COVID-19
អន្តរជាតិ
សិង្ហ​បុរី អនុញ្ញាត​ឲ្យ​អ្នកដំណើ​ប្ដូរ​ជើងហោះហើរ​តាម​ប្រទេស​ខ្លួន​ចាប់ពី​ដើមខែ​មិថុនា​
21, May 2020 , 5:00 pm        
រូបភាព
ព្រលានយន្តហោះ Changi សិង្ហបុរី (AFP)
ព្រលានយន្តហោះ Changi សិង្ហបុរី (AFP)
ដោយ:
សិង្ហ​បុរី នឹង​អនុញ្ញាត​ឲ្យ​អ្នកដំណើរ​ផ្លាស់ប្ដូរ​ជើងហោះហើរ​នៅ​ព្រលានយន្តហោះ Changi ចាប់ពី​ថ្ងៃទី​២ ខែមិថុនា តទៅ ខណៈ​រដ្ឋាភិបាល​ត្រៀមលក្ខណៈ​បន្ធូរបន្ថយ​ការ​រឹតត្បិត COVID-19 ខ្លះ និង​បើក​ព្រំដែន​ជា​បណ្ដើរៗ​ឡើងវិញ​។​

 
​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​របស់​សិង្ហ​បុរី (CAAS) នៅ​ថ្ងៃទី​២០ ខែឧសភា បាន​បញ្ជាក់ថា ចំណាត់ការ​រឹងត្អឹង នឹងត្រូវ​ដាក់​ឲ្យ​អនុវត្ត​ដើម្បី​ធានាថា អ្នកដំណើរ​ពុំ​ដើរហើរ​ទៅណា​ឆ្ងាយ​ពី​ទីតាំង​កំណត់​របស់​ពួកគេ នៅ​ព្រលានយន្តហោះ​អំឡុង​រង់ចាំ​ប្តូរ​ជើងហោះហើរ​។ អាជ្ញាធរ​ក៏​ធានា​ឲ្យ​បានដែរ​ថា អ្នកដំណើរ​ទាំងនេះ មិន​លាយឡំ​ជាមួយ​អ្នកដំណើរ​ផ្សេងទៀត​នៅ​ព្រលានយន្តហោះ​ផងដែរ​។​
 
​តាម​ការចុះផ្សាយ​របស់​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia បុគ្គលិក​ព្រលានយន្តហោះ ក៏​នឹង​តម្រូវ​ឲ្យ​ពាក់​សម្ភារ​ការពារ​ផ្ទាល់ខ្លួន នៅពេល​ប្រា​ស័​យ​ទាក់ទង​ជាមួយ​អ្នកដំណើរ​។ ម្យ៉ាងទៀត អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​របស់​សិង្ហ​បុរី (CAAS) អះអាងថា វិធានការ​បង្ការ​ទុក​ដែលមាន​ស្រាប់​ដូចជា រក្សា​គម្លាត​សុវត្ថិភាព និង​ការត្រួតពិនិត្យ​ក​ម្ពៅ​អ្នកដំណើរ​និង​បុគ្គលិក នឹង​នៅតែ​បន្ត​អនុវត្ត​ដដែល​។ បច្ចុប្បន្ន អ្នកដំណើរ​បរទេស ត្រូវ​អនុញ្ញាត​ឲ្យ​ផ្លាស់ប្តូរ​ជើងហោះហើរ​តាមរយៈ​សិង្ហ​បុរី ប្រសិនបើ​ពួកគេ​ជិះ​លើ​យន្តហោះ​ដែល​រៀបចំឡើង​រដ្ឋាភិបាល​ពួកគេ​ប៉ុណ្ណោះ​។​
 
​ដោយឡែក ក្រសួងសុខាភិបាល​សិង្ហ​បុរី នៅ​ថ្ងៃទី ១៩ ខែឧសភា បាន​លើកឡើងថា សិង្ហ​បុរី នឹង​បើក​ព្រំដែន​ឡើងវិញ​ជា​បណ្ដើរៗ ដោយ​បន្ត​អនុវត្ត​វិធានការ​ការពារ​។ គោលដៅ គឺ​ដើម្បី​អនុញ្ញាត​ឲ្យ​ប្រជាជន​សិង្ហ​បុរី​ធ្វើ​សកម្មភាព​ចាំបាច់​នៅ​បរទេស និង​សម្រាប់​ជនបរទេស​ចូលទៅ​កាន់​ប្រទេស​សិង្ហ​បុរី និង​ផ្លាស់ប្តូរ​ជើងហោះហើរ​តាមរយៈ​ប្រទេស​ខ្លួន​។​
 
​ទាក់ទិន​រឿងនេះ អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​របស់​សិង្ហ​បុរី (CAAS) អះអាងថា ក្រុមហ៊ុន​អាកាសចរណ៍ គួរ​ដាក់សំណើ​ពួកគេ​សម្រាប់​ផ្ទេរ​អ្នកដំណើរ​តាមរយៈ​ព្រលានយន្តហោះ Changi របស់​សិង្ហ​បុរី​។ ត្រង់ចំណុច​នេះ អាជ្ញាធរ​បន្ថែមថា សំណើ​ពួកគេ​នឹងត្រូវ​វាយតម្លៃ ដោយ​មើល​ទៅលើ​សុវត្ថិភាព​អាកាសចរណ៍ សុខភាព​សាធារណៈ ក៏ដូចជា​សុខភាព​របស់​អ្នកដំណើរ និង​បុគ្គលិក​អាកាសចរ​។ 
 
​គិត​ត្រឹម​ថ្ងៃទី​២១ ខែឧសភា ប្រទេស សិង្ហ​បុរី មាន​ករណី​ឆ្លង COVID-19 សរុប ២៩ ៨១២​ករណី ក្នុងនោះ​ករណី​ថ្មី​មាន ៤៤៨​នាក់​។ អ្នក​ស្លាប់មាន ២២ នាក់ ហើយ​អ្នកជា​សះស្បើយ​មាន ១១ ២០៧​នាក់​។ នេះ​បើតាម​វេ​ប​សាយ worldometers ៕ 
 
 
 

Tag:
 សិង្ហ​បុរី​
  ព្រលានយន្តហោះ Changi
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com