ក្រៅពីសង់វិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ នៅភាគខាងជើងរាជធានីភ្នំពេញ រដ្ឋាភិបាល នឹងសង់ស្តូបអនុស្សារីយ៍នយោបាយឈ្នះឈ្នះបន្ថែមទៀត នៅតាមបណ្តាខេត្តមួយចំនួន រួមមាន កោះកុង ឧត្តរមានជ័យ ប៉ៃលិន និង កំពង់ស្ពឺ។ គេហទំព័រក្រសួងការពារជាតិ ផ្សាយថា រដ្ឋាភិបាល នឹងចាប់ផ្តើមសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ នៅខេត្តកោះកុងមុនគេ តែមិនបានបង្ហាញពីវេលាជាក់លាក់ឡើយ។
នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយកនៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ និងកន្លងមកធ្វើជាប្រធានក្រុមការងារសាងសង់វិមានអនុស្សាវរីយ៍វិមានឈ្នះឈ្នះ បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ថា ការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ នៅខេត្តកោះកុង នឹងចាប់ផ្តើមក្នុងពេលខាងមុខឆាប់ៗនេះ។
បើតាមគេហទំព័រក្រសួងការពារជាតិ ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ នៅខេត្តកោះកុង នឹងត្រូវសាងសង់ឡើង ដោយយកទម្រង់តាមសំណង់នៃវិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ នៅរាជធានីភ្នំពេញ ហើយស្តូបនេះ មានកម្ពស់៤៣ម៉ែត្រ ស្ថិតនៅលើភ្នំ ក្នុងភូមិបឹងឃុនឆាំង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ចំណែកស្តូបអនុស្សាយ៍នយោបាយឈ្នះឈ្នះបីកន្លែងទៀត នឹងត្រូវកសាងឡើង នៅតំបន់អន្លុងវែង ខេត្តឧត្តរមានជ័យ នៅតំបន់ប៉ៃលិន (ប្រហែលក្នុងក្រុងប៉ៃលិន) និង នៅតំបន់ឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ស្តូបទាំងបីកន្លែងនេះ នឹងត្រូវចាប់ផ្តើមសាងសង់ជាបន្តបន្ទាប់គ្នា នៅក្រោយពីរដ្ឋាភិបាល សាងសង់នៅខេត្តកោះកុងរួច។
ស្តូបអនុស្សាវរីយ៍នយោយបាយឈ្នះឈ្នះតាមបណ្តាខេត្ត ហៅត្រឹមជាស្តូប គឺមិនហៅជាវិមាន ដូចវិមានអនុស្សារីយ៍នយោបាយឈ្នះឈ្នះនៅភ្នំពេញឡើយ។ នេះជាការបញ្ជាក់របស់លោក ណឹម សុវត្ថិ ដោយលោក បន្ថែមថា ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះទាំងនោះ មានទំហំតូចជាង (និងមានកម្ពស់ទាបជាង) វិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ។
លោក ពន្យល់ពីមូលហេតុនិងអត្ថន័យថា ការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះនៅតាមបណ្តាខេត្ត គឺដើម្បីរម្លឹកអនុវស្សាវរីយ៍នៃនយោបាយឈ្នះឈ្នះ ទៅលើមូលដ្ឋានទ័ពខ្មែរក្រហម ដែលឈរជើងនៅក្នុងតំបន់ទាំងនោះ។ លោក មានប្រសាសន៍ថា ការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ ក៏ទុកជាការបង្កើតប្រវត្តិសាស្ត្រសម្រាប់ខ្មែរទាំងអស់គ្នាដែរ។
លោក អះអាងថា រដ្ឋាភិបាល មិនមែនចង់សាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ តែនៅក្នុងខេត្តទាំងបួនខាងលើនេះនេះ គឺអាចនឹងបន្តសាងសង់តាមតំបន់ឬខេត្តដទៃផ្សេងទៀត ដែលទាក់ទងនឹងប្រវត្តិនៃការយកឈ្នះទៅលើទ័ពខ្មែរក្រហម។ លោក និយាយដូច្នេះថា៖«អាចមានច្រើនកន្លែងទៀត»។
យ៉ាងណា លោក មិនទាន់អាចផ្តល់ព័ត៌មានបានឡើយថា ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះនីមួយៗ នឹងត្រូវចំណាយថវិកាប៉ុន្មាន។ លោក បំភ្លឺ ទាំងការសាងសង់វិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះនៅភ្នំពេញ និងគម្រោងសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះនៅតាមខេត្ត គឺមិនមែនចំណាយថវិកាជាតិឡើយ តែជាថវិកា ដែលបានមកពីការចូលរួមពីភាគីនានា។
កាលពីថ្ងៃទី១៨ ខែឧសភា រដ្ឋបាលខេត្តកោះកុង បានប្រារព្ធពិធីប្រកាសសមាសភាពអនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ ក្រោមអធិបតីភាពរបស់សម្តេច ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសាង់វិមានឈ្នះឈ្នះ។
រដ្ឋមន្ត្រីការពារជាតិ ថ្លែងក្នុងពិធីនោះថា តំបន់អន្លុងវែង ខេត្តឧត្តមានជ័យ ជាតំបន់ ដែលបានបញ្ចប់សង្គ្រាមចុងក្រោយគេ ក្រោមគោលនយោបាយឈ្នះឈ្នះ, តំបន់ប៉ៃលិន ជាតំបន់ ដែលមានការចូលរួមពីប្រតិបត្តិការជាច្រើន ក្នុងការអនុវត្តនយោបាយឈ្នះឈ្នះ, និងតំបន់ឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជាតំបន់ចាប់ផ្តើមអនុវត្តិនយោបាយឈ្នះឈ្នះ ហើយតំបន់នេះ ជាតំបន់ដែលកងពលលេខ១៨ របស់លោកកែវ ពង់ ឈរជើងនាពេលនោះ។
គេហទំព័រក្រសួងការពារជាតិ បានស្រង់សម្តីរបស់សម្តេចរដ្ឋមន្ត្រី ទៅសរសេរថា ការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ នៅខេត្តកោះកុងមុនគេនាពេលនេះ គឺដើម្បីដកពិសោធ សម្រាប់ការសាងសង់ស្តូបស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ នៅខេត្តផ្សេងទៀត។
សូមបញ្ជាក់ថា វិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ នៅភ្នំពេញ មានកម្ពស់៥៤ម៉ែត្រ និងត្រូវបានសាងសង់ឡើងលើផ្ទៃដី៨ហិកតានៅសង្កាត់បាក់ខែង ខណ្ឌ័ជ្រោយចង្វា ដែលស្ថិតនៅទល់មុខពហុកីឡាដ្ឋានជាតិមរតកតេជោ។ វិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ ចំណាយទឹកប្រាក់អស់១២លានដុល្លារ និងចំណាយពេលជិតបីឆ្នាំក្នុងការសាងសង់ គឺចាប់ផ្តើមតាំងពីដើមឆ្នាំ២០១៦ ហើយរួចរាល់និងសម្ពោធនៅខែធ្នូ ឆ្នាំ២០១៨។
អត្ថន័យសំខាន់មួយនៃការកសាងវិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ គឺដើម្បីរម្លឹកពីការយកឈ្នះឬការផ្តួលរំលំខ្មែរក្រហម និងការធ្វើឲ្យកម្ពុជា មានសន្តិភាពពេញបូរិបូរ៕