប្ដាហ៍ក្រោយ។ នេះបើតាមលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ។
លោក ហេង សួរ បានចុះជួបអតីតបុគ្គលិកនៅមុខសណ្ឋាគារ The Great Duke នៅថ្ងៃទី២១ ឧសភានេះ បានបញ្ជាក់ថា ក្រសួងនឹងទូទាត់ឱ្យបុគ្គលិកសិន មុននឹងដោះស្រាយជាមួយម្ចាស់សណ្ឋាគារតាមក្រោយ។ «សុំបងប្អូនធ្វើការរំសាយ(តវ៉ា)ទៅ ដោយសារតែក្រសួងនឹងខិតខំរកប្រាក់ធ្វើយ៉ាងម៉េច ដើម្បីដោះស្រាយជូនបងប្អូនយើង ហើយចាំធ្វើការជាមួយម្ចាស់សណ្ឋាគារតាមក្រោយ»។ នេះបើតាមលោក ហេង សួរ ។
ចំពោះប្រភពទឹកប្រាក់ដែលនឹងត្រូវយកមកទូទាត់ លោក ហេង សួរ ក៏មិនទាន់អាចបញ្ជាក់ច្បាស់ដែរ។ ប៉ុន្តែលោកថា អ្វីដែលត្រូវធ្វើ គឺរកប្រភពថវិកាជាមួយម្ចាស់សណ្ឋាគារនិងប្រភពផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឲ្យអតីតបុគ្គលិកទទួលបានប្រាក់។
ការតវ៉ានៅថ្ងៃ២១ ឧសភានេះ គឺជាលើកទី៨ ដែលអតីតបុគ្គលិក The Great Duke បាននាំគ្នាទាមទារសំណងពួកគេ។ ការទាមទារនេះ មាន៣ចំណុច រួមមាន ប្រាក់អតីតភាពការងារមុនឆ្នាំ២០១៩ ប្រាក់ជួសឲ្យការឈប់សម្រាកប្រចាំឆ្នាំ និងប្រាក់សំណងជួសឲ្យការជូនដំណឹង។ នេះបើតាមការបញ្ជាក់របស់លោក ទូច កុសល ប្រធានសហជីពរបស់អតីតបុគ្គលិកសណ្ឋាគារនេះ ដោយបន្ថែមថា អតីតបុគ្គលិកទាំងអស់មាន១៥២ ដែលនឹងទទួលប្រាក់សំណងសរុបប្រមាណ៣២ម៉ឺនដុល្លារ។
មេសហជីពរូបនេះ សង្កត់ធ្ងន់ថា បើក្រសួងមិនធ្វើតាមសន្យាទេ ក្រុមរបស់ខ្លួននឹងធ្វើការតវ៉ាបន្តទៀត ហើយនឹងអាចតវ៉ាដល់មុខផ្ទះសម្ដេច ហ៊ុន សែន ថែមទៀតផង៕
© រក្សាសិទ្ធិដោយ thmeythmey.com