សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈសារបែកធ្លាយជាសំឡេង បានជំរុញឲ្យរដ្ឋមន្ត្រី៣រូប ពិចារណាពាក់ព័ន្ធការបើកឲ្យមានការប្រកួតកីឡាឡើងវិញ។ សម្តេចយល់ថា ការប្រកួតកីឡាដោយបិទទ្វារ ពុំមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺកូវីដ-១៩នោះទេ ក្នុងកាលៈទេសៈកម្ពុជាបច្ចុប្បន្ន។ រដ្ឋមន្ត្រីទាំង៣រូប នឹងជួបជុំគ្នា ដើម្បីពិភាក្សាគ្នាពាក់ព័ន្ធបញ្ហានេះនៅល្ងាចថ្ងៃទី២១ ឧសភា ឆ្នាំ២០២០។
នៅក្នុងសារជាសំឡេង ដែលបានបែកធ្លាយនៅថ្ងៃទី២១ ឧសភា ឆ្នាំ២០២០ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា វាល្មមដល់ពេល ដែលកម្ពុជាត្រូវបើកឲ្យមានការប្រកួតកីឡាឡើងវិញហើយ បន្ទាប់ពីបានផ្អាកសកម្មភាពជាបណ្តោះអាសន្នអស់រយៈពេលជិត៣ខែកន្លងមកនេះ។ សម្តេច ជំរុញឲ្យលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល, លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ពិភាក្សាគ្នាពាក់ព័ន្ធបញ្ហានេះ។
« កន្លងទៅវិស័យកីឡាយើងអនុញ្ញាតឲ្យបណ្តាស្ថានីយទូរទស្សន៍ប្រកួត ដោយបិទទ្វារ ហើយកីឡាដទៃទៀត គឺស្ងប់ស្ងាត់។ ខ្ញុំពិនិត្យឃើញថា យើងគួរចាប់ផ្តើមឲ្យមានសកម្មភាពកីឡាគ្រប់ទម្រង់។ ប៉ុន្តែបើសិនមានការប្រកួត គឺក៏ប្រកួតបិទទ្វារដែរ អ៊ីចឹងទេខ្ញុំគិតថា ហានិភ័យនៅកន្លែងនឹងមិនច្រើនទេ»។ នេះជាការលើកឡើងរបស់សម្តេច ហ៊ុន សែន។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអះអាងថា សំឡេងដែលបានបែកធ្លាយនោះពិតជាសំឡេងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិតប្រាកដមែន ខណៈលោកក៏បានទទួលសំឡេងនេះដែរ។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោកបានបន្ថែមថា លោករដ្ឋមន្ត្រីទាំង៣រូបរួមមានលោក ម៉ម ប៊ុនហេង, លោក ថោង ខុន និងលោក ហង់ ជួន ណារ៉ុន នឹងជួបពិភាក្សាគ្នាពាក់ព័ន្ធបញ្ហាខាងលើនៅល្ងាចថ្ងៃទី២១ ឧសភា ឆ្នាំ២០២០។
ការជំរុញរបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលនេះ ទំនងធ្វើឡើងក្រោមហេតុផលស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩នៅកម្ពុជា មានភាពធូរស្បើយ បន្ទាប់ពីអ្នកជំងឺទាំង១២២នាក់បានព្យាបាលជាសះស្បើយ១០០ភាគរយ។ ម្យ៉ាងទៀត សម្តេចយល់ឃើញថា ការប្រកួតកីឡាដោយមិនអនុញ្ញាតឲ្យមានអ្នកគាំទ្រចូលរួមទស្សនាផ្ទាល់ ពុំមានហានិភ័យខ្ពស់សម្រាប់ការឆ្លងជំងឺកូវីដ-១៩នោះទេ។
សម្តេចបានប្រៀបធៀបថា វិស័យកីឡាមានហានិភ័យឆ្លងជំងឺកូវីដ-១៩ ទាបជាងវិស័យទេសចរណ៍។ តែយ៉ាងណា សម្តេច ជំរុញឲ្យស្ថាប័ន ដែលទទួលបន្ទុករៀបចំព្រឹត្តិការណ៍កីឡានីមួយៗ បន្តចាត់វិធានការការពារឲ្យបានម៉ឺងម៉ាត់ ក្នុងការបង្ហារនិងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។
សម្តេចបានលើកឡើងដូច្នេះថា៖«យើងត្រូវកំណត់ទាក់ទិននឹងការប្រកួត ដូចជាប្រកួតបាល់ទាត់យើងមិនត្រូវឲ្យមានអ្នកចូលមើលនោះទេ គឺខ្ញុំគិតថា ក្នុងមួយកន្លែងមិនច្រើនទេ បើបាល់ទាត់យើងថាយ៉ាងច្រើន៥០ទៅ៦០នាក់ទៅចុះ ហើយទីធ្លាក៏ធំ ដូច្នេះហានិភ័យមិនជាខ្ពស់ទេ។ ម្យ៉ាងទៀតយើងប្រគល់ឲ្យសហព័ន្ធ និងក្លិបទទួលខុសត្រូវ ហើយកន្លែងប្រកួតយើងត្រូវមានវិធានការម៉ឺងម៉ាត់ទៅបញ្ហាការត្រួតពិនិត្យកម្តៅ និងវិធានការផ្សេងៗទៀត មុនអនុញ្ញាតឲ្យចូលទីលានប្រកួត»។
ការជំរុញឲ្យមានការពិចារណានេះ ធ្វើឡើងក្រោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បារម្ភពីការធ្លាក់ចុះគុណភាពកីឡានៅកម្ពុជា ដ្បិតនៅសល់តែ៣ឆ្នាំទៀតប៉ុណ្ណោះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២។ សម្តេចបានបន្ថែមថា៖«ធនធានកីឡារបស់យើង បើយើងពន្យាចោលយូរពេក គឺការហ្វឹកហាត់ក៏មិនបានធ្វើ ការប្រកួតក៏មិនបានធ្វើ គឺធ្វើឲ្យវិស័យកីឡាយើងក៏ចុះខ្សោយដែរ។ ដូច្នេះត្រូវពិចារណាលើរឿងនឹង ហើយត្រូវផ្តល់មតិមកឲ្យខ្ញុំវិញ បើឯកភាពគ្នាហើយយើងប្រកាសឲ្យបើកការប្រកួតតែម្តងទៅ។ ខ្ញុំគិតថា វាល្មមដល់ពេលហើយ»។
ទោះបីសម្តេច ហ៊ុន សែន ជំរុញឲ្យពិចារណាក្នុងការបើកឲ្យមានការប្រកួតកីឡាឡើងវិញក៏ពិតមែន តែរាល់អាជីវកម្មក្លិបហាត់ប្រាណ ខារ៉ាអូខេ ម៉ាស្សាស្ប៉ា និងកន្លែងកម្សាន្តនានា សម្តេច ពុំទាន់អនុញ្ញាតឲ្យបើកដំណើរការឡើងវិញឡើយ៕